ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន និង​ក្រសួងមហាផ្ទៃ​រួមគ្នា​គាំទ្រ​ដំណើរការ​ផ្តួចផ្តើម ក្រោម​កម្មវិធី​ការទទួល​ខុសត្រូវ​សង្គម​ឈ្មោះថា​ «Grab for Good” ក្នុង​ការលើក​កម្ពស់​សេដ្ឋកិច្ច​ជនពិការ​ និង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដែល​ក្រសួង​ទាំង​ ២ ចាត់ទុក​ថា​ជាការ​ចូលរួម​ដ៏សំខាន់​ពី​សំណាក់​វិស័យ​ឯកជន​។

ក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង​កម្មវិធី​ហៅ​យានជំនិះ​លើ​ទូរស័ព្ទ​ដែល​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​កាលពី​ម្សិលមិញ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​នូវ​គំនិត​ផ្តួចផ្តើម​ចំនួន​ ២ ​នេះ​ដោយមាន​អ្នក​ចូលរួម​ប្រមាណ​ ១០០ ​នាក់​ មកពី​ក្រសួង សង្គម​ស៊ីវិល និង​ជនពិការ​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​កង់បី​។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន Grab បញ្ជាក់ថា កម្មវិធី​ទី ១ ដែល​មាន​ឈ្មោះថា បញ្ចប់​ភាព​ស្ងៀមស្ងាត់​របស់ Grab គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​នឹង​ធ្វើឱ្យ​កម្មវិធី Grab កាន់តែ​ងាយស្រួល​ស្វែងរក និង​ពង្រីក​ឱកាស ដើម្បី​ផ្តល់ឱកាស​រកប្រាក់​ចំណូល​ឲ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ក្រុមមនុស្ស​ថ្លង់​។

ចំពោះ​កម្មវិធី​នេះ រួមបញ្ចូល​ទាំង​ការផ្ញើ​សារ​ភ្លាមៗ​ដើម្បី​ប្រាប់​អ្នកដំណើរ​ថា​ដៃគូ​បើកបរ​របស់គាត់​គឺជា​មនុស្ស​ថ្លង់​ហើយ​ណែនាំ​ពួកគេ​ឱ្យប្រើប្រាស់​កម្មវិធី GrabChat និង​សន្លឹក​កាត​ទំនាក់ទំនង​ដែល​មាន​ស្រាប់​ក្នុង​យានយន្ត​។ Grab ក៏​នឹង​ចាប់ផ្តើម​យុទ្ធនាការ​អប់រំ​សាធារណៈ​ និង​កម្មវិធី​ការបណ្តុះបណ្តាល​បន្ថែម និង​ផ្តល់​សម្ភារ​សម្រាប់​ដៃគូ​បើកបរ​ដែលជា​មនុស្ស​ថ្លង់​ផងដែរ​។

Grab បន្តថា​ចំពោះ​កម្មវិធី​ទី​ ២ គឺមាន​ឈ្មោះថា ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​វា​គឺជា​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​ដៃគូ​បើកបរ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការជួញដូរ​មនុស្ស​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​ប្រឆាំង​ការជួញដូរ​មនុស្ស​ដូចជា អង្គការ Liberty Shared Cambodia និង​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​នៅ​កម្ពុជា​។

Grab បញ្ជាក់​ថា​ខ្លួន​នឹងធ្វើការ​បណ្តុះបណ្តាល​តាម​អ៊ីនធឺណិត​តាមរយៈ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ចល័ត និង​ការបណ្តុះបណ្តាល​ផ្ទាល់​ក្នុង​ថ្នាក់រៀន​ដល់​ដៃគូ​បើកបរ​ចំនួន ១០ ០០០ នាក់​​ ក្នុង​ខែមិថុនា ឆ្នាំ​ ២០២០​។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​នានា​ពី​ក្រុមហ៊ុន Grab និង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​ផ្សេងទៀត​ចូលរួម​គាំទ្រ និង​បង្កើត​កម្មវិធី​ដែល​មាន​សារប្រយោជន៍​ដល់​សង្គមជាតិ​ដូច​ក្រុមហ៊ុន Grab​។

លោក​បញ្ជាក់ថា​៖ «​នៅ​កម្ពុជា​មាន​ជនពិការ​ជាង​ ១ ​លាន​នាក់​​ ក្នុង​នោះ​អ្នកមាន​បញ្ហា​គ​ថ្លង​មាន​ជាង ៤ ​ម៉ឺន​នាក់​។ ដូច្នេះ​នេះ​គឺជា​គម្រោង​មួយ​ដ៏ល្អ​នៅ​ផ្នែក​ឯកជន​សហការ​ជាមួយ​ស្ថាប័នរដ្ឋ​យើង​ក្នុង​ការជួយ​គាំទ្រ​ផ្តល់​លទ្ធភាព​ទៅ​ជនពិការ​ឲ្យ​មានឱកាស​រក​ទទួលទាន​តាមរយៈ​បើកបរ Grab មក​ចិញ្ចឹម​គ្រួសារ​»​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​កម្ពុជា បាន​ថ្លែង​ក្នុងឱកាស​នោះដែរ​ថា ការដឹកជញ្ជូន​គឺជា​មធ្យោបាយ​ដែល​ជនរងគ្រោះ និង​ជនល្មើស​បាន​ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​សកម្មភាព​នៃ​ការជួញដូរ​មនុស្ស​។

លោកស្រី​បន្តថា បើ​សិន​ជាមាន​កិច្ចសហការ​ល្អ​ជាមួយ​អ្នកបើកបរ​គ្រប់​យានជំនិះ​នៅលើ​ដងផ្លូវ និង​អ្នកធ្វើដំណើរ​នៅលើ​ផ្លូវ​នោះ​នឹង​នាំ​ឲ្យ​សកម្មភាព​នៃ​ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ទទួល​បាន​ជោគជ័យ​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នេះ គឺ​មិន​មែនមាន​សមត្ថកិច្ច​ត្រឹមតែ​នគរបាល​ទេ​។ ជាការ​ពិត​មធ្យោបាយ​ធ្វើដំណើរ​មាន​សារៈសំខាន់​ជាទីបំផុត​ដែល​ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ការសហការ​ជាមួយគ្នា​»​។ បើតាម​លោកស្រី ជូ ប៊ុនអេង ជា​រៀងរាល់​ឆ្នាំ​សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​នឹង​ការជួញដូរ​មនុស្ស​យ៉ាងតិច​បំផុត ១០០ ​ករណី​ ក្នុង​ ១ ​ឆ្នាំៗ​ដោយ​ក្នុងនោះ​មាន​ជនរងគ្រោះ​យ៉ាងហោចណាស់ ៥០០ នាក់​ បាន​ទទួល​រងគ្រោះ​ពី​អំពើ​ជួញដូរ​តាម​គ្រប់​រូបភាព​។

លោក Hashim Alkaff នាយក​ក្រុមហ៊ុន Grab ប្រចាំ​កម្ពុជា​បាន​លើកឡើងថា សុវត្ថិភាព និង​សន្តិសុខ​គ្រប់​ទម្រង់​ទាំងអស់​ត្រូវបាន «​ផ្សារភ្ជាប់​ទៅក្នុង DNA (​ឌីអិនអេ​) របស់​ក្រុម Grab»​។

លោក​បន្ថែមទៀតថា​៖ «​ដោយសារតែ​យើង​ពង្រីក​បណ្តាញ​របស់​យើង​ពាសពេញ​ក្នុង​តំបន់ រួមទាំង​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ យើង​ដឹង​ច្បាស់​ថា​ដៃគូ​បើកបរ​របស់​យើង​អាច​មិនដឹង​អំពី​ការទាក់ទង រវាង​អ្នកជួញដូរ និង​ជនរងគ្រោះ​នៅតាម​ព្រលាន​យន្តហោះ ស្ថានីយ​រថភ្លើង ឬ​ស្ថានីយ​ឡានក្រុង​នោះទេ​។

នេះ​ជា​មូលហេតុ​ដែល​យើង​មាន​ការប្ដេជ្ញា​យ៉ាងរឹងមាំ​ក្នុង​ភាពជា​ដៃគូ​ដ៏សកម្ម​ជាមួយ​អង្គការ Liberty Shared និង​អង្គការ​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ ដើម្បី​ស្វែងរក​ដោះស្រាយ និង​បង្វឹក​ដៃគូ​បើកបរ​ឱ្យ​ចេះ​វាយតម្លៃ​ពី​សកម្មភាព​សង្ស័យ និង​ឆ្លើយតប​ឱ្យ​បាន​ត្រឹមត្រូវ​»៕