ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរៀបចំតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈក្នុងរយៈពេល ៤ ឆ្នាំ (ឆ្នាំ ២០២០-២០២៣) ដើម្បីផ្ដល់ការរៀន និងការបង្រៀនតាមបែបឌីជីថលដែលការអនុវត្តត្រូវធ្វើឡើងជាជំហានៗចាប់ពីចុងឆ្នាំនេះទៅ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា គម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈក្នុងរយៈពេល ៤ ឆ្នាំនេះ ត្រូវបានលោករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយលោក ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតំណាងក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ២៣ តុលា ទីស្ដីការក្រសួងអប់រំ។
លោក សុវាចា ថ្លែងថា៖ «ជំនួបពិភាក្សា (របស់ក្រសួងទាំង ២) ដើម្បីពិភាក្សាអនុវត្តគម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈចំនួន ៣ ០០០ ទីតាំង ក្នុងរយៈពេល ៤ ឆ្នាំចាប់ពីឆ្នាំ ២០២០-២០២៣ ក្នុងក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍»។
បើតាមលោក សុវាចា ក្រសួងអប់រំបានកំណត់លក្ខណវិនិច្ឆ័យមួយចំនួនដើម្បីជ្រើសរើសសាលារៀនគោលដៅតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនេះប្រមាណ ៣០០ ទីតាំង នឹងចាប់ផ្ដើមអនុវត្ដក្នុងឆ្នាំ ២០២០ នេះទៅហើយនៅឆ្នាំ ២០២១ នឹងបន្តអនុវត្ដតាមគ្រឹះស្ថានសិក្សាប្រមាណ ៦០០-៧០០ ទៀត។
លោក ហង់ជួន ណារ៉ុន ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះថា ការជ្រើសរើស និងការដាក់ឱ្យអនុវត្តគម្រោងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតដល់គ្រឹះស្ថានសិក្សាសាធារណៈទាំង ៣ ០០០ ទីតាំងក្នុងរយៈពេល ៤ ឆ្នាំនេះគឺធ្វើឡើងតាមរយៈការវាយតម្លៃពីក្រុមការងារបច្ចេកទេសរវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍។ ការងារនេះផ្ដោតលើទីតាំងគ្រឹះស្ថានដែលមានភាពងាយស្រួលក្នុងការចូលរួម និងការតាំងចិត្តខ្ពស់ក្នុងការចែករំលែក និងប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាដល់សិស្សានុសិស្ស។
លោក ជុន វ៉ាត បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញដែរថា តាមសំណើរបស់ក្រសួងអប់រំគឺបានសុំឱ្យក្រសួងប្រៃសណីយ៍ជួយបំពាក់អ៊ីនធឺណិតតាមបណ្ដាសាលារៀនចំនួន ៣ ០០០ ទីតាំងក្នុងផែនការរយៈពេល ៤ ឆ្នាំ។ ប៉ុន្ដែការអនុវត្ដផែនការនេះនឹងត្រូវធ្វើជាជំហានៗតែក្នុងជំហានដំបូងនេះ គឺនឹងតភ្ជាប់អ៊ីនធឺណិតតាមគ្រឹះស្ថានសិក្សាប្រមាណ ២០០-៣០០ ទីតាំង អាស្រ័យទៅតាមការវាយតម្លៃ។
លោកថ្លែងថា៖ «យើង (ក្រសួងទាំង ២) នឹងឱ្យមានក្រុមការងារចុះទៅវាយតម្លៃថា តើសាលារៀនដែលត្រូវបំពាក់ប្រព័ន្ធអ៊ីនធឺណិតនោះមានអគ្គិសនី ឬសម្ភារគ្រប់គ្រាន់ ឬអត់និងអាស្រ័យលើការតាំងចិត្ដផ្ទាល់របស់សាលារៀននីមួយៗក្នុងការតភ្ជាប់បណ្ដាញអ៊ីនធឺណិតនេះ»។
លោក ជុន វ៉ាត បានឱ្យដឹងថា បណ្ដាញអ៊ីនធឺណិតដែលក្រសួងប្រៃសណីយ៍ភ្ជាប់ទៅតាមសាលារៀននេះគឺជាការតភ្ជាប់តាមប្រព័ន្ធខ្សែ (Fiber to the school) ទៅតាមសាលារៀនគោលដៅដែលបានកំណត់។
លោកបានបញ្ជាក់ថា៖ «ខាងខ្ញុំគឺគ្រាន់តែជួយផ្ដល់ប្រព័ន្ធអ៊ីនធឺណិតប៉ុណ្ណោះ ចំណែកក្រសួងអប់រំគាត់នឹងមានផែនការរបស់គាត់ក្នុងការបំពាក់ឧបករណ៍ផ្សេងៗទៀតដើម្បីបម្រើដល់ការរៀន និងការបង្រៀនបែបឌីជីថល (E-Learning) របស់គាត់នេះ»៕