ភ្នំពេញ: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានសម្រេច​ផ្លាស់ប្ដូរ​មន្ត្រី​នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​គណៈកម្មាធិការ​សម្របសម្រួល​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​តាមរយៈ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ ៣ ​កុម្ភៈ​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ក្រោយពី​ក្រសួង​រកឃើញ​មន្ត្រី​ខ្លះ​ប្រព្រឹត្ត​ភាពមិន​ប្រក្រតី​។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ការកែសម្រួល​សមាសភាព​មន្ត្រី​នេះ​គឺ​យោង​លើ​អនុក្រឹត្យ​លេខ​ ១៤១ ​ស្តីពី​ការបង្កើត​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​និង​បង្កើន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​។

លោក​បន្តថា សព្វថ្ងៃ​នេះ​មាន​ស្ថានីយ​សរុប​ចំនួន​ ២៨ តែ​ក្រសួង​ផ្លាស់ប្ដូរ​តែ​មន្ត្រី​មួយចំនួន​ប៉ុណ្ណោះ​។ រីឯ​មន្ត្រី​មួយ​ចំនួន​ទៀត​នៅ​រក្សា​មុខងារ​ដដែល​។

ក្រុមការងារ​ជំនាញ​បាន​រកឃើញ​មាន​មន្ត្រី​ខ្លះ​អនុវត្ត​ច្បាប់​នៅ​មាន​ភាពចន្លោះ​ប្រហោង​ដែល​ត្រូវតែ​កែសម្រួល​ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការទប់ស្កាត់​បទល្មើស​ពាក់ព័ន្ធ​នឹង​ការដឹក​លើស​ទម្ងន់ លើសល្បឿន​កំណត់ ដើម្បី​ចូលរួម​រក្សា​គុណភាព​ផ្លូវ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គ្រប់​រូបភាព​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនអាច​ប្រាប់​ពី​ទីតាំង​ស្ថានីយ​ជញ្ជីង​ជាក់លាក់ និង​ចំនួន​មន្ត្រី​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ទេ ខ្ញុំ​សុំ​លាក់​សិន​។ ការកែសម្រួល​នេះ​ដូច​យើង​ដឹង​ហើយ​ថា មាន​បញ្ហា​មួយ​ចំនួន​គឺ​​មាន​មន្ត្រី​មួយចំនួន​ទៅ​បម្រើ​ការងារ​ផ្សេង​ធ្វើ​ឲ្យ​កន្លែង​មាន​ការចន្លោះ​ប្រហោង ហើយ​ខ្លះទៀត​យើង​ឃើញថា អនុវត្ត​ការងារ​នៅតាម​ស្ថានីយ​នីមួយៗ​ហ្នឹង មាន​ព័ត៌មាន​ជាច្រើន​ដែល​ពលរដ្ឋ​ផ្ដល់​មក​ថា មាន​ភាពមិន​ប្រក្រតី​»​។

លោក​បន្ថែមថា មន្ត្រី​ដែល​រកឃើញ​ថា បំពេញការងារ​មិនល្អ​គឺ​ត្រូវ​ឲ្យ​គាត់​វិល​ទៅ​អង្គភាព​ដើម​វិញ និង​មួយចំនួន​ទៀត​ត្រូវ​បាន​បង្វិល​ពី​ស្ថានីយ​មួយ​ទៅ​ស្ថានីយ​មួយ​ផ្សេងទៀត​។ រីឯ​មន្ត្រី​ដែល​បំពេញការងារ​ល្អ ត្រូវបាន​រក្សា​ការងារ និង​មុខតំណែង​ដដែល​។

លោក គង់ វិមាន បន្តថា ការផ្លាស់ប្ដូរ​នេះ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ខ្ពស់ ស្មោះត្រង់ និង​គោរព​តាម​វិជ្ជាជីវៈ​ជាមន្ត្រី ក៏ដូចជា​បំពេញ​ការងារ​ដោយ​យកចិត្ត​ទុកដាក់​។ ប្រសិន​នៅ​មាន​ភាពមិន​ប្រក្រតី​ណាមួយ​ទៀត គឺ​គណៈកម្មាធិការ​នឹង​កែសម្រួល​បន្ថែម​ទៀត​តាមច្បាប់​ដែល​មាន​ចែង​ជា​ធរមាន​។

លោក ម៉ឹង យូឡេង ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​បាន​ថ្លែងថា នៅ​ខេត្តកណ្ដាល​មាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​ចំនួន ៤ ​ទីតាំង​រួមមាន ទី​១- ​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១ ទី​២- ​នៅ​ផ្លូវជាតិ​លេខ​ ២ ទី៣- ​នៅ​ផ្លូវជាតិ​លេខ​ ៣ និង​ទី​៤-​ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ២១​។ ស្ថានីយ​ទាំងនេះ​មាន​មន្ត្រី​កំពុង​បម្រើ​ការងារ​ចំនួន ១២ ​នាក់ តែ​ត្រូវ​បាន​ផ្លាស់ប្ដូរ​កន្លែង​ការងារ​ទាំងអស់​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​។

លោក​បញ្ជាក់​ថា​៖ «​នៅ​ខេត្តកណ្ដាល​យើង​នេះ​គឺ​ត្រូវ​បាន​ផ្លាស់ប្ដូរ​មន្ត្រី​ទាំងអស់​ដើម្បី​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​គ្នា ហើយ​មន្ត្រី​យើង​ត្រូវតែ​ដកស្រង់​បទពិសោធ​ពី​កន្លែង​ថ្មី​មក​អនុវត្ត​ការងារ​ប្រចាំថ្ងៃ ហើយ​ប្រឹងប្រែង​បំពេញ​ការងារ​ដែល​ជា​ភារកិច្ច​របស់ខ្លួន​តាម​ការណែនាំ​ពី​ថ្នាក់លើ​»​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) ​បាន​ថ្លែងថា ការកែសម្រួល​សមាសភាព​នេះ​វា​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​កន្លងមក​ក៏​ធ្លាប់​មាន​ការផ្លាស់ប្ដូរ​មន្ត្រី​បែបនេះ​ដែរ ប៉ុន្ដែ​ស្ថានភាព​អនុវត្ត​ការងារ​ជាក់ស្ដែង​ដូចជា​មិនមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​ត្រូវ​ពិនិត្យមើល​ទៅលើ​ឥទ្ធិពល ឬ​អំណាច​របស់​អ្នក​ដឹកជញ្ជូន​ដែល​តែងតែ​គេចវេះ​ពី​ជញ្ជីង​នេះ​ថា តើ​ពួកគាត់​គេច​ដោយ​របៀប​ណា​? គេច​ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​គ្រប់គ្រង​ជញ្ជីង ឬ​អ្នកមាន​អំណាច​ជួយ​អន្តរាគមន៍​។ ខ្ញុំ​គិតថា សមាសភាព​គណៈកម្មាធិការ​នេះ​គួរ​មាន​មន្ត្រី​ចម្រុះ​ពី​កម្លាំង​ប្រដាប់​អាវុធ​ចូលរួម​ប្រចាំការ ព្រោះ​ករណី​ខ្លះ​ក្រុម​ដែល​រត់គេច​ពី​ជញ្ជីង​នេះ​ជា​ក្រុម​ដែល​មាន​ឥទ្ធិពល​»​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី​ ៣ ​ខែ​កុម្ភៈ ​ថា មន្ត្រី​គួរ​បង្កើត​កម្មវិធី​រាយការណ៍​យានយន្ត​ដឹក​លើស​ទម្ងន់ និង​ពី​គ្រោះថ្នាក់​ចរាចរណ៍​តាមរយៈ​ទូរស័ព្ទ​ដៃ​ដូច​កម្មវិធី​ថែទាំ​ផ្លូវ Road Care Mobile App​ដែរ ដើម្បី​ទទួល​របាយការណ៍​បាន​លឿន និង​បង្កើន​ប្រសិទ្ធភាព​ការងារ​៕