ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ក្រសួង​យុត្តិធម៌​បាន​បង្កើត​ «​គណៈកម្មាធិការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រឹបអូស​» ​ដើម្បី​ធ្វើ​ការងារ​លើ​ការលក់​ទ្រព្យសម្បត្តិ​ដែល​ផ្ទេរ​ពី​តុលាការ​បន្ទាប់ពី​មាន​សាលដីកា​ស្ថាពរ​ពី​តុលាការ​។

គណៈកម្មាធិការ​នេះ​ដឹកនាំ​ដោយ​លោក ​គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​សមាជិក​នៃ​គណៈកម្មាធិការ​នេះ​មាន​សមាសភាព​មន្ត្រី​ដែល​ជា​សមាជិក​មកពី​ក្រសួង​ទាំង ២​។

នៅពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក គឹម សន្តិភាព បាន​ថ្លែង​ថា គណៈកម្មាធិការ​ធ្វើការងារ​តែ​លើ​ទ្រព្យសម្បត្តិ​ដែល​ផ្ទេរ​ពី​តុលាការ​ដែលមាន​សាលដីកា​ស្ថាពរ​តែ​ប៉ុណ្ណោះ​។

គណៈកម្មាធិការ​នេះ​ក៏​ធ្វើ​ការងារ​លើ​ការប្រមូល ការគ្រប់គ្រង និង​ការដោះស្រាយ​ជាមួយ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស ការរក្សា​ទ្រព្យសម្បត្តិ​ដើម្បី​បន្ត​ជាមួយ​នីតិវិធី រៀបចំ​ឯកសារ​ដាក់​ទ្រព្យសម្បត្តិ​លក់​ឡាយឡុង និង​ការងារ​ដទៃៗ​ទៀត​។

តាម​ឯកសារ​បាន​និយាយ​ថា គណៈកម្មាធិការ​អាច​ដោះស្រាយ​ទ្រព្យសម្បត្តិ​រឹបអូស​ក្នុង​លក្ខណៈ​មធ្យោបាយ​ ៣ រួមមាន លក់ ផ្តល់​ទ្រព្យសម្បត្តិ​ទាំងនោះ​ទៅ​ស្ថាប័នរដ្ឋ​ដែល​ពាក់ព័ន្ធ ឬ​បញ្ជូន​ត្រឡប់​ទៅ​តុលាការ​វិញ ឬ​ទៅ​គណៈកម្មាធិ​ការ​ចំពោះ​កិច្ច​ណាមួយ ។

ឯកសារ​នេះ​បន្ត​ថា​ការលក់​ទ្រព្យសម្បត្តិ​រឹបអូស​ដូចជា ឧបករណ៍​កសិកម្ម​បរិកា្ខរ យានយន្ត គ្រឿងយន្ត គ្រឿងសង្ហារិម និង​អ្វី​ផ្សេងៗ​ទៀត​ត្រូវតែ​ឆ្លងកាត់​គណៈកម្មាធិការ​វាយតម្លៃ​ទៅតាម​ទីផ្សារ​ហើយ​ចំពោះ​អចលនទ្រព្យ​ក៏អ៊ីចឹង​ដែរ​។ ឯកសារ​នេះ​បាន​រៀបរាប់​នីតិវិធី​ដេញថ្លៃ​ដែល​គណៈកម្មាធិការ​គួរ​គោរព​តាម​។

ផ្នែក​ ៩ ​នៃ​ឯកសារ​នេះ​បាន​និយាយថា​៖ «​គណៈកម្មាធិការ​ត្រូវតែ​រៀបចំ​ការដេញថ្លៃ​សម្រាប់​ទ្រព្យសម្បត្តិ​រឹបអូស​ទៅ​តាម​នីតិវិធី ដោយ​ចាប់ផ្តើម​ពី​តម្លៃ​មូលដ្ឋាន​មួយ ។ តម្លៃ​ដេញថ្លៃ​ត្រូវ​តែ​ដាក់​តាមរយៈ​ស្រោមសំបុត្រ ឬ​ផ្ទាល់មាត់​អាស្រ័យ​ទៅ​លើ​ទ្រព្យសម្បត្តិ និង​ការសម្រេច​ដែល​គណៈកម្មាធិការ​បាន​ជ្រើសរើស​»​។

ផ្នែក​ ១៦ ​នៃ​ឯកសារ​នេះ​ក៏​បាន​លើកឡើង​ថា ៨៩​ ​ភាគរយ​នៃ​ប្រាក់​ដែល​បានមកពី​ការលក់​ទ្រព្យសម្បត្តិ​ត្រូវ​ផ្ទេរ​ទៅ​គណៈកម្មាធិការ ។ ១០ ​ភាគរយ​ត្រូវ​ផ្ទេរ​ចូល​ថវិកាជាតិ និង​ ១ ​ភាគរយ​ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ ។

គណៈកម្មាធិការ​នឹង​ប្រើប្រាស់​ថវិកា​ ៨៩ ​ភាគរយ​សម្រាប់​ការចំណាយ​នៅក្នុង​ការអនុវត្ត​ការងារ​របស់​ខ្លួន​។

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ថ្លែងថា គណៈកម្មាធិការ​នេះ​ត្រូវ​បាន​បង្កើត​យូរ​មកហើយ ប៉ុន្តែ​វា​ឆ្លងកាត់​ការកែលម្អ និង​ការផ្លាស់ប្តូរ​មួយចំនួន​ក្នុង​ចំណោម​សមាជិក ។

លោក​ ជិន ម៉ាលីន ​បាន​បញ្ជាក់​ថា​៖ «​គណៈកម្មាធិការ​ហ្នឹង​ធ្វើ​ការងារ​យូរ​ហើយ តែ​ឥឡូវ​គ្រាន់តែ​គេ​ផ្លាស់ប្តូរ សមាសភាព​មួយចំនួន​។ ពី​មុន​មក​វត្ថុតាង​ដែល​សាលក្រម​ស្ថាពរ​ហើយ​ត្រូវ​លក់​ឡាយឡុង​ចូល​ជា​សម្បត្តិ​របស់​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ និង​ក្រសួង​យុត្តិធម៌​»​។

លោក​បន្ថែម​ថា​៖ «​យើង​ផ្លាស់ប្តូរ​ដើម្បី​បង្កើន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​បានជា​​គេ​ធ្វើការ​ផ្លាស់ប្តូរ​»៕Ps

រាយការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា