ភ្នំពេញ: ក្រសួង​ទេសចរណ៍​ និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​រៀបចំ​គម្រោង​កម្មវិធី​បណ្តុះបណ្តាល​ក្រុម​យុវជន​លើ​ជំនាញ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ជំហាន​ទី​ ២ ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​ ៥ ​រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ព្រះវិហារ ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ និង​បង្កើត​ឱកាស​ការងារ​សមរម្យ​ដល់​ពួកគេ​។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ពី​ថ្ងៃ​ទី​ ២១ កក្កដា ​ថា ក្រុម​ការងារ​នៃ​ក្រសួង​ទាំង​ ២ ​នេះ​កំពុង​ពិភាក្សា​ពី​លទ្ធភាព​ដំណើរការ​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ (Skills Development Programme) ​ជំហាន​ទី​ ២ សម្រាប់​ឆ្នាំ​ ២០២០-២០២៤ ដល់​យុវជន​នៅក្នុង​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ព្រះវិហារ ខណៈ​ខេត្ត​ ៣ ក្នុង​ចំណោម​នេះ​បាន​ឆ្លងកាត់​ជំហាន​ទី​ ១ ​ម្ដង​ហើយ​។

លោក​បន្តថា កម្មវិធី​លើកនេះ​គឺជា​ជំហាន​ទី​ ២ បន្ទាប់ពី​​ជំហាន​ទី​ ១ ​ទើប​បាន​បញ្ចប់​ថ្មីៗ​​នេះ​ដែល​មាន​យុវជន​ ៣ ​ខេត្ត​សរុប​ជាង​ ២ ​ពាន់​នាក់​បាន​ចូលរួម​។ ដោយឡែក​ជំហាន​ទី​ ២ ​នេះ​នឹង​ផ្តល់​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន និង​អ្នក​ជំនាញ​កម្រិត​ទាប​ក្នុង​ខេត្ត​គោលដៅ​ទាំង​ ៥ ​ខាង​លើ ដើម្បី​ទទួល​បាន​ការងារ​សមរម្យ និង​បង្កើន​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ជីវភាព​គ្រួសារ​។

លោក តុប សុភ័ក បញ្ជាក់ថា​៖ «​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​ការសិក្សា និង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​។ ដូច្នេះ​យើង​មិនទាន់​ដឹងថា មាន​សិក្ខាកាម​ប៉ុន្មាន​នាក់​ចូលរួម​ក្នុង​វគ្គ​នេះ​ទេ ប៉ុន្ដែ​យើង​កំណត់​យក​យុវជន​ដែល​មកពី​ខេត្ត​គោលដៅ​ចំនួន ៥ ​ដូច​រៀបរាប់​ខាង​លើ​នេះ​។

គម្រោង​នេះ​គឺ​ក្នុងន័យ​ជួយ​បន្ថែម​លើ​ជំនាញ​របស់​ពួកគាត់​ដែល​ជា​អ្នក​ធ្វើការ​ផ្នែក​សេវាកម្ម​តាម​សណ្ឋាគារ ជំនាញ​ចុងភៅ និង​ជំនាញ​បដិសណ្ឋារកិច្ច​»​។

លោក​បន្ថែម​ថា គម្រោង​នេះ​នឹង​ចូលរួម​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​ដែល​បង្កើតបាន​នូវ​ធន​មនុស្ស​មាន​សមត្ថភាព​​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​ខេត្ត​ដែល​ជា​គោលដៅ​អេកូទេសចរណ៍ និង​ចូលរួម​បង្កើត​ធនធាន​គ្រូបង្គោល​ក៏​ដូច​បង្កើត​ឲ្យ​មាន​អ្នកវាយតម្លៃ​បង្គោល​ប្រកបដោយ​ជំនាញ​ច្បាស់លាស់​។

លោកស្រី ចិន្ដា ក្លេ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ពីថ្ងៃ​ទី​ ២១ ​កក្កដា​ដែរ​ថា លោកស្រី​គាំទ្រ​លើ​កម្មវិធី​បណ្តុះបណ្តាល​នេះ​ដោយសារ​ការសិក្សា​បន្ថែម​លើ​មុខជំនាញ​ដែល​ខ្លួន​មាន​នឹង​ជួយ​ឲ្យ​យុវជន​មាន​ជំនាញ និង​បទពិសោធ​ដើម្បី​មាន​ឱកាស​រក​ការងារ​សមរម្យ​។

លោកស្រី​បន្តថា កន្លងមក​វិស័យ​សេវាកម្ម​ផ្នែក​ទេសចរណ៍​នៅ​មាន​កម្រិត ដោយ​ពួកគាត់​មួយចំនួន​ចេះ​ធ្វើ​ការងារ​តាមរយៈ​សមាជិក​រួម​ក្រុម​ជួយ​បង្ហាត់​បង្ហាញ​ប៉ុណ្ណោះ​។ ពួកគាត់​ភាគច្រើន​មិន​មាន​ជំនាញ​ជាប់​ខ្លួន​មក​ធ្វើការ​ក្នុងតួនាទី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះទេ​។

លោកស្រី ចិន្ដាក្លេ បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មើលឃើញ​ថា​ផ្នែក​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​​មាន​កម្រិត​ទាំង​ភាសា​ខ្មែរ ភាសា​បរទេស និង​ជំនាញ​បច្ចេកទេស​ផ្សេង​។ ខ្ញុំ​គិតថា ក្រសួង និង​ភាគី​ពាក់ព័ន្ធ​គួរតែ​មាន​វគ្គសិក្សា ឬ​បណ្ដុះបណ្ដាល​ខ្លីៗ​​បន្ថែម​ទៀត​ដើម្បី​ជួយ​ពួកគាត់​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការបំពេញ​ការងារ​តាម​ជំនាញ​ដែល​គាត់​កំពុង​បំពេញ​តួនាទី​»​។

គួររំឭកថា ក្រសួង​ទាំង​ ២ ​នេះ​ទើប​បញ្ចប់​ការបណ្ដុះបណ្ដាល​យុវជន​ចំនួន ២ ១០០ ​នាក់​ នៅ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ​ក្នុង​ដំណាក់កាល​ទី​ ១ រយៈពេល​ ៤ ​ឆ្នាំ​ (២០១៧-២០២០) ​នៅ​ដើម​ឆ្នាំ​ ២០២០ ​នេះ​។

ក្នុងនោះ​មាន​ជំនាញ​បដិសណ្ឋារកិច្ច​ (HospitalityTraining) ​កម្មវិធី​ហ្វឹកហាត់​ការងារ​ (Apprenticeship Program) ​និង​ការវាយតម្លៃ​ការសិក្សា​ពីមុន​ (Recognition of Prior Learning) ​សំដៅ​បង្កើត​ឱកាស​ការងារ​។ ទន្ទឹម​នឹង​នេះ​ក៏បាន​ពង្រឹង​សមត្ថភាព​គ្រូ​បង្គោល ​និង​អ្នកវាយតម្លៃ​បង្គោល​ចំនួន​ ៥៨៣ ​នាក់​ផង​ដែរ​៕