ភ្នំពេញៈ ក្រសួងការងារកាលពីម្សិលមិញបានបើកកិច្ចប្រជុំធ្វើការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ដែលនៅក្នុងឱកាសនេះលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបានអះអាងថាច្បាប់នេះនឹងបញ្ចៀសនូវការញុះញង់ឲ្យមានការធ្វើបាតុកម្ម ប៉ុន្តែសហជីពបារម្ភថាច្បាប់នេះអាចនឹងដាក់សម្ពាធទៅលើតំណាងកម្មករ។
លោក អ៊ិត សំហេង ថ្លែងថាច្បាប់ថ្មីនេះកំណត់ឲ្យមានការប្រជុំទៀងទាត់ស្តីពីប្រាក់ឈ្នួលជាជាងការតវ៉ាកើតឡើងហើយច្បាប់ថ្មីនេះទៀតសោតក៏នឹងមិនប៉ះពាល់ដល់ការបញ្ជាទិញពីខាងក្រៅឡើយ។
លោកថា៖ «ច្បាប់ថ្មីនេះមានការពិភាក្សាពីគ្រប់ភាគីទាំងរដ្ឋាភិបាលតំណាងកម្មករ និងនិយោជកដើម្បីធានាដល់ការលើកកម្ពស់ជីវភាពកម្មករ និងធានាបាននូវការបញ្ជាទិញ»។
យោងតាមសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលនេះមានគោលបំណងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារ បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមាតាមបែបវិទ្យាសាស្រ្ត កំណត់លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច និងបង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដើម្បីជាយន្តការត្រីភាគីសម្រាប់ការសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ស្តីពីការងារ។
នៅក្នុងមាត្រា ២៦ នៃសេចក្តីព្រាងច្បាប់នេះត្រូវព្រមានជាលាយលក្ខណ៍អក្សរចំពោះបុគ្គលដែលញុះញង់ ឬបំផុសឲ្យមានសកម្មភាពផ្សេងៗនឹងប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ក្នុងករណីមិនគោរពតាមការព្រមានខាងលើត្រូវពិន័យអន្តរការណ៍ជាប្រាក់មិនលើសពី ១០ លានរៀល។
បើតាមលោក អ៊ិត សំហេង គិតចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងបានចំនួន ១៣ លើកដោយកើនពី ៣០ ដុល្លារក្នុងឆ្នាំ ១៩៩៧ ដល់ ១៥៣ ដុល្លារ ក្នុងឆ្នាំ ២០១៧។
លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានឲ្យដឹងថាខាងសហជីពគាំទ្រចំពោះច្បាប់ថ្មីនេះតែតម្រូវឲ្យមានការពិភាក្សាឲ្យបានល្អិតល្អន់។ «ច្បាប់នេះមានទាំងចំណុចល្អ និងមិនល្អសម្រាប់ប្រសិទ្ធភាពផ្សេងៗដែលធ្លាប់មាន និងបានដាក់ទណ្ឌកម្មទៅលើអ្នកតំណាងដែលធ្វើឲ្យតំណាងកម្មករអាចនឹងបាត់សំឡេង»៕