ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម បានសម្រេចបដិសេធសំណើរបស់ក្រុមហ៊ុនមួយដែលសុំនាំជ្រូករស់ ១ លានក្បាលចូលកម្ពុជា។ ការបដិសេធនេះធ្វើឡើងក្នុងកិច្ចប្រជុំនៅទីស្ដីការក្រសួងកសិកម្មពីម្សិលមិញ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យកសិករខិតខំចិញ្ចឹមសត្វ ហើយរឹតត្បិតការនាំចូលសត្វ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ពីម្សិលមិញបានប្រជុំពិភាក្សាអំពីបច្ចុប្បន្នភាពនៃការធ្វើពាណិជ្ជកម្មសត្វជ្រូកសាច់ ដូចជាការនាំចេញ នាំចូល និងនាំឆ្លងកាត់ប្រទេសកម្ពុជា ការរឹតត្បិត ឬកាត់បន្ថយបរិមាណនាំចូល និងវិធានការទប់ស្កាត់ឲ្យខាងតែបានការនាំចូលសត្វខុសច្បាប់។ នេះបើតាមសាររបស់លោក វេង សាខុន ដែលបានសរសេរនៅលើហ្វេសប៊ុករបស់លោកពីម្សិលមិញ។
លោក វេង សាខុន ថ្លែងថាកិច្ចប្រជុំនេះធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជំរុញឲ្យប្រជាកសិករបន្តខិតខំចិញ្ចឹមសត្វបន្ថែមទៀត ដូចជាជ្រូក មាន់ ទា និងត្រី ដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការគ្រួសារ ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ និងជាពិសេសរឹតត្បិតការនាំចូលសត្វ។
ការពិភាក្សាលើបញ្ហានេះលោកថា៖ «ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មចិញ្ចឹមសត្វក្នុងស្រុកធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់»។
លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃព្រហស្បតិ៍ ថារដ្ឋមន្ត្រីទាំង ២ បានសម្រេចបដិសេធសំណើសុំរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាយដ៍ គ្រុប ដែលសុំនាំចូលជ្រូក ១ លានក្បាលពីក្រៅប្រទេសមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំបន្តទៅប្រទេសវៀតណាម។ លោកថ្លែងថា ការបដិសេធនេះក៏ធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីផងដែរ។
លោកមានប្រសាសន៍ថា៖ «ឯកឧត្តមទាំង ២ បានបដិសេធ ហើយបានលើកជាយោបល់ទៅថ្នាក់ដឹកនាំហើយថាមិនអនុញ្ញាតទេ។ សព្វថ្ងៃនេះយើងឲ្យនាំចូល ៦ ៣០០ ក្បាល [ក្នុង ១ ថ្ងៃ] ដើម្បីបង្គ្រប់អ្វីដែលយើងខ្វះខាត។ បើកាលណាឲ្យទៀតវានឹងប៉ះពាល់ដល់កសិករ ក្រុមហ៊ុន ឬកសិដ្ឋានចិញ្ចឹមសត្វផ្សេងៗ។ អ៊ីចឹងអ្វីដែលក្រសួងកំពុងធ្វើ គឺគាំទ្រអនុសាសន៍របស់សម្ដេចគឺយើងពិចារណាកាត់បន្ថយការនាំចូល ហើយយើងពង្រឹងការចិញ្ចឹមត្រី និងសត្វ និងដាំបន្លែជាដើម ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងមានការងារធ្វើ»។
លិខិតស្នើសុំដែលភ្នំពេញប៉ុស្តិ៍ទទួលបានគឺក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាយដ៍គ្រុប នាថ្ងៃទី ៩ កក្កដាបានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយស្នើសុំនាំចូលជ្រូករស់ ១ លានក្បាល ក្នុង ១ ឆ្នាំមកផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងនាំចេញទៅវៀតណាម។
ក្រុមហ៊ុនលើកឡើងថា ការនាំចូលនេះដើម្បីធានាសន្តិសុខស្បៀង និងបង្កើតការងារដល់ប្រជាពលរដ្ឋ ចូលរួមកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុនក៏នឹងឧបត្ថម្ភសាច់ជ្រូកដល់ស្ថាប័នមួយចំនួនដូចជាសាលាពិការភ្នែក និងគថ្លង់ភ្នំពេញថ្មី មន្ទីរពេទ្យ និងអង្គភាពកងទ័ពជើងគោក។
ក្រុមហ៊ុនបន្តថា សំណើសុំនាំចូលនេះបើទទួលបានការអនុញ្ញាតនឹងនាំចូលតាមច្រកព្រំដែនភ្នំដី ច្រកទ្វារព្រំដែនម៉ាឡៃ និងច្រកទ្វារព្រំដែនអូរស្មាច់។ ប៉ុន្តែក្រុមហ៊ុនក៏បញ្ជាក់ដែរថា ការនាំចូលនេះគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបង់ពន្ធ និងអាករតាមច្បាប់កំណត់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសម្ដែងការត្រេកអរចំពោះការសម្រេចបដិសេធការនាំចូលជ្រូកនេះ។ លោកថ្លែងថា៖ «អនុសាសន៍ និងការអនុវត្តនេះត្រឹមត្រូវ។ មូលហេតុអីបានជាខ្ញុំថាត្រឹមត្រូវ គឺដើម្បីប្រទេសជាតិ កសិករ និងបងប្អូនដែលអត់ការងារ ធ្វើហើយងាកមកធ្វើការក្នុងវិស័យចិញ្ចឹម សត្វ និងកសិកម្មនេះគឺល្អមែនទែន»។
លោកបន្តថា៖ «ក្នុងនាមសមាគម ខ្ញុំសូមអរគុណដល់ក្រសួងពាក់ព័ន្ធដែលមិនឲ្យនាំចូល ព្រោះការនាំចូលនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់តម្លៃទេ វាថែមទាំងនាំមកជាមួយជំងឺ និងធ្វើឲ្យកសិករអត់ការងារធ្វើ»។
លោករដ្ឋមន្ត្រី វេង សាខុន លើកឡើងដែរថា ក្រសួងពាក់ព័ន្ធនឹងបើកកិច្ចប្រជុំមួយនៅចុងខែកក្កដានេះ ដើម្បីពិនិត្យមើលលទ្ធភាពផលិតចំណីសត្វ និងការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ការផលិតចំណីសត្វ តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕