ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពន្លឿនការកែសម្រួលនីតិវិធីលើប្រកាសអន្តរក្រសួងស្តីពី «បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត» និងការបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនការផ្ដល់សេវានេះដល់ប្រជាពលរដ្ឋ។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា នីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តថ្មីតាមបច្ចេកវិទ្យាទំនើបនេះជាគំនិតផ្តួចផ្តើមរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្របតាមគោលនយោបាយកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា៖ «កាលពីមុនពលរដ្ឋយើងដែលត្រូវការសេវាផ្ទេរកម្មសិទ្ធិយានយន្តបែបនេះ គឺត្រូវទៅរកសេវា ២ ដងទៅមកៗ។ តាមរយៈប្រកាសអន្តរក្រសួងនេះគឺត្រូវធ្វើតែមួយកន្លែងទេទាំងការបង់ពន្ធប្រថាប់ត្រា និងផ្ទេរកម្មសិទ្ធិ។ ការងារនេះជាលទ្ធផលមួយដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋយើង ដោយមិនចាំបាច់ចំណាយពេលច្រើន ហើយអាចទទួលបានសេវាលឿនជាងមុន»។
លោក វ៉ន់ បញ្ជាក់ថា ចំពោះថាពេលណាដែលប្រកាសអន្តរក្រសួងស្តីពី «បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត» នេះនឹងចេញឱ្យអនុវត្ដនោះ គឺអាស្រ័យនៅលើថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក្រសួងទាំង ២ ដែលកំពុងរៀបចំកែសម្រួលនីតិវិធីនៃប្រកាសអន្តរក្រសួងនេះ។
លោកបន្តថា៖ «ប៉ុន្ដែយើងធ្វើម៉េច ជំរុញឱ្យប្រកាសនេះចេញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ ពេលនេះ យើងមិនទាន់អាចកំណត់ថា ចេញនៅពេលណាជាក់លាក់បានទេ ព្រោះត្រូវការឆ្លងថ្នាក់ដឹកនាំក្រសួងទាំង ២ ក្នុងការសម្រេច»។ លោកឱ្យដឹងថា តាមរយៈកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៩ ខែមិថុនា រវាងក្រុមការងារអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងក្រុមការងារអគ្គនាយកដ្ឋានពន្ធដារបានសម្រួលនីតិវិធីមួយចំនួននៃប្រកាសខាងលើនេះផងដែរ។
លោកថ្លែងថា៖ «តាមរយៈប្រកាសនេះ បងប្អូនប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធនេះតែម្ដង។ អ្វីដែលសំខាន់នោះគឺយើងធ្វើការផ្ទេរកម្មសិទ្ធិយានយន្តនេះឱ្យនៅកន្លែងតែមួយ ទាំងការបង់ពន្ធប្រថាប់ត្រា និងផ្ដល់សេវាផ្សេងទៀតដោយមិនចាំបាច់រំខានពេលវេលាច្រើនដល់ប្រជាពលរដ្ឋដូចពីមុនដែលត្រូវមកក្រសួងសាធារណការ រៀបចំឯកសារហើយបានទៅបង់ពន្ធប្រថាប់ត្រានៅកន្លែងពន្ធដារ រួចទើបត្រឡប់មកក្រសួងសាធារណការធ្វើការផ្ទេរកម្មសិទ្ធិយានយន្តម្ដងទៀតនោះទេ»។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថាប្រកាសនេះក្រសួងទាំង ២ បានសម្រួលដល់ប្រជាពលរដ្ឋក្នុងការដាក់ពាក្យផ្ទេរកម្មសិទ្ធិយានយន្ត បង់សេវា និងបង់ពន្ធប្រថាប់ត្រាក្នុងពេលតែមួយនៅទីតាំងផ្តល់សេវាតែមួយរួមគ្នានៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងកាត់បន្ថយពេលវេលារបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «ប្រកាសរួមនេះនឹងស្នើគោលការណ៍ដាក់ឱ្យអនុវត្តនៅទីតាំងផ្តល់សេវារួមតែមួយ ដូចជាការបង់ប្រាក់សេវា និងពន្ធប្រថាប់ត្រារួមគ្នាក្នុងវិក្កយបត្រតែមួយ សម្រួលដល់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួលកាត់បន្ថយនីតិវិធីស្មុគស្មាញចំណេញពេលវេលា និងធានាលុបបំបាត់ការចំណាយក្រៅផ្លូវការ។ នីតិវិធីនៃការផ្ទេរកម្មសិទ្ធិថ្មីនេះពលរដ្ឋនឹងត្រូវចំណាយពេលតែ ១ ថ្ងៃប្រសិនបើមិនមានការប្តូរស្លាកលេខ និងរយៈពេល ២ ទៅ ៣ ថ្ងៃ ប្រសិនបើមានការប្តូរស្លាកលេខ»៕
វីដេអូ៖