
ពលករខ្មែរមកពីថៃ រង់ចាំធ្វើតេស្តរកកូវីដ១៩ ក្នុងខេត្តបាត់ដំបង។ រដ្ឋបាលខេត្ត បាត់ដំបង
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃសុក្រ ទី ១៥ ខែមករា នេះ បានប្រកាសរកឃើញមានពលករខ្មែរត្រលប់មកពីប្រទេសថៃ មានវិជ្ជមានកូវីដ ១៩ ចំនួន ១៥ នាក់ផ្សេងទៀត ខណៈមានអ្នកជាសះស្បើយចំនួន ៤ នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ពលករខ្មែរមានវិជ្ជមានកូវីដ ១៩ ចំនួន ៨ នាក់ នៅខេត្តបាត់ដំបង ២ នាក់ មានអាសយដ្ឋាននៅខេត្ត តាកែវ ២ នាក់ មានអាសយដ្ឋាននៅខេត្ត បន្ទាយមានជ័យ និងពលករ ៣ នាក់ផ្សេងទៀត មានអាសយដ្ឋាននៅខេត្ត ប៉ៃលិន ខេត្ត កំពង់ឆ្នាំង និង រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ ពលករខ្មែរចំនួន ៤ នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដែលពួកគាត់ ៣ នាក់នៅខេត្ត ប៉ៃលិន និងម្នាក់នៅខេត្ត បាត់ដំបង។
លោកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងនៅថ្ងៃសុក្រ នេះផងដែរថា បច្ចុប្បន្ននេះ ទោះបីជាកម្ពុជាបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រួចហើយក៏ពិតមែន ប៉ុន្តែបញ្ហាចម្លងក៏ដូចជា បញ្ហានៃការរាតត្បាតវីរុសកូវីដ ១៩ គឺនៅតែជាបញ្ហាសុខភាពសាធារណៈដែលទាំងអស់គ្នាត្រូវតែនាំគ្នាប្រុងប្រយ័ត្នខ្ពស់ដដែល។
លោកស្រីបានមានប្រសាសន៍ថា៖ «នៅថ្ងៃនេះ ក្រសួងបានរកឃើញមានករណីវិជ្ជមានកូវីដ ១៩ រហូតដល់ ១៥ នាក់ ដែលនេះជាចំណុចមួយសុំឱ្យបងប្អូនយើងកុំមានការធ្វេសប្រហែសឱ្យសោះ។ ខ្ញុំធ្លាប់បានណែនាំនិងប្រាប់ជារឿយៗថា យើងងាយស្រួលក្នុងការភ្លេចនូវវីរុសកូវីដ ១៩ ដោយយើងគិតថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានបិទបញ្ចប់ហើយ មិនមានបញ្ហាអ្វីគួរឱ្យបារម្ភទៀតទេ ចំពោះវីរុសកូវីដ ១៩ ប៉ុន្តែការគិតបែបនេះ គឺជាការមើលងាយខ្លួនយើង ដែលធ្វើឱ្យវីរុសនេះចូលមកវាយលុកសរីរាង្គយើងបានដោយងាយ»។
លោកស្រី ឱ វណ្ណឌីន បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់បន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយត្រូវអនុវត្តន៍នូវវិធានការ ៣ ការពារនិង ៣ កុំ។
គិតត្រឹមថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ កម្ពុជា មានអ្នកមានវិជ្ជមានកូវីដ ១៩ ចំនួន ៤២៦ នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៨១ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៤៥ នាក់៕