ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាថ្មី ស្រប​ពេល​ដែល​កម្ពុជា​បន្ត​ស្ថិត​ក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​ជួប​នឹង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ​ដែល​នឹង​មាន​ភ្លៀង​កក់​ខែ និង​មាន​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ផ្គរ​រន្ទះ ខណៈ​ការ​ខូចខាត​ពី​គ្រោះ​ធម្មជាតិ នៅត្រីមាស​ទី១ ក្នុង​ឆ្នាំ​នេះ មាន​ការ​កើន​ឡើង។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​ដែល​ចេញកាលពី​ម្សិលមិញបាន​ឲ្យ​ដឹងថា ចាប់​ពី​ថ្ងៃ​ទី ៣ ដល់​ថ្ងៃទី ​៥ ខែ​ មេសា ឆ្នាំ ២០១៩ កម្ពុជា​បាន​និង​កំពុង​ស្ថិត​ក្នុង​តំបន់​នៃ​ជ្រលង​សម្ពាធ​ទាប​ដែល​លាត​សន្ធឹង​មក​ពី​ប្រទេស ​ថៃ​ជួប​នឹង​សម្ពាធ​ខ្ពស់។

សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា៖ «ចាប់ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី ៥ មេសា ឆ្នាំ ២០១៩ នឹង​បន្ត​មាន​ភ្លៀង​កក់​ខែ​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម តែ​ពុំបាន​សាយ​ភាយ​ល្អ​នោះ​ទេ។​ឯ​សីតុណ្ហភាព​ជាទូទៅ​មាន​ពី ៣៣ ដល់ ៣៤ អង្សាសេ តែ​ចាប់ពី​ថ្ងៃទី ៦ ខែ​ មេសា​ សីតុណ្ហភាព​នឹង​បន្ត​កើន​ឡើង​វិញ»។

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា ក្នុង​ករណី​កម្ពុជា​កំពុង​ជួប​អាកាស​ធាតុ​ក្តៅ និង​ការ​ខ្វះខាត​ទឹក​ដូច្នេះ បើ​បន្ត​មាន​ភ្លៀង​កក់ខែ​នោះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​រីករាយ ព្រោះ​បញ្ហា​ខ្វះ​ទឹក​នេះ បាន​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ប៉ុន្មាន​ខែ​មក​ហើយ។

លោក​ថា៖ «បើ​ក្រសួង​ជំនាញ ប្រកាសថា មាន​ភ្លៀង​អ៊ីចឹង គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​អរ​ម្យ៉ាង​ដែរ ស្រប​ពេល​យើង​ខ្វះខាត និង​អាកាស​ធាតុ​ក្តៅ​ខ្លាំង​បែប​នេះ ទោះបី​ជា​ពេល​ភ្លៀង មាន​បញ្ហា​អ្វីខ្លះ​ក៏ដោយ ក៏​កម្តៅ​បរិយាកាស​នឹង​មាន​ថយចុះ​បន្តិច​ធ្លាប់​ឡើង​ដល់ ៣៩ ទៅ ៤០ អង្សា​អី អ៊ីចឹង​ប៉ុន្តែ​ពេល​នេះ​សីតុណ្ហភាព​នឹង​មាន​ការ​ថយ​ចុះ»។

បើតាម​លោក​ កែវ វី នៅក្នុង​ត្រីមាស​ទី១ នេះ​បញ្ហា​ខ្យល់ព្យុះ កើតឡើង​ក្នុង​ខេត្ត​ចំនួន ១៦ មាន​ការ​ខូចខាត​ផ្ទះ​រលំ​ដោយ​ខូច​ធ្ងន់ធ្ងរ ៩២ ខ្នង និង​មានផ្ទះ​របើក​ដំបូល​ឬ​ខូច​មធ្យម​ចំនួន ៥៣៧ ខ្នង។ចំណែក​សាលា​រៀន និង​ទីចាត់ការ​ខូចខាត​ចំនួន​ ១៣ អគារ ខូចខាត​តូប​លក់ដូរ​តាម​ឆ្នេរ​សមុទ្រ ៩៥ តូប និង​រោង​ស្តុក​កសិផល​ចំនួន ៣ កន្លែង ហើយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៧ នាក់​រង​របួស។ រីឯ​អ្នក​រង​គ្រោះ​ដោយសារ​រន្ទះ​បាញ់​គឺ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤ នាក់ និង ២ នាក់​របួស ខណៈ​សត្វ​គោ​ងាប់​ចំនួន ៣ ក្បាល។

លោក កែវ វី បន្តថា ក្នុងពេល​រាំងស្ងួត​នេះ អាជ្ញាធរ​បាន​ជួយសង្គ្រោះ​ស្រូវ​ប្រមាណ ៣ ម៉ឺន​ហិកតា​ក្នុង​ខេត្ត​ចំនួន ១១ ដែល​ផល​ប៉ះពាល់​មាន​ចំនួន​តែ​ជាង ១ ពាន់​ហិកតា​ប៉ុណ្ណោះ ព្រោះ​ពលរដ្ឋ​នៅ​តែ​ពឹង​អាស្រ័យលើ​ទឹក​ភ្លៀង​ក្នុង​វិស័យ​កសិកម្ម​នេះ។ ចំណែក​ការខ្វះ​ទឹក​ប្រើប្រាស់​វិញ លោក​ថា​គឺ​បាន​កើត​ឡើង​ក្នុង​ខេត្ត ១៤ តែ​មាន​ការ​ថយ​ចុះ​បើ​ប្រៀប​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០១៦ ជា​ឆ្នាំ​ដែល​កម្ពុជា​ក៏​ធ្លាប់​បាន​ទទួល​រង​បាតុភាព អែលនីណូ​ដែរ ហើយ​ខេត្ត​ចំនួន ២ ប៉ុណ្ណោះ ដែល​រង​ការ​ខ្វះខាត​ខ្លាំង។

លោក​បញ្ជាក់ថា៖ «វា​មានការកើនឡើង​ច្រើន បញ្ហា​គ្រោះមហន្តរាយ បើ​ប្រៀប​នឹង​ក្នុង​ត្រីមាស​ទី១ ឆ្នាំ ២០១៨ ព្រោះ​វា​កើត​ឡើង​ដោយសារ​ខ្យល់​ព្យុះ តែ​រន្ទះ​បាញ់​មាន​ការ​ថយ​ចុះ​វិញ ប៉ុន្តែ​បញ្ហា​ផល​ប៉ះពាល់​ដល់ផ្ទះ​សម្បែង​មាន​ការ​កើន​ឡើង​ច្រើន ព្រោះ​បើ​តាម​អ្នក​ជំនាញ​តែ​អាកាស​ធាតុ​ក្តៅ​ខ្លាំង ស្រប​ពេល​មាន​ភ្លៀង​កក់ខែ​ផង​នោះ បញ្ហា​ទាំង​នេះ​កើត​មាន​ច្រើន ក្នុង​រូបភាព​ផ្សេង»។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង​បាន​ប្រាប់ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្នុង​ខេត្ត​របស់​លោក មាន​ភ្លៀង​ស្ទើរ​រាល់​ថ្ងៃ​ដែល​នាំ​ឲ្យ​ពលរដ្ឋ​មាន​ទឹក​ប្រើប្រាស់​វិញ ខណៈ​អាង ត្រពាំង បឹង ស្ទឹង ចាប់ផ្តើម​មាន​ទឹក និង​សំណើម​ឡើង​វិញ។ យ៉ាង​ណា លោក​បាន​អះអាង​ថា ចំពោះ​បញ្ហា​ខ្វះខាត​ទឹក​នេះ គឺ​មិន​អាច​ធ្វេស​ប្រហែស​បាន​ទេ ដោយ​លោក​នៅ​តែ​ត្រៀម​សម្រាប់​បង្ការ និង​ត្រៀម​លក្ខណៈ​រួចជា​ស្រេច ខណៈ​លោក​ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​រក្សា​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ។

លោក​បាន​បញ្ជាក់ថា៖ «ប្រាប់ពលរដ្ឋ កុំ​ឲ្យ​ប្រើប្រាស់​ផ្តេ​សផ្តាស ត្រូវ​សន្សំសំចៃ​ទឹក ហើយ​អាជ្ញាធរ​នៅ​ស្រុក​គាស់​ក្រឡ និង​ស្រុក​មោង និង​កន្លែង​លំបាក​អី​បាន​បូម​បញ្ចូល​ស្រះ​និង​ព្រែក​អី​មួយ​ចំនួន​ធំ​ហើយ។ បើ​មាន​ភ្លៀង​ទៀត អាច​កាត់​បន្ថយ​ភាព​លំបាក​បាន​ច្រើន ក្នុង​ខេត្ត​របស់​ខ្ញុំ»។

យ៉ាងណា ក្រសួង​ធនធានទឹក ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ និង​ត្រូវ​ចូលរួម​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែរក្សា​ទឹក​ទុក​ហើយ​ប្រើប្រាស់​ដោយ​សន្សំ​សំចៃ​ខ្ពស់ ស្រប​ពេល​ដែល​រដូវ​ក្តៅ​ដែល​អាច​នឹង​បន្ត​អូស​បន្លាយ​ពេល​ដ៏វែង៕