
ភ្នំពេញៈ ក្រសួង អប់រំ នឹងចាប់ផ្តើមអនុវត្តនូវការចុះចាប់យកសៀវភៅសិក្សាគោលដែលមានសរសេរនៅលើក្របមុខថា «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ» នៅតាមបណ្តាទីផ្សារ បណ្ណាគារនិងតូបលក់សៀវភៅនានា នៅខែក្រោយ បន្ទាប់ពីក្រសួងបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃ ទី៣១ ខែ មករា ពីការទប់ស្កាត់ការលក់-ទិញសៀវភៅគោលនេះ។
លោក លឹម សុត្ថារិទ្ធិ ប្រធានការិយាល័យនៃការផ្គត់ផ្គង់សៀវភៅសិក្សាគោលនៃនាយកដ្ឋាន អភិវឌ្ឍន៍កម្មវិធីសិក្សានៃក្រសួង អប់រំ យុវជន និងកីឡា បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ក្រសួងមិនទាន់ធ្វើការអនុវត្តភ្លាមទេ ដោយធ្វើការផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងរបស់ក្រសួងសិន។
លោកថា៖ «យើងមិនទាន់ធ្វើការអនុវត្តភ្លាមៗនោះទេ យើងទុកពេលឲ្យគាត់មួយរយៈសិន ដោយយើងធ្វើការផ្សព្វផ្សាយជាមុនសិន ប៉ុន្តែក្រោយពីការជូនដំណឹងនេះចេញប្រហែលជាមួយខែក្រោយយើងនឹងចាប់ផ្តើមអនុវត្តចាប់យកសៀវភៅតែម្តងសម្រាប់អ្នកមិនគោរពតាមការជូនដំណឹង»។
ក្រសួង អប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនដល់អាជីវករ និងសាធារណជនទាំងអស់ឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់-ទិញសៀវភៅសិក្សាគោល ដែលមានសរសេរនៅលើក្របថា «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ» ដែលមានចុះហត្ថលេខាដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា។
លោកបាននិយាយក្នុងសេចក្តីជូនដំណឹងថា៖ «ក្រសួង អប់រំ យុវជន និងកីឡាសូមបញ្ជាក់ឡើងវិញថា ការលក់-ទិញសៀវភៅគោលដែលមានសរសេរនៅលើក្របថា «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ» គឺជាអំពើខុសច្បាប់ បង្កឲ្យមានផលអវិជ្ជមានដល់ការងារអប់រំយ៉ាងខ្លាំង»។
ក្នុងសេចក្តីជូនដំណឹងនោះបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រសួង អប់រំ យុវជន និងកីឡានឹងរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចចុះតាមទីផ្សារ បណ្ណាគារ និងតូបលក់សៀវភៅនានាដើម្បីរឹបអូសយកសៀវភៅសិក្សាគោលដែលមានសរសេរថា «ហាមលក់» និង «កម្មសិទ្ធិរបស់រដ្ឋ» ដោយពុំមានទូទាត់ប្រាក់សំណងអ្វីឡើយ ហើយជនល្មើសទាំងអស់ត្រូវប្រឈមនឹងការដាក់ទោសតាមច្បាប់ជាធរមាន។
លោក លឹម សុត្ថារិទ្ធិ បានឲ្យដឹងថា ប្រសិនបើអាជីវករ ឬអ្នកពាក់ព័ន្ធទាំងនោះមិនអនុវត្តឬគោរពទៅតាមសេចក្តីជូនដំណឹងនេះទេ ក្រសួងនឹងដាក់ទោសទណ្ឌទៅតាមច្បាប់កម្មសិទ្ធិបញ្ញាដោយធ្វើការ ផាកពិន័យ ប៉ុន្តែក្រសួងមិនអាចបិទអាជីវកម្មរបស់គេទេ។
លោកបញ្ជាក់ទៀតថា សៀវភៅសិក្សាគោលដែលក្រសួងហាមលក់-ទិញ នៅតាមទីផ្សារមិនដឹងថាតើបានមកពីប្រភពណានោះទេ ដែលជាហេតុធ្វើឲ្យក្រសួងបានខិតខំធ្វើការទប់ស្កាត់នៅតាមទីផ្សារ។
លោកថា៖ «នៅពេលដែលយើងទប់ស្កាត់ការលក់នៅលើទីផ្សារបានហើយ នោះប្រភពក៏លែងបញ្ចេញសៀវភៅដែរ។ ប្រភពនោះអាចមានមកពីច្រើនកន្លែង តែយើងមិនទាន់អាចសន្និដ្ឋានបាននៅឡើយ»។
ជាមួយគ្នានេះដែរលោក សន ជ័យ តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកប្រចាំនៅ កម្ពុជា បានផ្តល់ជាអនុសាសន៍ដល់ក្រសួង អប់រំ ថា ដើម្បីចូលរួមចំណែកក្នុងការជំរុញឲ្យមានការគ្រប់គ្រងសៀវភៅសិក្សាគោលនិងចែកជូនដល់សិស្សសម្រាប់ការរៀនសូត្រគឺក្រសួង គួរតែជំរុញឲ្យមានការដឹកជញ្ជូនសៀវភៅសិក្សាគោលឲ្យបានដល់សាលារៀនដោយផ្ទាល់ និងមានការចូលរួមដឹងឮពីអ្នកពាក់ព័ន្ធ និងរាប់ចំនួនសៀវភៅឲ្យបានត្រឹមត្រូវ។
លោកថា៖ «គួរបង្កើនថវិកាសម្រាប់ការតាមដានការគ្រប់គ្រងសៀវភៅសិក្សាគោលនៅកម្រិតសាលារៀនឲ្យបានយ៉ាងតិច ២ ដងក្នុងមួយឆ្នាំសម្រាប់សាលារៀននីមួយៗ»៕