The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង វប្បធម៌​រឹត​បន្តឹង​ការ​លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​នានា




ក្រសួង វប្បធម៌​រឹត​បន្តឹង​ការ​លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​នានា

ក្រសួង វប្បធម៌​រឹត​បន្តឹង​ការ​លួច​ចម្លង​ស្នាដៃ​ពី​ប្រទេស​នានា

ភ្នំពេញៈ ក្រសួង វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ប្តេជ្ញា​លុប​បំបាត់​ការ​ថត​ចម្លង​បទ​ចម្រៀង​និង​ស្នាដៃ​ផ្សេងៗ​ពី​ប្រទេស​ដទៃ និង​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​និពន្ធ​ជាតិ​ឲ្យ​បង្កើត​ស្នាដៃ​ថ្មីៗ​ដោយ​ខ្លួន​ឯង​ជំនួស។

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា បទ​ចម្រៀង​ភាគ​ច្រើន​រួម​ទាំង​ការ​សម្តែង​ក្នុង​ខារ៉ាអូខេ គឺ​យក​លំនាំ​ពី​ប្រទេស​គេ​ស្ទើរ​ទាំង​អស់​ហើយ​ផលិតកម្ម​ទាំង​នេះ​មិន​បាន​មក​សុំ​សិទ្ធិ​គេ​ឡើយ។

លោក​បន្ត​ថា៖ «នេះ​ហើយ​ជា​មូលហេតុ​ដែល​ម្ចាស់​ផលិតកម្ម​មិន​ហ៊ាន​ប្រកាស​អំពី​សិទ្ធិ​ការពារ​បទ​ចម្រៀង​របស់​ខ្លួន»។

លោក ចន្ទសាយ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ខ្ញុំ​បាន​ឮ​ជាច្រើន​ដង ពី​ការ​ត្អូញត្អែរ​ជុំវិញ​បញ្ហា​ចម្លង​បទ​ចម្រៀង​និង​ការ​សម្តែង ពី​ប្រទេស​ផ្សេងៗ ដូចជា ប្រទេស ថៃ និង វៀតណាម ដែល​ផលិតកម្ម​ក្នុង​ស្រុក​បាន​ចម្លង​ពី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន។ ដូច្នេះ​ជា​យុទ្ធសាស្រ្ត​របស់​យើង​គឺ​ត្រូវ​ជំរុញ​ពួក​គេ​ឲ្យ​បង្កើត និង​ផលិត​ស្នាដៃ​បទ​ចម្រៀង​និង​ទំនុក​ភ្លេង និង ខារ៉ាអូខេ ដោយ​ខ្លួន​ឯង ជា​ជាង​ការ​ចម្លង​ពី​គេ​បន្ត​ទៀត»។

លោក​អះអាង​ថា ផលិតករ​ត្រូវ​តែ​ផលិត​ឬ​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​និង​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ខ្លួន​ផលិត​ដើម្បី​បង្ហាញ​ដល់​អ្នក​ដទៃ​ថា ពួក​គេ​ក៏​មាន​ផលិតផល​ផ្ទាល់​ខ្លួន​ដែរ។

លោក ស៊ិន ចន្ទសាយ៉ា បន្ត​ថា៖ «យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជំរុញ​ផលិតកម្ម ចម្រៀង​ឲ្យ​បង្កើត​ឬ​ផលិត​ស្នាដៃ​ដោយ​ខ្លួន​ឯង​ហើយ​យើង​ត្រូវ​តែ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​នឹង​ការ​ថត​ចម្លង»។

លោក​លើក​ជា​ឧទាហរណ៍​ថា ផលិតកម្ម​ចម្រៀង​ចំនួន​បី បាន​ផលិត​បទ​ចម្រៀង​មួយ​ដែល​មាន​ទំនុក​ច្រៀង​ខុស​គ្នា ប៉ុន្តែ មាន​បទ​ភ្លេង​ដូច​គ្នា ដោយ​ពួក​គេ​បាន​ចម្លង​ពី​ប្រទេស​ដទៃ។

លោក ចន្ទសាយ៉ា បន្ត​ថា៖ «ម្ចាស់​ផលិតកម្ម​បទ​ចម្រៀង​ក្នុង​ប្រទេស​ដទៃៗ​មិន​ប្តឹង​យើង​ទេ ប៉ុន្តែ ពួក​គេ​ត្អូញត្អែរ​និង​រិះគន់​ថា វា​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​យើង។ ខ្ញុំ​មាន​អារម្មណ៍​អៀនខ្មាស​ណាស់ ពេល​ខ្ញុំ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រៅ​ប្រទេស​ដែល​មនុស្ស​ជាច្រើន​បាន​និយាយ​ថា ប្រទេស​យើង​មាន​បញ្ហា​ច្រើន​ក្នុង​ការ​លួច​ចម្លង​បទ​ចម្រៀង​ពី​ប្រទេស​ដទៃៗ»។

លោក ចន្ទសាយ៉ា បន្ត​ទៀត​ថា ក្រសួង​នឹង​បន្ត​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​ចំពោះ​ការ​ចម្លង​បទ​ចម្រៀង របស់​ផលិតកម្ម​មួយ​ចំនួន​ហើយ​នឹង​លុប​បំបាត់​ការ​ចម្លង​បទ​ចម្រៀង​ទាំងអស់​ឲ្យ​បាន​នៅ​ឆ្នាំ ២០១៥ ពីព្រោះ​ប្រទេស​កម្ពុជា​នឹង​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រម​ព្រៀង​ទីក្រុង Buen នៅ​ប្រទេស អេស្ប៉ាញ។

លោក​បញ្ជាក់​ដែរ​ថា៖ «នៅ​ឆ្នាំ ២០១៥ កម្ពុជា នឹង​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង Buen ស្តី​ពី​ការ​ការពារ​ស្នាដៃ​អក្សរសាស្រ្ត​បន្ទាប់​ពី​យើង​បាន​ព្យួរ​រយៈ​ពេល ៣ឆ្នាំ រួច​ហើយ ពី​ព្រោះ​យើង​មិន​បាន​លុប​បំបាត់​ការ​ថត​ចម្លង​ពី​គេ​បាន»។

លោក​បន្ត​ថា នៅ​ពេល​កម្ពុជា​ក្លាយ​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង Buen ប្រទេស​ផ្សេងៗ​គេ​អាច​នឹង​ប្តឹង​ទៅ​តុលាការ បើ​ពួក​គេ​នៅ​តែ​ចម្លង​ផលិត​ផល​អ្នក​ដទៃ​ធ្វើ​ជា​របស់​ខ្លួន។

លោក ករុណា ពេជ្រ អ្នក​ចម្រៀង​នៅ​ផលិតកម្ម ថោន តែង​ត្រូវ​រិះគន់​ពី​ការ​ច្រៀង​និង​សម្តែង​ដូច​ផលិតកម្ម ថៃ និង វៀតណាម ដូចជា នៅ​ក្នុង​បទ​មាន​ចំណង​ជើង «ចប់» គឺ​ស្ទើរ​តែ​ដូច​នឹង​បទ​ចម្រៀង ថៃ និង​បទ​ចម្រៀង​មួយ​ទៀត «ចប់​គ្នា​បាន​ទេ» ដែល​ច្រៀង​ដោយ វណ្ណា ពិសិដ្ឋ នៅ​ផលិតកម្ម អឹម ក៏​ដូច​គ្នា​ទៅ​នឹង​បទ​ចម្រៀង ថៃ ដែរ៕ PS

អត្ថបទគួរចាប់អារម្មណ៍