ភ្នំពេញៈ ជា​រៀងរាល់ឆ្នាំ​នៅ​មុនពេល​ចូលឆ្នាំ​ចិន​ក្រសួង​សុខាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តែងតែ​ក្រើន​រំឭក​ឱ្យ​ត្រួតពិនិត្យ​អនាម័យ​នៃ​ការដឹកជញ្ជូន​ចល័ត​សត្វ​បក្សី​ និង​សត្វជ្រូក និង​ការអនុវត្ត​នូវ​វិធានការ​រក្សា​សុខភាព​សុវត្ថិភាព​ និង​ការការពារ​ការឆ្លង​ជំងឺ​ផ្តាសាយបក្សី​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល​បាន​ធ្វើការ​ក្រើនរំឭក​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការការពារ​សុខភាព​ពី​ការឆ្លង​ជំងឺផ្តាសាយបក្សី នា​រដូវ​បុណ្យ និង​ពិធី​សែនដូនតា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​ក្នុង​ខែកុម្ភៈ​នេះ​។

លោក​ថ្លែង​កាលពី​ថ្ងៃទី​ ២៩ ខែមករា ថា​៖ «​ខ្ញុំ​សូមឱ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការបង្ការ​ការចម្លង​ជំងឺ​ផ្តាសាយ​បក្សី​ដែល​អាច​កើតមាន​ជាយថាហេតុ​។ ដូចនេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ​ និង​ទឹក មុនពេល​បរិភោគ និង​បន្ទាប់ពី​ប៉ះពាល់​ជាមួយ​បសុបក្សី​»​។

លោក​បន្តថា ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ឈឺ​ ឬ​ងាប់ ឬ​កន្លែង​ដែល​គេ​ដឹងថា​មាន​វីរុស​កំពុង​ចរាចរ កុំ​បរិភោគ​សត្វ​បសុបក្សី ឈឺ​ ឬ​ងាប់ និង​រាល់​សត្វ​បសុបក្សី​ដែល​ធ្វើ​សម្រាប់​បរិភោគ​ត្រូវ​ចម្អិន​ឱ្យ​ឆ្អិន​ល្អ និង​ត្រូវ​ប្រាកដថា អ្នក​ទាំងអស់គ្នា​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ និង​ទឹកស្អាត មុនពេល​បរិភោគ និង​បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​សត្វ​បសុបក្សី​។

បើតាម​ក្រសួង​សុខាភិបាល វីរុស​ជំងឺផ្តាសាយបក្សី ជាធម្មតា​ចរាចរ​ក្នុងចំណោម​បសុបក្សី ដែល​វីរុស​នេះ​រួមមាន H4N1, H5N6, H7N3, H7N7, H7N9 និង​ H9N2 ហើយ​ដែល​អាច​ឆ្លងទៅ​មនុស្ស និង​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្តាយ​បក្សី​។ បច្ចុប្បន្ន ដោយសារ​តែ​វីរុស​នៅតែ​បន្ត​ចរាចរ​គ្មាន​ព្រំដែន​កំណត់ វា​ជា​ក្តីកង្វល់​ចំពោះ​សុខភាព​សាធារណៈ​។

វីរុស​ផ្តាសាយ​បក្សី​នេះ​នៅ​បន្ត​រកឃើញ​នៅលើ​សត្វ និង​ក្នុង​បរិស្ថាន​ហើយ​ហានិភ័យ​ក្នុង​ការចម្លង​ជំងឺ​ផ្តាសាយបក្សី​នេះ​ពី​សត្វ​មក​មនុស្ស​ងាយ​នឹង​កើតមាន ហើយ​អាច​ត្រូវបាន​រំពឹងទុក​ថា​នឹង​អាច​កើតមាន​ជំងឺ​ផ្តាសាយ​បក្សី​នេះ​ក្នុង​ពេល​ណាមួយ ប្រសិន​បើ​មិនមាន​ការការពារ​បាន​ត្រឹមត្រូវ​។

ជាមួយ​គ្នា​នេះដែរ លោក​ ម៉ម ប៊ុនហេង ​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាល​ឃុំ-សង្កាត់​ត្រូវ​ចាត់តាំង​កម្លាំង​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើ​ការណែនាំ​ការអនុវត្ត​វិធានការ​ការពារ​នៅ​តាម​កសិដ្ឋាន ទីផ្សារ ជាពិសេស​ទីផ្សារ​លក់​បសុបក្សី​រស់​ឱ្យ​បាន​ហ្មត់ចត់​ដើម្បី​ចៀស​ផុតពី​ការផ្ទុះ​ជំងឺ​ផ្តាសាយបក្សី​ក្នុង​សហគមន៍​។

លោក​ថា​៖ «​បើ​សង្ស័យថា ឆ្លង​វីរុស​ផ្តាសាយ​បក្សី​ដោយ​រោគសញ្ញា​ទូទៅ​ដូចជា គ្រុនក្តៅ​លើសពី​ ៣៨,៥ ​អង្សាសេ ក្អក និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ប៉ះពាល់​បសុបក្សី​ឈឺ ឬ​ងាប់​ក្នុង​អំឡុង​ ១៤ ​ថ្ងៃ មុន​ចេញ​រោគសញ្ញា និង​សូម​ទូរស័ព្ទ​ទៅ​លេខ​ ១១៥»​។

ទន្ទឹមនឹង​នេះដែរ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​ក៏បាន​ចេញ​នូវ​សារាចរ​ណែនាំ​មួយ​ផងដែរ​នៅ​ថ្ងៃ​ចន្ទ ទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​នេះ​ទាក់ទង​នឹង​ការពង្រឹង​អនាម័យ​ក្នុងការ​ដឹកជញ្ជូន​សត្វ​បសុបក្សី និង​សត្វ​ជ្រូក​ក្នុងអំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម​។

លោក​ តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ម្សិលមិញ​ថា ជាធម្មតា​នៅពេល​ចូលឆ្នាំ​ចិន ការដឹក​ជញ្ជូន​សត្វ​មាន​ច្រើន​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ពី​ខេត្ត​ ១ ​ទៅ​ខេត្ត​ ១ និង​ពី​ខេត្ត​មក​ភ្នំពេញ​ក៏ដូចជា​ការនាំ​ចូល​ជាដើម ដែល​ក្រសួង​តែងតែ​ធ្វើការ​ពង្រឹង​លើ​ការត្រួតពិនិត្យ​នូវ​សកម្មភាព​ទាំងអស់​នេះ​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​ធ្វើការ​ត្រួតពិនិត្យ​សត្វ សុខភាព​សត្វ និង​ការអនុវត្ត​ជីវ​សុវត្ថិភាព ដែល​យើង​ធ្វើការ​បាញ់ថ្នាំ​រម្ងាប់​មេរោគ​នៅលើ​មធ្យោបាយ​ដឹកជញ្ជូន​។ ក្នុងនោះដែរ យើង​ក៏​នឹងធ្វើការ​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង​ពាក់ព័ន្ធ​នឹង​ការបាញ់​ថ្នាំ​រម្ងាប់​មេរោគ​នៅតាម​កសិដ្ឋាន​ និង​ការត្រួតពិនិត្យ​សុខភាព​សត្វ មុន​នឹង​ដឹក​ចេញពី​កសិដ្ឋាន​»​។

ជាងនេះ​ទៅ​ទៀត​លោក ផាន់ណារ៉ា ក៏បាន​បង្កើត​ក្រុម​ទំនាក់ទំនង​តាម​ប្រព័ន្ធ​តេឡេក្រាម​ទៅ​ដល់​គ្រប់​អគ្គនាយកដ្ឋាន​ និង​មន្ត្រី​ជំនាញ​នៅ ២៥ ​ខេត្ត-ក្រុង ក្នុងការ​ជំរុញ​នូវ​ការត្រួតពិនិត្យ និង​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​។ បន្ថែម​ពីលើ​នេះ​លោក​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​នៅពេល​ដែល​សម្លាប់សត្វ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន ការពារ​ពី​មេរោគ​ដោយ​ការពាក់​ស្រោមដៃ​ជាដើម​។

ទោះយ៉ាងណា​លោក ផាន់ណារ៉ា ​សង្កត់ធ្ងន់​ថា នៅពេលនេះ​ដោយសារ​មិនមាន​ករណី​ផ្ទុះ​ជំងឺឆ្លង ដូចនេះ​មិនមាន​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះទេ​។ ប៉ុន្តែ​ការអនុវត្ត​វិធានការ​អនាម័យ​ការពារ​ខ្លួន​ត្រូវធ្វើ​ជានិច្ច ទោះបីជា​ក្នុង​កាលៈទេសៈ​បែបណា​ក៏ដោយ​។

បើតាម​ក្រសួង​សុខាភិបាល​ជំងឺផ្តាសាយបក្សី (H5N1) ​នៅតែ​មាន​ចរាចរ​លើ​សត្វ​បសុបក្សី​មួយចំនួន​ហើយ​ចាប់ពី​ឆ្នាំ​ ២០០៥ រហូតមកដល់​ឆ្នាំ​ ២០១៤ ប្រទេស​កម្ពុជា​ ធ្លាប់​មាន​ករណី​ជំងឺផ្តាសាយបក្សី​ប្រភេទ H5N1 ​ចំនួន​ ៥៦ ​ករណី​ក្នុង​នោះ​ ៣៧ ​ករណី​បាន​ស្លាប់​៕

វីដេអូ៖