ភ្នំពេញៈ ក្រុមការងារ​ក្រសួង​យុត្ដិធម៌ និង​ការិយាល័យ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​ (OHCHR) ​បាន​ឯកភាព​គ្នា​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ដើម្បី​ធ្វើ​កំណែទម្រង់​វិស័យ​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា សម្រាប់​អនុវត្ដ​កម្មវិធី​កំណែទម្រង់​ក្នុង​ឆ្នាំ​នេះ និង​ពិភាក្សាគ្នា​លើ​កិច្ចសហប្រតិបត្តិការ​គ្នា​នៅក្នុង​បរិបទ​កូវីដ​ ១៩​ នេះ​។

លោក​ ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ជួបប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ (Skype) ​ជាមួយ​លោក Pradeep Wagle ប្រធានការិយាល័យ​ឧត្តមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែមីនា ដោយបាន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ ២ គឺ​ ១ ​ពិនិត្យ និង​កែសម្រួល​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កំណែទម្រង់​ច្បាប់ និង​យុត្តិធម៌ ដើម្បី​ឱ្យ​ស្របតាម និង​អាច​អនុវត្តបាន​ក្នុង​បរិបទ​កូវីដ​១៩​។

ចំណែក​ទី​២ គឺ​ពិភាក្សា​ត្រៀម​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធយុត្តិធម៌​ (TWG) ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវិល​ដែល​គ្រោង​ធ្វើ​នៅក្នុង​ខែមេសា​ខាង​មុខ​នេះ តាម​ប្រព័ន្ធ​អនឡាញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ពិនិត្យ​ឡើងវិញ​ទៅលើ​សកម្មភាព​ដែល​យើង​ធ្វើ​ជាមួយ​​គ្នា​ដោយ​កែសម្រួល​កិច្ចសហប្រតិបត្ដិការ​ខ្លះ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​យើង​អាច​អនុវត្ដ​បាន​ស្រប​ទៅ​តាម​បរិបទ​នៃ​កូវីដ​ ១៩»​។

លោក ជិន ម៉ាលីន បាន​បន្ត​​ថា​៖ «​យើង​បាន​ឯកភាព​គ្នា​នឹង​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​ដែលមាន​ខ្ញុំ និង​លោក Pradeep Wagle ជា​សហប្រធាន​ដឹកនាំ និង​មាន​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍ និង​សង្គម​ស៊ីវីល​ទាំងមូល​ ដើម្បី​ពិភាក្សា​គ្នា​ពី​ការចូលរួម​របស់​ដៃគូ​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការអនុវត្ដ​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​ឆ្នាំ​ ២០២១​។ យើង​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​នេះ​នៅ​ពាក់កណ្ដាល​ខែមេសា​ខាងមុខ​»​។

លោក Pradeep Wagle ថ្លែងប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​​ម្សិលមិញ​ថា ជំនួប​រវាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា និង​ក្រសួង​យុត្ដិធម៌​នេះ​គឺ​ក្នុងឋានៈ​ជា​សហប្រធាន​នៃ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ ធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា​។ ក្រុម​ការងារ​នេះ​មាន​សមាសភាព​រដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជួបគ្នា​ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ​ក៏​គ្របដណ្តប់​លើ​ផ្នែក​ផ្សេងៗ​ដែល OHCHR និង​ក្រសួងយុត្តិធម៌​អាច​ធ្វើការ​ជាមួយ​គ្នា​ជាពិសេស​ការបណ្តុះបណ្តាល​លើ​ផ្នែក​សិទ្ធិមនុស្ស​ក្នុង​តុលាការ និង​ពង្រឹង​ការគ្រប់គ្រង​ទិន្នន័យ​តាម​ករណី​បទឧក្រិដ្ឋ​ដែលមាន​ស្រាប់​នៅតាម​តុលាការ​ដែល OHCHR បាន​សហការគាំទ្រ​តាំងពី​ឆ្នាំ​ ២០១៥ ​រហូតមក​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការធ្វើ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា​ជា​ទិសដៅ និង​ជា​​យន្តការ​របស់​រាជរដ្ឋាភិបាល​បាន​សន្យា​ជា​យូរ​មកហើយ​។

ក៏ប៉ុន្ដែ​ការធ្វើ​កំណែទម្រង់​នោះ​ហាក់បី​ដូចជា​នៅមាន​ភាពយឺតយ៉ាវ​នៅឡើយ ដែល​មិនទាន់​បាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​ដូច្នេះហើយ​ទើប​មាន​ការរិះគន់​ច្រើន​ទាក់ទង​ទៅនឹង​បញ្ហា​ប្រព័ន្ធ​យុត្ដិធម៌​នៅ​កម្ពុជា​។ ​យើង​ឃើញ​ហើយ​ថា OHCHR ជាពិសេស​អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់ OHCHR ប្រចាំ​កម្ពុជា​បានផ្ដល់​អនុសាសន៍​ជា​បន្តបន្ទាប់ ទាក់ទង​នឹង​ការកំណែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​នេះ​ដើម្បី​ជា​ជំនឿ​ចិត្ដ​ដល់​ពលរដ្ឋ​»​។

យ៉ាងណាក្ដី​លោក សំអាត បាន​គាំទ្រ​ចំពោះ​ជំនួប​ពិភាក្សា​រវាង​ក្រុមការងារ​ក្រសួង​យុត្ដិធម៌ និង​ OHCHR ប្រចាំ​កម្ពុជា​លើ​ការកំណែទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​ប្រព័ន្ធ​យុត្ដិធម៌​ប្រចាំ​កម្ពុជា​រវាង​ភាគី​ទាំង​ ២​។

លោក​ថ្លែងថា ថ្វីបើ​ដំណើរការ​នេះ​មាន​ភាពយឺតយ៉ាវ ប៉ុន្ដែ​ក្រោយពេល​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌​ថ្មី​បាន​ឡើងកាន់​តំណែង​កាលពី​ឆ្នាំមុន ការ​កំណែទម្រង់​ថ្មីៗ​មួយចំនួន​បានកើត​ឡើង​ដូចជា យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​តាម​សាលាដំបូង​រាជធានី-ខេត្ដ និង​ការកសាង​គោលនយោបាយ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​បន្ទាប់ពី​រដ្ឋមន្ដ្រី​ថ្មី​ឡើង​កាន់តំណែង​យើង​សង្កេតឃើញ​មន្ដ្រី​យុត្ដិធម៌​មាន​ការពន្លឿន​នីតិវិធី​នៅ​​តាម​សាលាដំបូង និង​មាន​ការបង្កើត​គណៈកម្មការ​ជាច្រើន​​ក្នុង​ការកំណែទម្រង់​។ ​ដូច្នេះ​យើង​ឃើញថា សកម្មភាព​ទាំងនេះ​ទើប​តែ​ជា​ការចាប់ផ្ដើម​គឺ​នៅ​មិនទាន់​មាន​ជា​រូបរាង​ច្បាស់លាស់​ទេ​»៕