ភ្នំពេញៈ ក្រសួង​ស្ថាប័ន​នានា​ចេញ​សារ​ថ្កោលទោស​លោក​ សម រង្ស៊ី មេដឹកនាំ​អតីត​បក្សប្រឆាំង​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ ឬ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ថា​ជា​អាយ៉ង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ខណៈ​ដែល​ប្រធាន​ស្ដីទី​អតីតគណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​​ត្រូវបាន​តុលាការ​ចោទប្រកាន់​លើ​បទ​ចោទ​នេះ​សាជាថ្មី​។

ការចេញ​ញត្តិ​ថ្កោលទោស​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​ សម រង្ស៊ី បាន​ថ្លែង​តាមរយៈ​បទសម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​ ១២ ខែ​កញ្ញា​ដែល​មាន​ខ្លឹមសារ​ថា ព្រះមហាក្សត្រ​ជា​ចំណាប់ខ្មាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហេតុ​ដូច្នេះ​ព្រះអង្គ​ខ្លាច​លោក ហ៊ុន សែន មិន​ហ៊ាន​ជួយ​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​។ ព្រះអង្គ​ចង់​រក្សា​រាជបល្ល័ង្ក​។

លោក សម រង្ស៊ី បន្ត​ថា​៖ «​យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែល​ជា​អាយ៉ង​របស់​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​បានទេ​»​។

ភ្លាមៗ​បន្ទាប់ពី​លោក​ថ្លែង​ដូច្នេះ​លោក​ អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បានចេញ​លិខិត​មួយ​កាលពី​ថ្ងៃ​សុក្រ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ និង​ដោយ​តឹងរ៉ឹង​បំផុត​ចំពោះ​អំពើ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ខាងលើ​ដោយ​អនុវត្ត​ស្រប​តាម​នីតិវិធី​ជា​ធរមាន​។

លោក​ អង្គ វង្ស វឌ្ឍានា បាន​ថ្លែងថា​៖ «​ពាក្យសម្ដី​របស់​ សម រង្ស៊ី ដែល​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គោរព​ស្រឡាញ់​ស្មើ​ជីវិត​»​។

ក្រៅពី​ក្រសួង​យុត្តិធម៌ ក្រុម​មេធាវី​របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃ​សុក្រ​ដដែល បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​តុលាការ​ក្រុងភ្នំពេញ​ដោយ​ស្នើ​ឲ្យ​ «​ពិនិត្យ​សម្រេច​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​លើ​ឈ្មោះ សម រង្ស៊ី តាម​បញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

លោក​ កែវ សុធា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ដដែល​ដោយ​ធ្វើការ​ចោទប្រកាន់​លោក​ សម រង្ស៊ី ពី​បទ​ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ១២ កញ្ញា ដូច​មាន​ចែង​ក្នុង​បញ្ញត្តិ​មាត្រា​ ៤៣៧ ស្ទួន​នៃ​ក្រមព្រហ្មទណ្ឌ​។ លោក​ កែវ សុធា ក៏​សម្រេច​ឲ្យ​ដាក់​លោក​ សម រង្ស៊ី ស្ថិតក្រោម​ការឃុំ​ខ្លួន​បណ្ដោះអាសន្ន (​បញ្ជា​ឲ្យ​ចាប់ខ្លួន​) ​ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​ជាថ្មី​។

ក្រៅពី​នីតិវិធី​ផ្លូវច្បាប់ ព្រះបរមរាជវាំង ក្រសួង ស្ថាប័នរដ្ឋ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ស្នងការដ្ឋាន​តាម​រាជធានី​ខេត្ត​កងរាជ​អាវុធហត្ថ​ក៏​ដូចជា​សាធារណជន​ជាច្រើន​បាន​ចេញ​ការប្រកាស​ថ្កោលទោស លោក​ សម រង្ស៊ី ជា​បន្តបន្ទាប់​ដោយ​ខ្លះ​បាន​លើកឡើង​ថា ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ គឺជា​អំពើ​ក្បត់ជាតិ​ជាដើម​។

សេចក្ដី​ថ្លែងការណ៍​របស់​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ផ្សាយ​ថ្ងៃទី​ ១៤ ខែ​កញ្ញា​សរសេរ​ថា​៖ «​កងរាជ​អាវុធហត្ថ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​តុលាការ និង​បាន​ត្រៀមខ្លួន​ក្នុងការ​អនុវត្ត​ដីកា​របស់​តុលាការ និង​អនុវត្ត​រាល់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​»​។

ដោយឡែក​ព្រឹទ្ធសភា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់ទុក​ការលើកឡើង​របស់​លោក​ សម រង្ស៊ី ថា​ជាការ​បរិហារ ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ ចលាចល អសន្តិសុខ​សង្គម​ដែល​ជា​ការរំលោភបំពាន​លើ​​មាត្រា​ ៧ នៃ​រដ្ឋធម្មនុញ្ញ​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​។

ឆ្លើយតប​ទៅនឹង​ចំណាត់ការ​របស់​តុលាការ និង​ការ​ថ្កោលទោស​របស់​ក្រសួង ស្ថាប័នរដ្ឋ ជា​បន្តបន្ទាប់​បែបនេះ​លោក សម រង្ស៊ី បាន​ថ្លែងថា ព្រះមហាក្សត្រ​មាន​ខ្លាំង និង​អន់ ហើយ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ខុស​ពី​ព្រះមហាក្សត្រ​មុនៗ​។

លោក​បាន​កោតសរសើរ​ដល់​ស្នា​ព្រះហស្ត​របស់​សម្ដេចព្រះនរោត្តម សីហនុ លើ​រឿង​ជាច្រើន​តាំងពី​នយោបាយ និង​សិទ្ធិមនុស្ស​ដែល​លោក​ថា អតីតព្រះមហាក្សត្រ​សម្តេច​នរោត្តម សីហនុ បាន​ជួយ​ដោះស្រាយ​បញ្ហានយោបាយ និង​បញ្ហា​សង្គម​បាន​ច្រើន​សម្រាប់​ជាតិ និង​ប្រជាពលរដ្ឋ​។

ចំពោះ​ព្រះមហាក្សត្រ​បច្ចុប្បន្ន​វិញ​លោក​ សម រង្ស៊ី ថ្លែងថា ព្រះអង្គ​មិនបាន​ជួយ​ដល់​ប្រជារាស្ត្រ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​ដូចជា​ការ​រឹបអូស​ផ្ទះសំបែង និង​ដីធ្លី ការចាប់​ពលរដ្ឋ​ឃុំឃាំង និង​ទង្វើ​ផ្សេងទៀត​។

លោក​ សម រង្ស៊ី អះអាង​ថា ​ព្រះមហាក្សត្រ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​កាលពី​ឆ្នាំ​ ២០១៨ ហើយ​បាន​យាង​ទៅ​បើក​សម័យប្រជុំ​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា​ដែល​ការបោះឆ្នោត​នោះ​មិន​មាន​ការចូលរួម​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បក្សប្រឆាំង​មួយ​នេះ​មាន​ពលរដ្ឋ​ជិត​ពាក់កណ្ដាល​នគរ​គាំទ្រ​។ លោក​ថ្លែង​ថា​៖ «​ព្រះមហាក្សត្រ​បែបនេះ​មិនមែន​ជា​ព្រះមហាក្សត្រ​គួរ​ឲ្យ​ស្រឡាញ់ និង​គោរព​ទេ​»​។

លោក​ ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​ថ្លែងថា​៖ «​លោក​ សម រង្ស៊ី លើក​ឡើង​បែបនេះ​ត្រូវ​មាន​បណ្ដឹង​មួយទៀត អ៊ីចឹង​លោក​រឹតតែ​ពិបាក​ទុក​ច្រក​សម្រាប់​ព្រះមហាក្សត្រ​សម្រាប់​ការលើកលែង​ទោស​។ ទី​២ យើង​មាន​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ប្រមុខរដ្ឋ​ជា​អ្នក​លើកលែង​ទោស​ក្នុងករណី​ណាមួយ​។

ដូច្នេះ​នេះ​ជា​ការបិទច្រក​មួយ​សម្រាប់​អ្នក​នយោបាយ ហើយ​ពិបាក​ក្នុង​ការរក​វិធានការ​កណ្ដាល​ដើម្បី​ដោះស្រាយ​។ នេះ​ជា​ហេតុផល​មួយ​ដែល​អ្នកនយោបាយ​ឈានដល់​ចំណុច​មួយ​ប្រឈមមុខគ្នា​កាន់តែ​ខ្លាំង ហើយ​ពិបាក​រក​ច្រក​ក្នុងការ​ដោះស្រាយ​»​។

សូមបញ្ជាក់​ថា​លោក​ សម រង្ស៊ី ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ម្ដង​ហើយ​កាលពី​ដើម​ខែ​ឧសភា​លើ​បទប្រមាថ​អង្គព្រះមហាក្សត្រ​ដែល​លោក​លើកឡើង​កាលពី​មុន​ការបោះឆ្នោត​ឆ្នាំ​ ២០១៨​។ លោក​ហៅ​សារលិខិត​របស់​ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថា​ជា​លិខិត​ក្លែងក្លាយ ឬ​ធ្វើ​ឡើង​ដោយ​ការបង្ខំ​៕

វីដេអូ៖