
ទីជម្រករបស់ពលរដ្ឋដែលត្រូវចោទថាសង់លើដីជម្លោះត្រូវបានរុះរើ កាលពីខែមុន។ ផា លីណា
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសនិរាករណ៍លិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ លើសំណើទាំង ១៩ ករណីនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់របស់អភិបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ក្រោយមានជម្លោះមិនដាច់ស្រេច បើទោះជាតុលាការកំពូលចេញសេចក្តីសម្រេច បន្ទាប់ពីមានការប៉ះទង្គិចដោយហិង្សារវាងពលរដ្ឋ និងអាជ្ញាធរចម្រុះកាលពីខែមករាក្តី។
កាលពីខែកក្កដា ឆ្នាំ ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដាក់លិខិតមួយច្បាប់ស្នើទៅកាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាត់ឆ្វៀលដីចំនួនជាង ២៦ ហិកតា ចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ដើម្បីបន្តនីតិវិធីចេញបណ្ណកម្មសិទ្ធិថ្មីជូនពលរដ្ឋ បន្ទាប់ពីបានវាស់វែងដីប្រជាពលរដ្ឋចំនួន ៤៨ គ្រួសារ ដែលរស់នៅលើដីនេះ តាំងពីឆ្នាំ ១៩៩២ ដោយរកឃើញថា ផ្ទៃដីសរុបមានទំហំ ៣២ ហិកតា ក្នុងនោះមានផ្ទៃដី ២៦ ហិកតា ជាដីស្ថិតក្នុងគម្របព្រៃឈើឆ្នាំ ២០០២។
លិខិតនិរាករណ៍ដែលចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី ៣១ មករា និងត្រូវបានផ្សព្វផ្សាយថ្មីនេះ ឲ្យដឹងថា កន្លងមក ក្រសួងបានឯកភាពតាមសំណើរបស់អភិបាលខេត្តព្រះសីហនុ លើការកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ចំនួន ១៩ ករណី ប៉ុន្តែដោយមានមតិណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យក្រសួងធ្វើការនិរាករណ៍លើការកាត់ឆ្វៀលនេះ ដើម្បីបញ្ចៀសបាននូវបញ្ហាភាពមិនប្រក្រតីនានា។
លិខិតបន្តថា៖ «ចំពោះមុខ ដើម្បីបញ្ចៀសបាននូវបញ្ហាភាពមិនប្រក្រតីនានា ដែលអាចកើតមានផ្ទុយនឹងបទដ្ឋានគតិយុត្ត ក្រសួងសម្រេចនិរាករណ៍លើលិខិតកាត់ឆ្វៀលផ្ទៃដីចេញពីគម្របព្រៃឈើឆ្នាំ ២០០២ ទាំង ១៩ ករណី ដែលក្រសួងបានចេញរួច»។
លោក ចាន់ ហេង អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំមិនធ្វើការអត្ថាធិប្បាយបន្ថែមលើលិខិតនេះ ដោយបានបង្វែរសំណួរទៅខាងរដ្ឋបាលព្រៃឈើវិញ។
លោកបញ្ជាក់ថា៖ «ការងារហ្នឹង ពាក់ព័ន្ធនឹងរដ្ឋបាលព្រៃឈើ លោកអ្នករៀបចំ ចង់ដឹងច្បាស់ទាល់តែសួរគាត់ ខ្ញុំអត់ច្បាស់ដែរ»។
លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេម្សិលមិញ ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កាលពីថ្ងៃទី ២៤ មករា មានករណីប៉ះទង្គិចមួយបានកើតឡើងរវាងប្រជាពលរដ្ឋដែលអះអាងថា ជាពលរដ្ឋរងគ្រោះលើដីប្រមាណ ៧១ ហិកតា ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាមួយកម្លាំងចម្រុះចុះអនុវត្តសាលដីកាតុលាការកំពូល ដែលឈ្នះក្តីចំនួន ៩ គ្រួសារ បណ្តាលឲ្យមានហិង្សាឈានដល់ពលរដ្ឋតបតដោយការគប់ដបសាំង ដុតកង់ឡាន ហើយសមត្ថកិច្ចចម្រុះ ក៏ប្រើប្រាស់គ្រាប់កាំភ្លើងពិតជាង ២០ គ្រាប់ ធ្វើឲ្យយុវជនម្នាក់ជាកម្មករសំណង់រងរបួសធ្ងន់ និងស្រាលម្នាក់ ចាប់ខ្លួនចំនួន ៦ នាក់តែដោះលែងវិញ។
ក្រោយការប៉ះទង្គិចនេះ ប្រធានក្រុមការងារសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបង្ហាញរបាយការណ៍សង្ខេបនៃការសិក្សារបស់ខ្លួន និងបានផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រីថា ករណីនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលឈានដល់ហិង្សា គឺមានភាពមិនប្រក្រតីជាច្រើន ព្រោះតែការអនុវត្តសាលដីកាមានលក្ខណៈតក់ក្រហល់ ហើយអាជ្ញាធរបែរជាមិនទប់ស្កាត់ចំពោះការរំលោភយកដីរបស់រដ្ឋ តែបែរជាចូលរួមអនុវត្តសាលដីកាខុស។
របាយការណ៍សង្កត់ធ្ងន់ថា៖ «រដ្ឋបាលខេត្តឈរលើភាពមិនប្រក្រតីក្នុងការប្រើប្រាស់លិខិតបង្គាប់ការចុះអនុវត្តសាលក្រមតុលាការកំពូលដែលមានលក្ខណៈដណ្តើមសិទ្ធិកាន់កាប់ស្របពេលដែលមានការលេចឮថាដីនោះត្រូវបានទិញថ្មីៗដោយភរិយាលោក យន្ត មីន»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ការសម្រេចនិរាករណ៍លើសំណើរបស់ខ្លួនកាត់ឆ្វៀលដីនេះ គឺជាសិទ្ធិរបស់ក្រសួងកសិកម្ម តែលោកមិនបានបកស្រាយអ្វីច្រើនទេ ដោយគ្រាន់តែបញ្ជាក់ថា គេនឹងរៀបចំឡើងវិញ ចំពោះដីក្នុងតំបន់នេះ។
ចំពោះការចោទប្រកាន់ថា ភរិយារបស់លោកទើបតែទិញដី និងមានដីក្នុងតំបន់មានទំនាស់ខាងលើលោក យន្ត មីន បានបដិសេធថាជារឿងមិនពិត ដែលមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោក។
លោកថា៖ «ខ្ញុំបានប្រកាសម្តងហើយ ថាមិនពាក់ព័ន្ធនឹងដីហ្នឹងទេ វាអត់មានការពិតទេ ម៉ាតិចក៏អត់ផង»។
សាលដីការបស់តុលាការកំពូល បានសម្រេចឲ្យ ៩ គ្រួសារ ឈ្នះក្តីលើដីទំហំ ៧១ ហិកតា ស្ថិតនៅភូមិគគីរ ស្រុកព្រៃនប់ ដែលប្រមាណជិត ៤៥ ហិកតា ត្រូវបានអនុវត្តដោយជោគជ័យ ចំណែក ២៦ ហិកតាទៀត គឺជាដីស្ថិតក្នុងភាពចម្រូងចម្រាស បណ្តាលឲ្យមានការប៉ះទង្គិចកាលពីខែមករា។ នេះបើតាមលោក ថាន ថាវិរៈ មេធាវីតំណាងឲ្យ ៩ គ្រួសារដែលឈ្នះក្តី។
មេធាវីរូបនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការសម្រេចនិរាករណ៍លើដីរបស់កូនក្តីខ្លួនដែលសម្រេចដោយតុលាការកំពូល គឺជារឿងអយុត្តិធម៌ ព្រោះកូនក្តីខ្លួនបានរស់នៅលើដីនេះ តាំងពីឆ្នាំ ១៩៩២ មុនរដ្ឋាភិបាលដាក់តំបន់នេះជាគម្របព្រៃឈើទៅទៀត។
លោកបន្តថា នៅពេលមានសេចក្តីសម្រេចពីតុលាការ ហើយមានការនិរាករណ៍នេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកូនក្តីខ្លួនយ៉ាងខ្លាំង តែយ៉ាងណា ក្នុងនាមជាមេធាវី គឺមានសិទ្ធិតែការពារផលប្រយោជន៍ចំពោះកូនក្តីប៉ុណ្ណោះ ហើយការសម្រេចយ៉ាងណានោះ លោកមិនមានអ្វីត្រូវតតាំងនោះទេ។
ជាមួយគ្នានេះដែរ លោក ថាន ថាវិរៈ បានបដិសេធថា កូនក្តីខ្លួនមិនមានទំនាក់ទំនងអ្វីជាមួយអាជ្ញាធរខេត្ត ឬភរិយាលោក យន្ត មីន ដូចការចោទប្រកាន់នោះដែរ។
លោកបន្តថា៖ «ព្រោះដីហ្នឹង នៅតែរបស់កូនក្តីខ្ញុំ មិនទាន់មានការលក់ដូរ ធ្វើអំណោយទៅអ្នកណាផង។ ជាសរុបមក កូនក្តីខ្ញុំអត់មានគិតអីទេ គាត់សុំតែដីគាត់មកវិញ សុំតែយុត្តិធម៌របស់គាត់ក្នុងសាលដីកាហ្នឹង ដែលម្នាក់ៗមាន ៤ ទៅ ៥ ហិកតារបស់គាត់»៕