
ក្រុមយុវជនពេលប្រមូលសំរាមនៅភ្នំពេញកន្លងមក។ រូប អង្គការយុវជនសំរាម
ភ្នំពេញៈ ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃរួមគ្នាបង្កើតក្រុមការងារថ្មីដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ។
ប្រកាសអន្តរក្រសួងដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃ ១៣ ធ្នូ ឱ្យដឹងថា ក្រុមការងារថ្មីនេះមានតួនាទីពិនិត្យឡើងវិញនូវលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីកែសម្រួលឱ្យបានសមស្របជាមួយសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ពលរដ្ឋ។ សិក្សា ពិនិត្យ និងកែសម្រួលគោលការណ៍ វិធានការ និងយន្តការនានានៃចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងពីថ្ងៃ ១៣ ធ្នូថា ការបង្កើតក្រុមការងារ អន្តរក្រសួងនេះដើម្បីបញ្ជ្រាបការយល់ដឹងពីការថែរក្សាអនាម័យបរិស្ថានធ្វើយ៉ាងណាឱ្យមានបរិស្ថានស្អាត ទន្ទឹមនឹងភូមិឃុំ មានសុវត្ថិភាព។
បើតាមលោក ភក្ត្រា ការរក្សាអនាម័យបរិស្ថាន គឺជាភាពចាំបាច់មួយ ហេតុនេះគោលដៅសំខាន់នៃការរួមគ្នាបង្កើតក្រុមការងារអន្តរក្រសួងនេះ គឺដើម្បីឱ្យសហគមន៍មានបរិស្ថានអនាម័យល្អ ស្របនឹងបរិបទនៃជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹងការបញ្ជ្រាបនូវចំណេះដឹង ការគោរពប្រតិបត្តិបរិស្ថានទាំងអស់គ្នា ទាំងការគ្រប់គ្រងសំរាម ការរស់នៅប្រកបដោយអនាម័យបរិស្ថាន ការចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវការចូលរួមក្នុងការសម្អាតភូមិឃុំរបស់ខ្លួន និងការទុកដាក់សំរាមសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវគឺជាកត្តាសំខាន់»។
សំខាន់ជាងនេះ ការផ្តោតសំខាន់លើអនាម័យបរិស្ថានគឺការគ្រប់គ្រងសំណល់រឹងទីប្រជុំជនក៏ដូចជាសំណល់ដែលបង្កើតឡើងតាមភូមិឃុំរបស់ពលរដ្ឋដែរ។ ក្រសួងបរិស្ថានសង្កេតឃើញថា ក្នុងសំណល់ ១០០ ភាគរយមានតែជាង ៥០ ភាគរយប៉ុណ្ណោះត្រូវបានយកទៅចាក់នៅលើទីលាន ក្រៅពីនោះតែងមានការដុត កាយកប់ និងការបោះចោលផ្តេសផ្តាស។ នេះបើតាមលោក នេត្រ ភក្ត្រា។
លោក សំ ប្រាក់ នាយនគរបាលប៉ុស្តិ៍សង្កាត់លេខ ៤ ខេត្តព្រះសីហនុបានប្រាប់ថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពមិនបានលេចធ្លោដូចមុនឡើយ ដោយសារបញ្ហាវិបត្តិកូវីដ១៩។ ប៉ុន្តែនៅមានសកម្មភាពមួយចំនួនដែលអាចធ្វើជាប្រចាំគឺការងាររដ្ឋបាល ការបង្ក្រាបបទល្មើស និងការល្បាតពួនស្ទាក់តាមវេន។
លោក សំ ប្រាក់ ថ្លែងថា៖ «លទ្ធផលកន្លងមក ពោលគឺមុនពេលកូវីដ១៩កើតឡើងយើងទទួលបានល្អប្រសើរអាចទទួលយកបាន...ប៉ុន្តែនៅពេលកូវីដនេះ យើងសង្កេតឃើញថា ហាក់បីដូចជា មានការកម្រើកច្រើនឡើងវិញនូវគ្រឿងញៀន និងបញ្ហាចរាចរណ៍»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងពីថ្ងៃទី ១៣ ធ្នូ ដែរថា កន្លងមករាជរដ្ឋាភិបាល និងអាជ្ញាធរបានអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានមួយកម្រិត។ ប៉ុន្តែគុណភាពនៃការអនុវត្តគោលនយោបាយនេះមិនទាន់បានប្រសើរនៅឡើយ។
លោក ចន្ទរឿន បានថ្លែងថា៖ «តាមភូមិឃុំនៅប្រឈមមុខបញ្ហាជាច្រើន ឧទាហរណ៍ដូចជា រឿងការប្រើប្រាស់ ជួញដូរគ្រឿងញៀន ការលួច ការឆក់ប្លន់តែងកើតមានជារឿយៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខ ដែលសម្លាប់ប្រជាជនខ្មែរក្នុង ១ ថ្ងៃពី ៦ ទៅ ៧ នាក់»។
យ៉ាងណាក្ដីលោក ច័ន្ទរឿន បានសម្តែងក្ដីរីករាយនៅពេលដឹងថា ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានបង្កើនប្រសិទ្ធភាពពីលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសបញ្ហាអនាម័យ និងបរិស្ថាន។
ជាមួយគ្នានេះលោកបានស្នើឱ្យមានគោលនយោបាយហិរញ្ញវត្ថុដើម្បីឱ្យអាជ្ញាធរថ្នាក់ក្រោម និងភាគីពាក់ព័ន្ធមានលទ្ធភាពក្នុងការអនុវត្តគោលនយោបាយនេះឱ្យបានពេញលក្ខណៈផងដែរ។ រីឯការអនុវត្តក៏សុំកុំឱ្យរើសអើង ឬប៉ះពាល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
លោក ម៉ាត់ អាល់ពី ប្រធានអង្គការអ្នកអភិវឌ្ឍន៍សហគមន៍បានថ្លែងដែរថា ការដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន គឺជាយន្តការល្អ ប៉ុន្តែការអនុវត្តអាចនឹងមិនបាន ១០០ ភាគរយនោះទេ។
លោកថា៖ «ខ្ញុំគិតថា វាអាចល្អសម្រាប់គោលនយោបាយ ប៉ុន្តែការអនុវត្តអាចនឹងពិបាក អ៊ីចឹងបើក្នុងសហគមន៍មានអាជ្ញាធរមូលដ្ឋានសកម្មក្នុងការផ្សព្វផ្សាយបានទូលំទូលាយជាប្រចាំទើបគោលនយោបាយនោះបានជ្រាបដល់ពលរដ្ឋក្នុងសហគមន៍»៕