ភ្នំពេញៈ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ប្រកាស​ឱ្យ​ផ្អាក​ដំណើរការ​ចំពោះ​ការបណ្តុះ​បណ្តាល​នៅ​សាលាបង្រៀន​បើកបរ​យានយន្ត ​និង​ការប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ ជា​បណ្តោះអាសន្ន​រយៈពេល​ ១៥ ថ្ងៃ​ចាប់ពី​ថ្ងៃទី ១ ​ខែ​ធ្នូ ​ដល់​ថ្ងៃទី ១៥ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២០​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ក្នុង​សហគមន៍។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ​កាលពី​ថ្ងៃ​ទី ២ ខែធ្នូ។

លោក​ ហ៊ាង សុទ្ធាយុត្តិ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា ​និង​ទំនាក់ទំនង​សាធារណៈ ​និង​ជា​អ្នក​នាំពាក្យ​នៃក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្នុង​ដំណាក់កាល​នៃ​ការបិទ​បណ្តោះអាសន្ន​នេះ បើ​ទោះបី​មិន​មាន​​ការបញ្ជាក់​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ពី​វិធានការ ​ឬ​ការដាក់​ទោស​ទណ្ឌ​យ៉ាងណា​ក្តី ប៉ុន្តែ​បើ​ពិនិត្យ​​ឃើញ​សាលាបង្រៀន​បើកបរ​ណា​មួយ​ នៅតែ​បន្ត​បើក​ឱ្យ​ដំណើរការ​ទៀត​នោះ ក្រសួង​ និង​ស្ថាប័ន​របស់​រដ្ឋ​មាន​សិទ្ធិ​ក្នុង​ការចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក​បន្តថា ​ចំពោះ​ការចាត់​វិធានការ​នេះ​មិន​សំដៅ​ដល់​ការចាប់ចង ​ឬ ​ផ្តន្ទាទោស​នោះ​ទេ​គឺ​គ្រាន់តែ​ធ្វើការណែនាំ​ឱ្យ​មាន​ការបិទ។ ប៉ុន្តែ​ទោះយ៉ាងណា​បើ​នៅ​តែ​មិនមាន​ការបិទ​ទេ ក្រសួង ​ស្ថាប័ន​រដ្ឋ ​ដែល​មាន​សមត្ថកិច្ច​នឹង​ធ្វើការ​កសាង​សំណុំ​រឿង​តាម​ច្បាប់​​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ច្បាប់។

លោក​ ហ៊ាង សុទ្ធាយុត្តិ ​ក៏មិន​បាន​បញ្ជាក់ពី​ចំនួន​សាលា​បង្រៀន​បើកបរ​នៅ​ទូទាំង​ប្រទេស​​មាន​ប៉ុន្មាន​នោះ​ទេ ​ដោយ​លោក​ថា មិន​មាន​ព័ត៌មាន​ពី​តួលេខ​សាលា​បង្រៀន​នេះ​នៅក្នុង​ដៃ។ ប៉ុន្តែ​សម្រាប់​មណ្ឌល​ប្រឡង​យក​បណ្ណ​បើកបរ​គឺ​មាន​ចំនួន​ ២៦ មណ្ឌល​ក្នុង​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស។

លោកស្រី​ កៀន សោភ័ណ ​ម្ចាស់​សាលាបង្រៀន​បើកបរ​រថយន្ត​ដៃ​ធំ II បាន​ឱ្យ​ដឹងថា ​បន្ទាប់ពី​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង ​សាលាបង្រៀន​បើកបរ​របស់​លោកស្រី​បាន​បិទ​ជា​បណ្តោះ​អាសន្ន ​ដើម្បី​បង្ការ ​និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​នៃ​ការចម្លង​នូវ​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍។ លោកស្រី​បាន​ប្រាប់​ឱ្យ​លោកគ្រូ​បង្រៀន ​និង​សិស្ស​ទាំងអស់ ​ផ្អាក​បង្រៀន ​និង​រៀន​មួយ​រយៈ​នេះ។ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ១៩​នេះ​សាលា​ក៏មិន​សូវ​ទទួល​បាន​សិស្ស​មក​ចុះ​ឈ្មោះ​ចូលរៀន​ដែរ​ ដោយសារ​បញ្ហា​ចម្បង​គឺ​មាន​ការភ័យខ្លាច​ពី​ការឆ្លង​នូវ​ជំងឺ​កូវីដ១៩។

បើ​តាម​លោកស្រី​ចាប់​តាំងពី​មាន​ការផ្ទុះ​ឡើង​នូវ​វិបត្តិជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស សាលាបង្រៀន​បើកបររបស់​លោកស្រី​ស្ទើរ​តែ​គ្រប់​សាខា​ធ្លាក់​ចុះ​ចំនួន​សិស្ស​មក​ចុះ​ឈ្មោះ​ចូលរៀន​ប្រមាណ​ពី ៧០ ​ទៅ ​៨០ ​ភាគរយ។ ប៉ុន្តែ​លោកស្រី​ក៏​មិន​បាន​បញ្ជាក់​ពី​ចំនួន​សិស្ស​ច្បាស់លាស់​នោះ​ដែរ។

លោកស្រី​ សោភ័ណ និយាយ​ថា​៖ «ទាំង​សិស្ស​ចុះ​ឈ្មោះ​រួច​ហើយ​ក៏​មិន​សូវ​មករៀន​ និង​សិស្ស​ថ្មី​ក៏​មិនសូវ​មាន​ ហើយ​នៅ​ក្នុង​អំឡុង​ពេល​នេះ និង​ក្រោយ​ជំងឺ​កូវីដ១៩ ​សាលា​បាន​ដាក់​ចេញ​នូវ​វិធានការ​អនាម័យ ​និង​គម្លាត​សង្គម​ ដើម្បី​ការពារ​កុំ​ឱ្យ​មាន​ការឆ្លង​នូវ​ជំងឺ​កូវីដ១៩ ​ស្រប​តាម​ការអំពាវនាវ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា»​។

ចំណែក​លោកស្រី​ ណង លក្ខិណា ​ម្ចាស់​សាលា​បង្រៀន​បើកបរ​រថយន្ត​មិត្តភាព​បាន​ឱ្យ​ដឹង​ដែរ​ថា​ លោកស្រី​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​នេះ​ពី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​ដែល​ប្រាប់​ដើម្បី​ឱ្យ​ចូលរួម​អនុវត្ត ​និង​បង្ការ​ការចម្លង​ជំងឺ​កូវីដ១៩ ​ដែល​កំពុង​កើតឡើង​នៅក្នុង​សហគមន៍​នាពេល​នេះ។

លោកស្រី​ថ្លែងថា​៖ «សាលា​បាន​បិទ​បណ្តោះអាសន្ន​គ្រប់​សាខា​ទាំងអស់ ​ហើយ​ក៏​បាន​សូម​អភ័យទោស​ដល់​លោកគ្រូ​ បង្រៀន​ និង​សិស្ស​ផងដែរ ​ព្រោះ​កាលៈទេសៈ​នេះ​គឺជា​ពេលវេលា​លំបាក​ទាំងអស់​គ្នា»។

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី ៣០ ​ខែវិច្ឆិកា​ប្រាប់​ឱ្យ​ក្រសួង ​ស្ថាប័ន ​និង​រាជធានី-ខេត្ត​ ដែល​ពាក់ព័ន្ធ​ត្រូវ​បិទ​បណ្តោះ​អាសន្ន​នូវ​សាលារៀន ​និង​ពិធី​ជួបជុំ​ដែល​មាន​គ្នា​ច្រើន ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការចម្លង​ជំងឺ​កូវីដ១៩៕