ក្រចេះ​ ក្រ​សួង​ឧស្សា​ហកម្មនិង​សិប្ប​កម្ម​នៅ​ថ្ងៃទី​ ១ ​ខែវិច្ឆិ​កានេះ​ បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​បទដ្ឋាន​បច្ចេក​ទេសក្នុង​ការ​ផលិត​ស្រាស​អង្ករ​ និង ​ពន្យល់​ពី​ផល​ប៉ះ​ពាល់​ដល់​សុវត្ថិ​ភាព​និង​សុខ​ភាព​ បន្ទាប់​ពី​មាន​ករណី​ពុល​ស្រាស​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​ឈឺ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ខេត្ដ​ក្រចេះ ។

លោក  ខាន់ ចំណាន  អភិ​បាល​រង​ខេត្ត​ក្រចេះដែល​បាន​ចូល​រួម​បើក​វគ្គ​បណ្ដុះ​បណ្ដាលនេះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​បុ​ស្ដិ៍​ថា វគ្គ​បណ្ដុះ​បណ្ដាល​នេះទទួល​បាន​ការ​ចូល​រួម​ពីផ្នែក​បច្ចេក​ទេស​ស្ដង់​ដា​រចំពោះការ​ផលិត​ស្រា​ស​ធ្វើ​ពី​អង្ករ និង​មន្ដ្រី​ជំនាញ​មក​ពី​ក្រសួង​ឧស្សា​ហកម្មនិង​សិប្ប​កម្ម បង្ហាញដល់​អ្នកប្រក​បរបរ​ផលិត​ស្រាស​ មុន​នឹង​អនុញ្ញាតឲ្យ​ពួក​គាត់​បើក​លក់​។

លោក​បាន​បន្ដ​ថា​៖ ​«​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​យើង​បាន​ពន្យល់​ពួក​គាត់​ទៅ​លើ ​បទ​ដ្ឋាន​បច្ចេក​ទេស ​ក្នុង​ការ​ផលិត​ស្រាស​អង្ករ និង​ផល​ប៉ះ​ពាល់​របស់​វា ចំ​ពោះ​សុវត្ថិ​ភាព និង​សុខ​ភាព​អ្នក​បរិ​ភោគ​។ អ្នក​ដែល​ប្រកប​របរ​ផលិត​ស្រាស​អង្ករ ​នៅ​តាម​បណ្តា​ស្រុក​ទាំង​៥ និង​ក្រុង ១ ក្នុង​ខេត្ត​ក្រចេះ​បាន​មក​ចូល​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​អំពី​ការ​ផលិត​ស្រាស​ធ្វើ​ពី​អង្ករ​»។

លោក ចំណាន បាន​បង្ហាញ​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការ​ជំរុញ​ឲ្យ​ផលិត​ផល​ក្នុង​ស្រុក​ អនុវត្ត​តាម​ស្តង់​ដារ​កម្ពុជា និង​ស្តង់​ដារ​អន្តរ​ជាតិ ធានា​នូវ​គុណ​ភាព និង​សុវត្ថិ​ភាព ដើម្បី​រួម​ចំណែក​ក្នុងការ​ការពារ​សុខុ​មាលភាព និង​សុខ​ភាព​សាធា​រណៈ និង​សង្គម​ជាតិ​ទាំង​មូល។

លោក អ៊ិន សំបូរ អគ្គ​នា​យក​រងនៃ​អគ្គ​នាយក​ដ្ឋាន​ស្តង់​ដារ​កម្ពុជា បានធ្វើ​បទ​បង្ហាញពី​សារៈសំខាន់នៃ​ការ​ផលិត​ស្រាស​ដល់​អ្នក​ចូល​រួម​ផង​ដែរ។

លោក ​បាន​ផ្តាំផ្ញើ​ថា៖ «អ្នក​ផលិត​ទាំង​អស់ត្រូវ​ផលិត​ប្រកប​ដោយ​មាន​អនា​ម័យនិង​មាន​គុណ​ភាព ​សុវត្ថិ​ភាព​។ ​មិន​ត្រូវ​ផលិត​ស្រាស​ដោយការ​លាយ​សារធាតុ​មេ​តា​ណុល​នោះទេ ព្រោះ​ជាហេតុ​នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ស្រាស​នោះ»។

គួរ​បញ្ជាក់​ថា ករណី​ពុល​ស្រាស​មួយបានកើត​ឡើង​នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្ដ​ក្រចេះ និង​ឃុំ​កោះ​ខ្ញែ បណ្ដាល​ឲ្យ​ពលរដ្ឋ​៥​នាក់​ស្លាប់ និង​៧៨​នាក់​ទៀត ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ដ​បន្ទាប់។

លោក នី ឆុង ប្រធាន​មន្ទីរ ឧស្សា​ហកម្ម និង​សិប្ប​កម្ម​ខេត្ដ​ក្រចេះ ​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​កា​របណ្ដុះ​បណ្ដាល​ហើយ ​អាជ្ញាធរ​បាន​បញ្ជាក់​ទៅ​ពលរដ្ឋ​ទាំង​អស់ ​មុននឹង​បើក​លក់​ស្រា​ត្រូវ​មកសុំ​សិទ្ធិ​នៅ​មន្ទីរ​ពាក់​ព័ន្ធ​ជា​មុន​សិន​ដើម្បី​បញ្ជាក់​ពី​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​ផលិត​ស្រាស​របស់​ពួក​គាត់​។

លោក​បន្ដ៖​ «ទាល់តែ​យើង​ពិនិត្យមើល​ផ​លលិត​ផល​ស្រាស​របស់​ពួក​គាត់​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​មន្ដ្រី​ជំនាញ​បាន​កំណត់ ទើប​យើង​អន​ញ្ញាត​ផ្ដល់​សិទ្ធិ​ឲ្យ​ពួក​គាត់​បើក​លក់​បន្ដ​ទៀត​បាន»​។

គួរ​បញ្ជាក់​ថា ករណី​ពុល​ស្រាស​ដែល​មាន​មនុស្ស​ស្លាប់​និង​ធ្លាក់​ខ្លួន​ឈឺ​រាប់​សិប​នាក់​បែប​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ខេត្ត​ក្រចេះ ប៉ុន្តែ​កាល​ពីដើម​ខែឧ​សភា ឆ្នាំ ២០១៨ មាន​ករណី​ពុល​ស្រាស និង​ទឹក ដែល​មាន​សារធាតុ​គីមី​ពុល​បានសម្លាប់​ពល​រដ្ឋ​ក្នុង​ឃុំ​ក​ន្តួ​ត ស្រុក​ចិត្រ​បុរី ១៤ នាក់ និង​រាប់​សិប​នាក់​ធ្លា​ក់​ខ្លួន​ឈឺ​ជា​ទម្ងន់។

ចំណែក​ករណី​ពុល​ស្រាស​មួយទៀត​បានកើត​ឡើង​នៅ​ឃុំ​បឹង​ចារ ស្រុក​សំបូរ​ ខេត្ដ​ក្រចេះ និង​ឃុំ​កោះ​ខ្ញែរ បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ ៥ នាក់​ស្លាប់ និង​ ៧៨ នាក់​ ទៀត ធ្លាក់ខ្លួន​ឈឺ​ជា​បន្ដ​បន្ទាប់៕