The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​​ កោះកុង

ក្រសួង បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​​ កោះកុង

Content image - Phnom Penh Post
ការដ្ឋាន​លាង​ខ្សាច់​មួយ​ស្ថិត​នៅ​ក្នុង​ភូមិ​កោះ​អណ្ដែត ឃុំ​តាតៃ​ក្រោម ស្រុក-ខេត្ត​កោះកុង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាពេល​ថ្មីៗ​នេះ​។ រូបថត អង្គការ​មាតា​ធម្មជាតិ

ក្រសួង បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ខ្សាច់​ចេញ​ពី​ខេត្ត​​ កោះកុង

កោះកុងៈ ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បញ្ឈប់​ការ​នាំ​ខ្សាច់​សំណង់ និង​ល្បាយ​ខ្សាច់​ភក់​ក្នុង​ខេត្ត​កោះកុង​ចេញ​ទៅ​លក់​នៅ​បរទេស​ ប៉ុន្តែ​សកម្មជន​បរិស្ថាន និង​សហគមន៍​នេសាទ​បាន​អះអាង​ថា​ការដ្ឋាន​មួយ​ដែល​ទំនង​សម្រាប់​លាង​ខ្សាច់​នាំ​ចេញ​ក្នុង​ស្រុក​កោះកុង​កំពុង​តែ​សាងសង់​ជិត​រួចរាល់​ទៅ​ហើយ​។

ក្រសួង​រ៉ែ និង​ថាមពល​បាន​ចេញ​សេចក្តី​ប្រកាស​ជា​សាធារណៈ​មួយ​កាលពី​ម្សិលមិញ​ដោយ​ធ្វើការ​ហាមឃាត់​ការ​នាំចេញ​នូវ​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​ក្នុង​ទឹកដី​ខេត្ត​កោះកុង​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។

សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី ស៊ុយ សែម កាលពី​ថ្ងៃ​ចន្ទ​បាន​សម្រេច​ថា​៖ «​បញ្ឈប់​ជា​ស្ថាពរ ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នាំ​ខ្សាច់​សំណង់​គ្រប់​ប្រភេទ និង​ខ្សាច់​ល្បាយ​ភក់​នៅ​ខេត្ត​កោះកុង​ចេញ​ទៅ​ក្រៅ​ប្រទេស​»​។

ទោះបី​យ៉ាង​ណា​សកម្មជន​បរិស្ថាន​របស់​អង្គការ​មាតា​ធម្មជាតិ​លោក ម៉េង ហេង បាន​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​នោះ ប៉ុន្តែ​លោក​មិន​យល់​ថា​ការ​ប្រកាស​នោះ​នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ​ដោយ​យុវជន​រូប​នេះ​បាន​លើក​ហេតុ​ផល​ថា​ការ​ប្រកាស​របស់​ក្រសួង​មាន​ច្រើន​ដង​មក​ហើយ តែ​ការ​បំពាន​នៅ​តែ​កើត​មាន​ឡើង​ដែល​អាច​បណ្តាល​មកពី​មាន​ការ​ឃុបឃិត​ណា​មួយ​។

លោក ម៉េង ហេង ថ្លែង​ថា​៖ «​កន្លង​មក យើង​ឃើញ​លិខិត​របស់​ក្រសួង​ចេញ​ញឹកញាប់​ឲ្យ​ផ្អាក​ការ​នាំ​ចេញ​ទី​នោះ​ទីនេះ​ប្រភេទ​នេះ​ប្រភេទ​នោះ តែ​ជាក់​ស្តែង​ឃើញ​ក្រុមហ៊ុន​នៅ​តែ​ដំណើរការ​។ នៅ​មាន​ការ​លួចលាក់ និង​ឃុបឃិត​។ យើង​ចង់​ឲ្យ​ក្រសួង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ខុស​ច្បាប់​។ អាហ្នឹង​បាន​មាន​ប្រសិទ្ធភាព និង​ជឿជាក់​»​។

លោក​ ម៉េង ហេង ​បន្ត​ថា​ជាក់ស្តែង​ក្រុមហ៊ុន​មួយ​កំពុង​តែ​ធ្វើ​សកម្មភាព​សាងសង់​ការដ្ឋាន​លាង​ខ្សាច់​មួយ​នៅ​តំបន់​កោះស្មាច់​ស្ថិត​ក្នុង​ភូមិ​កោះអណ្តែត ឃុំ​តាតៃក្រោម ស្រុក​កោះកុង​ដើម្បី​ធ្វើការ​បូម និង​លាង​ខ្សាច់​ល្បាយ​ភក់​ដែល​ទំនង​ជា​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​វា​មិនមែន​ធ្វើ​សម្រាប់​លក់​ក្នុង​ស្រុក​ទេ​។ នាំ​ចេញ​ទៅ​ក្រៅ​បើ​តាម​ការ​ប៉ាន់ស្មាន​របស់​យើង ព្រោះ​គ្មាន​ដេប៉ូ​ផ្សេងៗ​បញ្ជា​ទិញ​ក្នុង​ខេត្ត​កោះកុង​នោះ​ទេ​...​យើង​ឆ្ងល់​ថា​ក្រសួង​ចេញ​ប្រកាស តែ​ហេតុ​អី​ក៏​ការដ្ឋាន​ហ្នឹង​នៅ​តែ​ធ្វើ​ជិត​ហើយ​?»​។

សកម្មជន​រូប​នេះ​ក៏​ចង់​ឲ្យ​ផ្អាក​ការ​នាំ​ចេញ​ខ្សាច់​ពី​ទូទាំង​ប្រទេស​តែ​ម្តង ពិសេស​គឺ​ប្រភេទ​ខ្សាច់​ស៊ីលីកា ដោយសារ​តែ​យល់​ឃើញ​ថា​វា​មិន​សូវ​មាន​ផលចំណេញ​ដល់​ជាតិ​។ ប៉ុន្តែ​បាន​កំពុង​តែ​បង្ក​ផលប៉ះពាល់​ដល់​ធនធាន​ជាតិ និង​សហគមន៍​មូលដ្ឋាន​។

Content image - Phnom Penh Post
កប៉ាល់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន​នៅ​ខេត្ត​កោះកុង​កាលពី​ពេល​កន្លង​មក​។ រូបថត អង្គការ​មាតា​ធម្មជាតិ

អ្នកស្រី​ ម៉ូត សុផា អាយុ​ ៣៣ ​ឆ្នាំ​ជា​ប្រជាសហគមន៍​នេសាទ​នៅ​ក្នុង​ភូមិ​កោះ​ស្រឡៅ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​ ២ ​គីឡូម៉ែត្រ​ពី​ការដ្ឋាន​លាង​ខ្សាច់​នោះ ក៏​បាន​អះអាង​ផង​ដែរ​ថា​សំណង់​ការដ្ឋាន​នោះ​ធ្វើ​ជិត​​រួចរាល់​ហើយ​។ ហេតុ​នេះ​ការ​បូម និង​លាង​ខ្សាច់​ក៏​នឹង​អាច​ចាប់​ផ្តើម​ផង​ដែរ​។ អ្នកស្រី​ថា​ការ​លាង​ខ្សាច់​នឹង​បង្ក​ការ​ប៉ះពាល់​មួយ​កម្រិត​ទៀត​ដល់​បរិស្ថាន និង​ការនេសាទ​របស់​ពួក​អ្នកស្រី​ព្រោះ​វា​មាន​ការ​ប្រើប្រាស់​សារធាតុ​គីមី​។

អ្នកស្រី​បាន​អះអាង​ថា​៖ «​ការ​លាង​ខ្សាច់​វា​ធ្ងន់ធ្ងរ​ជាង​ការ​បូម​ទៅ​ទៀត​។ ទឹក​ថ្នាំ​ដែល​គេ​លាង​ហ្នឹង​មាន​ជាតិគីមី​ខ្លាំង​មែនទែន​។ ខ្ញុំ​ទៅ​ដល់​ទី​នោះ​ឃើញ​គេ​ដំណើរការ​ហើយ​»​។

អ្នកស្រី​បន្ត​ថា​មាន​ខ្សាច់​ជាច្រើន​ត្រូវ​បាន​បូម​យក​ទៅ​ដាក់​នៅ​ការដ្ឋាន​នោះ​ហើយ​ផង​ដែរ​។

អ្នកស្រី​ សុផា ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើ​អាជីវកម្ម​ខ្សាច់​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​នោះ​ព្រោះ​ថា​សហគមន៍​នេសាទ​បាន​ទទួល​រង​ផលប៉ះពាល់​អស់​រយៈពេល​ ៨ ​ឆ្នាំ​មក​ហើយ​។ ប៉ុន្តែ​ទទួល​បាន​ការអភិវឌ្ឍ​តែ​ផ្លូវ​មួយ​ខ្សែ​ប្រវែង​ជាង​ ១០០ ​ម៉ែត្រ​ប៉ុណ្ណោះ​។

លោក​ ម៉េង ស័ក្កិធារ៉ា អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ថ្លែង​ថា​សេចក្តី​ប្រកាស​នេះ​បញ្ឈប់​ទាំង​ការ​បូម និង​ការ​នាំ​ចេញ​ពី​ខេត្ត​កោះកុង​។ រីឯ​ក្រុមហ៊ុន ដែល​ចង់​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក​នឹង​ត្រូវ​តែ​ដាក់​ពាក្យ​ស្នើសុំ​ជាថ្មី​ហើយ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ទៅ​កាន់​តំបន់​ដែល​ក្រសួង​បាន​កំណត់​សម្រាប់​ការ​បូម​ខ្នាត​តូច​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ថា​៖ «​ប្រកាស​នេះ​ហាមឃាត់​ទាំង​ការ​បូម និង​នាំ​ចេញ​ដែល​មាន​ន័យ​ថា​អាជ្ញាប័ណ្ណ​ដែល​មាន​សុពលភាព​នឹង​ត្រូវ​ចាត់​ទុក​ជា​មោឃៈ ប្រសិន​បើ​វា​ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​»​។

ក្រសួង​ក៏​បាន​កំណត់​ «​តំបន់​ក្រហម​» ​ជាច្រើន​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បូម​ផង​ដែរ ហើយ​កន្លែង​ដែល​សហគមន៍ និង​សកម្មជន​អះអាង​ថា​ជា​ការដ្ឋាន​លាង​ខ្សាច់​នោះ​គឺជា​ «​តំបន់​ក្រហម​» ​ផង​ដែរ​។

ក្រុមហ៊ុន Udom Seima Peanich Industry & Mines Co Ltd និង SCTWN Development Co Ltd ត្រូវ​អនុញ្ញាត​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មាន​ក្រសួង​បរិស្ថាន​ផង​ដែរ​ឲ្យ​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​សម្រាប់​ការ​បូម​ខ្សាច់​នៅ​ក្នុង​ឃុំ​ត្រពាំងរូង និង​ឃុំ​តាតៃ​ក្រោម​ក្នុង​ស្រុក​កោះកុង​។

លោក​ស័ក្កធារ៉ា​ថ្លែង​ថា​៖ «[​ក្រុមហ៊ុន​] ​នឹង​ត្រូវ​តែ​បញ្ឈប់​ដំណើរការ​ទាំងអស់​របស់​ខ្លួន​ក្នុង​តំបន់​នោះ​»​។

ការ​នាំ​ចេញ​ខ្សាច់​គឺជា​រឿង​ដ៏ចម្រូង​ចម្រាស​មួយ​ពិសេស​បន្ទាប់ពី​មាន​ការ​បង្ហាញ​របាយការណ៍​នាំ​ខ្សាច់​ចេញ​ផ្សេងៗ​គ្នា​ទៅ​ប្រទេស​សិង្ហបុរី​របស់​​អង្គការ​មាតា​ធម្មជាតិ​ដែល​​អះអាង​ថា​បាន​ធ្វើឲ្យ​បាត់បង់​ចំណូល​ថវិកា​ជាតិ​រាប់រយ​លាន​ដុល្លារ​។ ប៉ុន្តែ​ក្រសួង​រ៉ែ និង​ថាមពល​បាន​បដិសេធ​៕

អត្ថបទគួរចាប់អារម្មណ៍