ភ្នំពេញៈ ក្រសួង​ព័ត៌មាន និង ក្រសួង​សុខាភិបាល​សហការ​ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា​បានរៀបចំ​ធ្វើ​កិច្ចពិភាក្សា​ស្តីពី​ «​សារព័ត៌មាន​៖ ចំពោះមុខ​កូវីដ ១៩ និង​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​ឱ្យ​អ្នកសារព័ត៌មាន ចែករំលែក​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ ខណៈ​ដែល​ក្រសួង​ព័ត៌មាន​រកឃើញ​គណនី​ហ្វេសប៊ុក​ជាង ១០ ដែល​បង្ហោះ​ព័ត៌មាន​បំពុលសង្គម ហើយ​បានដាក់​ទៅឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ចាត់វិធានការ​។

កិច្ចពិភាក្សា​ដែល​ធ្វើឡើង​កាលពី​ម្សិលមិញ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូណា ​ប្រធាន​​ក្លិប​អ្នកកាសែត​កម្ពុជា ព្រមទាំង​បណ្តា​អ្នកសារព័ត៌មាន​ជាតិ​មកពី​ស្ថាប័ន​នានា​យ៉ាងច្រើន​ផងដែរ​។

ក្លិប​អ្នកកាសែត​កម្ពុជា​បញ្ជាក់​ថា ការរៀបចំ​ឱ្យមាន​កិច្ចពិភាក្សា​ស្តីពី «​សារព័ត៌មាន​ចំពោះមុខ​កូវីដ​ ១៩ និង​ព័ត៌មាន​ក្លែងក្លាយ​» ​នេះ​ឡើង​ស្រប​ពេលដែល​បច្ចុប្បន្ន​នេះ​មាន​បណ្តាញ​ព័ត៌មាន​មួយចំនួន​បាន​បំផុស​នូវ​ព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​អំពី​ករណី​វីរុស​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា​ធ្វើឱ្យ​សាធារណជន​ទូទៅ​មាន​ការភាន់ច្រឡំ​ចំពោះ​បញ្ហា​នេះ​។

លោក ផុស សុវណ្ណ ថ្លែង​ក្នុង​កិច្ចពិភាក្សា​នេះ​ថា​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងក្លាយ ពិសេស​កំពុង​កើតមានឡើង​ដោយ​ផ្សព្វផ្សាយ​បំភ័ន្ត​ការពិត​អំពី​ករណី​វីរុស​កូវីដ​ ១៩ ​នេះ​ជំហាន​ដំបូង​ក្រសួង​ព័ត៌មាន​បាន​ប្រើប្រាស់​វិធានការ​អប់រំ ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ននេះ​ក្រសួង​បាន​រកឃើញ​គណនី​ហ្វេសប៊ុក​ប្រមាណ​ជាង​ ១០ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បំភ័ន្ត​ការពិត​ពាក់ព័ន្ធ​នឹង​វីរុស​កូវីដ​ ១៩ ​នៅ​កម្ពុជា​ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ចាត់វិធានការ​។

លោក​បញ្ជាក់​ថា​៖ «​សម្រាប់​ដំណឹង​ក្លែងក្លាយ​គឺ​យើង​ឱ្យឈ្មោះ ឬ​អត្តសញ្ញាណ​របស់​ផេច ឬ​អាខោន​មួយចំនួន​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​ករណីនេះ​។ ព័ត៌មាន​ក្លែងក្លាយ​ផ្សាយ​តាមរយៈ​បណ្តាញ​សង្គម ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​នោះ ក្រសួង​ព័ត៌មាន​អាច​ចាត់វិធានការ​ដោយ​ខ្លួនឯងបាន​។ ដោយឡែក​មាន​គេហទំព័រ​ហ្វេសប៊ុក​មួយចំនួន​ក៏​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែរ ប៉ុន្តែ​មិនបាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ទេ យើង​ក៏​ប្រគល់​ទៅឱ្យ​ក្រសួង​ប្រៃសណីយ៍​ចាត់វិធានការ​»​។

លោក​បញ្ជាក់ថា​៖ «​កន្លងមកនេះ​មាន​ផេច និង​អាខោន​ជាង ១០ ​បាន​ផ្សាយ​យ៉ាងសកម្ម​អំពី​ជំងឺ​កូវីដ​ ១៩ ដោយ​បំភ្លៃ​ព័ត៌មាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យមាន​ការយល់ច្រឡំ​ដោយ​ចេតនា​តែម្តង​។ យើង​បាន​ផ្ញើ​អាខោន ឬ​ផេច​ទាំងនោះ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក ដើម្បី​ចាត់វិធានការ​ហើយ​»​។

លោកស្រី ឱ វណ្ណឌីន បាន​ថ្លែងថា បច្ចុប្បន្ននេះ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​បាននិង​កំពុង​តែ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច និង​កាន់តែ​ចាប់អារម្មណ៍​ច្រើនជាង​ព័ត៌មាន​ពិត​ទៅទៀត ខណៈ​ដែល​ព័ត៌មាន​មិន​ពិត ជុំវិញ​បញ្ហា​វីរុស​កូវីដ​ ១៩ ​នេះ​កំពុង​មាន​ឥទ្ធិពល​ទៅលើ​សុខភាព​ផ្លូវចិត្ដ​របស់​សាធារណជន​។

លោកស្រី​បញ្ជាក់ថា បច្ចុប្បន្ននេះ​តាម​ការលើកឡើង​របស់​អង្គការ​សុខភាព​ពិភពលោក ហើយ​ក៏មាន​អត្ថបទ​មួយ​លើកឡើង​ពី​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​នៃ​សហរដ្ឋអាមេរិក​ដែរ​បាន​បញ្ជាក់ថា ព័ត៌មាន​ក្លែងក្លាយ​មាន​ចំនួន​ ១៤២ ដង​ច្រើនជាង​ព័ត៌មាន​ដែល​ពិត​។ មានន័យថា​បើ​ព័ត៌មាន​ពិត​ ១ ចំពោះ​មាន​ព័ត៌មាន​មិន​ពិត​មាន​ចំនួន ១៤២ ដែល​ជា​ចំនួន​ច្រើន ហើយ​ព័ត៌មាន​មិន​ពិត​នេះ​មាន​ការរីករាលដាល​លឿន​ជាង​ជំងឺ​កូវីដ​ ១៩ ​ទៅ​ទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​ព័ត៌មាន​មិន​ពិត​នេះឯង ដែល​ធ្វើឱ្យ​មានការ​ជ្រួលច្របល់ និង​បំពុល​នៅក្នុង​សង្គម​នីមួយៗ​ផងដែរ​។ ការ​សាយភាយ​នូវ​ព័ត៌មាន​មិន​ពិត​នេះ​គឺ​មាន​ល្បឿន​លឿន​ណាស់​លឿន​ជាង​ព័ត៌មាន​ពិត​។ ដូច​ការលើកឡើង​ហើយ​ថា ជា​ការអកុសល​ព័ត៌មាន​ពិត​មិនសូវ​មាន​អ្នកមើល​ទេ ដោយសារ​តែ​ព័ត៌មាន​ពិត​នេះ​មាន​តិច​ជាង​ព័ត៌មាន​មិន​ពិត​»៕