ភ្នំពេញៈ ក្រសួង​ចំនួន​ ២ ​បាន​ណែនាំ​ទៅ​អង្គភាព​ក្រោម​ឱវាទ​ឱ្យចូល​រួមសហការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ជួយ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល​នៅ​តាម​តំបន់​ដែល​កំពុង​រងគ្រោះ​ដោយ​គ្រោះទឹកជំនន់ ព្រមទាំង​ត្រៀមខ្លួន​ស្តារ​ការខូចខាត​ឡើងវិញ​ក្រោយពី​គ្រោះទឹកជំនន់​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ណែនាំ​ទៅ​មន្ត្រី​ក្នុង​អង្គភាព​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រាជធានី-ខេត្ត ឱ្យចូលរួម​សម្របសម្រួល និង​ធ្វើ​ប្រតិបត្តិការ​ឆ្លើយតប​គ្រោះអាសន្ន និង​ស្តារឡើងវិញ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​បញ្ចៀស​បង្ការ និង​ទប់ស្កាត់ ការខូចខាត ដែល​កើត​ពី​ទឹកជំនន់​តាម​លទ្ធភាព​ជាក់ស្តែង​។

ក្នុង​សេចក្តី​ជូនដំណឹង​កាលពី​​ថ្ងៃទី​ ១៣ ខែតុលា លោក វេង សាខុន បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម ពិនិត្យ តាមដាន និង​វាយតម្លៃ​ផលប៉ះពាល់​នៃ​ការខូចខាត​ដំណាំ និង​ត្រៀមលក្ខណៈ​បញ្ចេញ​ស្រូវពូជ និង​ពូជ​ដំណាំ​ផ្សេងៗ​ពី​សន្និធិ​នៃ​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​សម្រាប់​កិច្ចអន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ​តាម​ភាពជាក់ស្តែង​។

ជាមួយ​គ្នា​នោះ​លោក​រដ្ឋមន្ត្រី​បាន​រំឭក​ទៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឱ្យ​ត្រៀម​ថ្នាំ​ការពារ ព្យាបាល សម្ភារ​បសុព្យាបាល ចំណី​សត្វ ឱ្យបាន​គ្រប់គ្រាន់ និង​ត្រៀម​ទីទួល​ខ្ពស់​ដើម្បី​ជម្លៀស​សត្វ​ដែល​រងគ្រោះ​ពី​ទឹកជំនន់​​ និង​សង្គ្រោះ​សត្វ​។ ​រីឯ​ខាង​មន្ទីរ​កសិកម្ម​រាជធានី ខេត្ត ត្រូវ​តាមដាន​ជាប្រចាំ​នូវ​ស្ថានភាព​ទឹកជំនន់​ដោយ​ត្រៀម​សង្គ្រោះបន្ទាន់ វាយតម្លៃ​ផលប៉ះពាល់​ និង​ខូចខាត​ជា​បណ្តើរៗ​ដើម្បី​ប្រាក​ដដែល​ត្រូវ​ស្តារឡើងវិញ​។

លោក​ ឡាយ ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៤ តុលា​ ថា ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​​ខេត្ត​នេះ​បាន​ទទួល​ស្បៀង​ជាបន្តបន្ទាប់ ចំណែក​សត្វ​ត្រូវ​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ដោយ​ក្នុងភូមិ​នីមួយៗ​មាន​យ៉ាងហោចណាស់​ក៏​ ២ ​កន្លែង​ដែរ ប៉ុន្តែ​មាន​ការលំបាក​លើ​​បញ្ហា​ចំណី ព្រោះ​ខ្វះ​ស្មៅ និង​ចំបើង​ជាដើម​។

លោក ពិសិដ្ឋ បាន​ថ្លែងថា​៖ «​យើង​រង់ចាំ​នៅពេល​ដែល​ទឹក​ស្រក​នឹង​ចុះ​វាយតម្លៃ​ឱ្យបាន​ច្បាស់​ថា មានការ​ខូចខាត​ប៉ុនណា​អី​ប៉ុនណា ហើយ​យើង​គិតពី​លទ្ធភាព​ស្តារ បើ​អាច​ស្តារ​បាន​​គឺ​យើង​ធ្វើសំណើ​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​អាច​ស្នើសុំ​ជា​ពូជស្រូវ និង​ដំណាំ​ផ្សេងៗ ដើម្បី​​ជួយ​ស្រោចស្រង់​ ឬ​ក៏​ស្តារ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ឱ្យ​ដឹងថា តំបន់​ដែល​មាន​ទឹកជំនន់​សុទ្ធតែ​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺ​សត្វ​រួចហើយ ប៉ុន្តែ​អ្វីដែល​មន្ត្រី​កសិកម្ម​កំពុង​ធ្វើ​នោះ គឺ​ចុះ​ទៅតាម​ដាន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​សត្វ​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ពេល​មន្ត្រី​ជំនាញ​ចុះ​​យុទ្ធនាការ​នោះ​មក​ឱ្យ​មន្ត្រី​ពេទ្យសត្វ​ចាក់​ជូន​ដើម្បី​ការពារ​។

លោក ផាន់ណារ៉ា ថ្លែងថា​៖ «​ចំពោះ​ថ្នាំ​ការពារ និង​ថ្នាំ​ព្យាបាល​យើង​មិន​ខ្វះ​ទេ​យើង​មាន​បម្រុង​គ្រប់គ្រាន់ ហើយ​យើង​ទើបតែ​ចែកជូន​ពួកគាត់​កាលពី​ថ្ងៃ​ទី​ ១២ ខែតុលា​។ ប្រសិន​បើ​ពួកគាត់​មាន​ការខ្វះខាត​ក៏​​យើង​មាន​បម្រុង​ដែរ នៅ​អគ្គនាយកដ្ឋាន​សម្រាប់​ផ្តល់​ទៅគ្រប់​ខេត្ត​ក្រុង បើ​មាន​ខេត្ត-ក្រុង​ណាមួយ​ត្រូវការ​»​។

ដោយឡែក​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ក៏បាន​ណែនាំ​ដល់​អគ្គនាយកដ្ឋាន​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេកទេស ព្រមទាំង​ប្រធាន​មន្ទីរ​សាធារណការ រាជធានី ខេត្ត ផងដែរ ដើម្បី​រួមគ្នា​ផ្សព្វផ្សាយ​សភាពការណ៍​គ្រោះអាសន្ន​នានា និង​ប្រមូល​ព័ត៌មាន​ឱ្យបាន​​គ្រប់​ជ្រុងជ្រោយ​ដោយ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

ក្នុង​សេចក្តី​ណែនាំ​ចុះ​ថ្ងៃទី​ ១៣ ខែតុលា លោក ស៊ុន ចាន់ថុល បាន​ជំរុញ​ឱ្យ​ចាត់​កម្លាំង​ជាបន្ទាន់ ដើម្បី​ជួសជុល និង​តភ្ជាប់​ឱ្យបាន​ទាន់ពេល​ករណី​មាន​ការកាត់ផ្តាច់​ផ្លូវ ស្ពាន (​កាត់ផ្តាច់​ចរាចរណ៍​)​។ ​ជាមួយ​​គ្នា​នោះ​ក៏ត្រូវ​ដំឡើង​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ទីតាំង​ដែល​កំពុង​ងាយ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​បានឱ្យដឹង​ថា ការងារ​នេះ​លោក​បាន​ណែនាំ​ទៅគ្រប់​អង្គភាព​ពាក់ព័ន្ធ​ឱ្យ​ចាត់វិធានការ​ជា​ចំណុចៗ ដើម្បីឱ្យ​អង្គភាព​ត្រៀម​ទប់ទល់​ធ្វើ​​យ៉ាងណា​ការពារ​កុំឱ្យ​មាន​ការកាត់ផ្តាច់​ចរាចរណ៍ ក៏ដូចជា​​ការត្រៀម​កម្លាំង ដើម្បី​ភ្ជាប់​ចរាចរណ៍​ឡើងវិញ​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​វិធានការ​សំខាន់ៗ យើង​បាន​ណែនាំ​ទៅ​បណ្តា​មន្ទីរ​សាធារណការ​ទាំងអស់​តាមដាន​ការព្យាករ​អាកាសធាតុ ហើយ​ធ្វើ​របាយការណ៍​មក​អគ្គនាយកដ្ឋាន​ឱ្យបាន​ទាន់ពេលវេលា​។ ​ប្រសិន​បើ​មាន​ការកាត់ផ្តាច់​ផ្លូវ ត្រូវ​ចាត់​កម្លាំង​ជាបន្ទាន់ សម្រាប់​ទៅ​ជួសជុល​ឡើងវិញ ធ្វើការ​សហការ​យ៉ាងណា​ធានា​ការធ្វើ​ដំណើរ​ឱ្យបាន ហើយ​ក្នុង​ករណី​មានទឹក​លិច​ផ្លូវ យើង​អាច​ពិនិត្យមើល តើ​យើង​ត្រូវ​អនុញ្ញាត​​ឱ្យ​ឡានតូច​ ឬ​ធំ​អាច​ឆ្លងកាត់​បាន​ឬ​យ៉ាងណា​?»៕

វីដេអូ៖f