ព្រះសីហនុៈ ​ក្រសួង​ទេស​ចរណ៍​បានណែនាំដល់ម្ចាស់​អាជីវកម្ម​ទេស​ចរណ៍​​នៅ​ខេត្ត​ព្រះ​សីហនុ​ឲ្យលើក​ស្លាក​យី​ហោ​​ឲ្យបានត្រឹម​ត្រូវ​ ខណៈ​ដែល​ក្រ​សួង​ស​ង្កេ​ត​ឃើញ​មាន​ករណី​មិ​នគោរ​​ពតាម​​សារា​ចរ​ណែ​នាំ​កន្លង​ម​កពិ​សេ​សការ​ស​រសេរអក្សរ​ខ្មែរ។ នេះ​បើ​តាម​សេចក្ដី​ណែ​នាំ​របស់រដ្ឋ​មន្រ្តី​ក្រសួង​ទេស​ចរណ៍​កាល​ថ្ងៃ​ទី ​១២ ​កុម្ភៈ​ឆ្នាំ ២០១៩។

សេចក្ដី​ណែ​​នាំ​នេះ​បានឱ្យ​ដឹង​ថា ម្ចាស់​អាជីវ​កម្ម​ត្រូវ​តែ​អនុវត្ត​ចំពោះ​ការ​តាំង​ផ្សព្វ​ផ្សាយ​ស្លាក​យី​ហោ​តាមមូល​ដ្ឋាន​អាជីវ​កម្ម​ទេស​ចរណ៍​របស់​ខ្លួន ដោយ​ត្រូវ​សរ​សេរ​អក្សរ​ខ្មែរ​នៅ​ផ្នែកខាង​លើ ហើយ​អាច​ប្រើ​អក្សរ​បរទេស​នៅ​បន្ទាត់​ខាង​ក្រោម​តែ​ត្រូវ​មាន​ទំហំ​អក្សរ​ ១/២ ​នៃ​ទំហំ​អក្សរ​ខ្មែរ។

បន្ថែម​ពី​នេះ ​ក្រសួងក៏​បាន​ជំរុញ​ឱ្យ​រដ្ឋ​បាល​ខេត្ត​ព្រះ​សីហនុ ត្រូវ​រៀប​ចំ​ការ​ណែ​នាំ​ដោយ​ឡែក​លើ​ទំហំ​អក្សរ ​ប្រភេទ​អក្សរ ពណ៌​អក្សរ និង​ទម្រង់​ស្លាក​យី​ហោ ដើម្បី​ធានា​សោ​ភណ​ភាព​និង​សណ្ដាប់​ធ្នាប់​ចំពោះការ​​តាំង​ស្លាក​យី​ហោ​ផ្សព្វផ្សាយ​នានា។

លោក ​តាំង ​សុចិត្រ​គ្រឹស្នា ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​បាន​លើក​ឡើង​កាល​ពីម្សិលមិញថា ស្លាក​យី​ហោ​ផ្សព្វផ្សាយ​នៅ​ខេត្ត​នេះ​មាន​​ ២ ​ប្រភេទទី ១​ ជា​ស្លាក​យី​ហោ​អាជីវ​កម្ម​ទេស​ចរណ៍​និង​ទី​ ២ ​ជា​ស្លាក​យី​ហោ​អាជីវ​កម្ម​ផ្សេង​ៗ​ដែល​មិន​បម្រើ​សម្រាប់​វិស័យ​ទេសចរណ៍។

លោក​បន្ត​ថា បច្ចុប្បន្ន​អាជីវ​កម្ម​ទេស​ចរណ៍​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​គឺ​មាន​​ ៩០៥ ​ទី​តាំង ហើយ ​៥ ភាគរយ​នៃ​ទី​តាំង​អាជីវ​កម្ម​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ថា មិន​ទាន់បានលើក​ស្លាក​យី​ហោ​ត្រឹម​ត្រូវ​​ ព្រោះ​ជា​អាជីវ​កម្មខ្នាត​តូច​ដែល​មិន​បាន​​សុំ​ការ​អនុញ្ញាត​ពី​មន្ទីរ​ជា​មុន។

លោក​ថា៖​ «​ឥឡូវ​យើង​ពង្រឹង​ការងារ​ហ្នឹង​បន្ថែម​ហើយ គោលការណ៍​ពី​ក្រសួង​និង​រដ្ឋបាល​ខេត្ត​ដើម្បី​ឱ្យ​ចុះ​ផាក​ពិន័យ ព្រោះ​យើង​ចុះ​ណែ​នាំ​ធ្វើ​កំណត់​ហេតុ​អី​ហ្នឹង​វា​ច្រើន​ណាស់​ហើយ​ ហើយ​ឥឡូវ​គោល​ការណ៍​ក្រសួង​គឺ​មិន​លើក​លែង​ទេ ឱ្យ​តែ​មានធ្វើ​កំណត់​ហេតុ​ណែនាំ​ម្ដង​ ២ ​ដង​ហើយ ​មិន​អនុវ​ត្ត ឱ្យ​មន្ទីរ​ចុះ​ទៅ​ពិនិត្យ ហើយ​យើង​នឹង​អនុវត្ត​តឹង​រ៉ឹង​ ក្នុង​ឆ្នាំ​ ២០១៩ ​នេះ»។

បើ​តាម​លោក សុចិត្រ​គ្រឹស្នា ការ​ធ្វើ​អាជីវ​កម្ម​ទេស​ចរណ៍​ដែល​គ្មាន​អាជ្ញា​ប័ណ្ណនឹង​ប្រឈម​ការ​ផាក​ពិន័យ​ពី​ ២ ​លាន​ទៅ​ ២០ ​លាន​រៀល។

លោកថា៖ «​យើង​បាន​ផ្សព្វ​ផ្សាយ​ច្បាប់​ហ្នឹង​ ១ ​ឆ្នាំ ​៣-៤ ​ដងនិង​បាន​ចុះ​ណែ​នាំ​ផ្ទាល់​ធ្វើ​កំណត់​ហេតុ​ម្ដង​ ២ ដង ហើយ​​អញ្ជើញ​គាត់​មក​មន្ទីរ​ដើម្បី​ណែនាំ​ចុង​ក្រោយ​ហើយ​បើ​អត់​មក អាហ្នឹង​គឺ​ត្រូវ​ប្រឈម​ផាក​ពិន័យ និង​បន្ទាប់​មក​ឱ្យ​ផ្អាក​អាជីវ​កម្ម​មួយ​រយៈ​ដើម្បី​ឱ្យ​គាត់​មក​រត់​ការ​ធ្វើ​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ»។

លោក សុ​ចិត្រ​គ្រឹស្នា បាន​បន្ថែម​ថា អាជីវ​កម្ម​ទេស​ចរណ៍គឺ​សំដៅ​លើ​សណ្ឋា​គារ ​ផ្ទះ​សំណាក់​ ភោជ​នីយ​ដ្ឋាន កន្លែង​​ម៉ាស្សា​ ទីតាំង​ខារ៉ា​អូខេ និង​កន្លែង​ដឹក​ជញ្ជូន​អ្នក​ទេស​ចរ ជា​ដើម។

កាល​ពី​ចុង​ឆ្នាំ​មុន អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ពី​អ្នក​លេង​ហ្វេក​ប៊ុក​ដែលបង្ហោះ​ស្លាក​យីហោ​​​មិន​សរសេរ​អក្សរ​ខ្មែរ​​ត្រឹម​ត្រូវនិង​ខ្លះ​មាន​សរសេរ​អក្សរ​ចិន​។ ប៉ុន្តែ​មន្រ្តី​ខេត្ត​នេះ​ចាត់​ទុក​ថា ករណី​នោះ​មាន​តិច​តួច​និង​ជា​រឿង​តូចតាច។

លោក អុី សុខ​ឡេង អភិ​បាល​ក្រុង​ព្រះ​សីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីម្សិល​មិញ​ដែរ​ថា កន្លង​មក​ស្លាក​យី​ហោ​ដែល​សរសេរ​អក្សរ​មិន​ត្រឹម​ត្រូវ​មាន ៤-៥ ស្លាកប៉ុណ្ណោះខណៈស្លាក​សរសេរ​ត្រឹម​ត្រូវ​មាន​រាប់​ពាន់​​។ លោក​បន្ត​ថា តាម​ពិត​​ករណី​នេះ​ជា​រឿង​តូច​តាច ប៉ុន្តែ​ត្រូវបាន​គេ​បង្ហោះ​នាំ​ឱ្យ​មហា​ជន​យល់​ច្រឡំ​រហូត​ក្លាយ​ជា​រឿង​ធំក្នុង​ចេតនា​បន្ដុះ​បង្អាប់​​មក​លើ​អាជ្ញាធរ​និង​មន្រ្តី​ពាក់​ព័ន្ធ​ថា​មិន​បាន​ធ្វើ​ការងារ។

លោក​ថា៖ «ដូច​ខ្ញុំ​និយាយ​អ៊ីចឹង រឿង​ស្លាក​យីហោ​ គេ​លើក​រាប់​ពាន់​ស្លាក មាន​ខុស​ ៤-១០ ​ស្លាក យើង​ធ្វើ​ជា​ដុំ​កំ​ភួន អាហ្នឹង​ក៏​វា​មិន​កើត​ដែរ​ ត្រូវ​យល់​ទាំង​អស់​គ្នា​។ រឿង​ខ្លះ​ជា​រឿង​តូច​តាច មិន​បាច់​ខំ​ចុះ​ផ្សាយ​ទេ រឿង​ធំ​រឿង​សម្រាប់​ប្រយោជន៍​ជាតិ​សម្រាប់​ពលរដ្ឋ​ជា​រួម យើង​គួរ​ផ្សព្វ​ផ្សាយ​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​អ្នក​វិនិ​យោគ​និង​ភ្ញៀវ​ទេស​ចរមក​ប្រទេស​យើង អាហ្នឹង​បាន​វា​ចំណេញ​ដល់​ជាតិ​យើង ហើយ​បើ​រឿង​តូច​តាច​ពង្រីកឱ្យ​ធំ​ធ្វើ​ឱ្យ​ស្អប់​ជន​ជាតិ​មួយ​អា​ហ្នឹង​វា​មិន​ចំ​ណេញ​សម្រាប់​ពលរដ្ឋ​យើង​ទេ»។

លោក សុខ​ឡេង បាន​បញ្ជាក់ថា​ តាមពិតស្លាក​យី​ហោ​ដែល​សរសេរខុស​ទាំង​នោះ គឺ​ដោយសារ​ជន​បរទេស​ជា​ម្ចាស់​អាជីវ​កម្ម​ខ្លះ បាន​បោះ​ពុម្ពស្លាក​នោះពី​ប្រទេស​​របស់ពួក​គេ​ ហើយ​នាំ​ចូល​មក​កម្ពុជា​ និង​ខ្លះ​ទៀត​ដោយ​សារ​ខ្វះ​អ្នក​បក​ប្រែ​ក៏​សម្រេច​សរសេរអក្សរ​តាម​ការ​បក​ប្រែ​ពី​ Googl​e តែ​ម្ដង​ទៅ។

យ៉ាង​ណា​ក្ដី លោក សុខ​ឡេង អះ​អាង​ថា មក​ទល់​ពេល​នេះ​លែង​មាន​បញ្ហា​រឿង​សរសេរ​អក្សរ​មិន​ត្រឹម​ត្រូវ​ទៀត​ហើយ ​ដោយ​សារ​មន្រ្តី​ជំនាញ​ខេត្ត​តែង​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ និង​មាន​វិធាន​ការ​ភ្លាម​ៗ​ឱ្យ​កែ​ប្រែ​ឡើង​វិញ​ចំពោះ​ស្លាក​យីហោ​ដែល​មាន​ភាព​មិន​ប្រក្រតី៕