ភ្នំពេញៈ ក្រសួង​ចំនួន​ ២ ពី​ម្សិលមិញ​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ «​ប្រព័ន្ធ​គ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ពលរដ្ឋ​អំពី​ជំងឺ​កូវីដ​១៩»​។ ​ប្រព័ន្ធ​នេះ​មាន​មុខងារ​អាច​ទទួល​ការហៅ​ចូល និង​ឆ្លើយតប​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ (Interactive Voice Response,“IVR”) ​និង​អាច​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​។

ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតី​លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹងថា​ប្រព័ន្ធគ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូវីដ​១៩ អាច​ទទួល​ការហៅ​ចូល និង​ឆ្លើយតប​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​តាមរយៈ​ការសហការ​ជាមួយ​ប្រតិបត្តិករ​ទូរគមនាគមន៍​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រព័ន្ធ​នេះ​មាន​មុខងារ​សំខាន់ៗ ដូចជា​ ១. ជួយ​បញ្ចៀស​ការកកស្ទះ​ដល់​ប្រព័ន្ធ​ឆ្លើយតប​សារ​ ១១៥ ​ដែល​មាន​ស្រាប់ និង​កំពុង​ដំណើរការ​។ ២. អាច​ទទួល​ការហៅចូល និង​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ និង​អាច​កំណត់​អត្តសញ្ញាណ​ប្រជាជន​ដែល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​។ ៣. អាច ផ្ញើ​សារ​ជា​សំឡេង​ដោយ​ស្វ័យប្រវត្តិ​ទៅ​ប្រជាជន​ដែល​ស្ថិត​ក្នុង​ការសង្ស័យ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ ដើម្បី​តាមដាន​សុខភាព និង​ ៤. អាច​ផ្តល់​ទិន្នន័យ​ចាំបាច់​មួយចំនួន ដើម្បី​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម​ជន​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក​ ជា វ៉ាន់ដេត ថ្លែង​ក្នុង​ពិធី​នោះ​ថា ប្រព័ន្ធ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​អភិវឌ្ឍ​ឡើង​នៅពេល​វេលា​មួយ​ដែល​ពិភពលោក​ប្រឈមមុខ​នឹង​ជំងឺ​កូវីដ​១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា ប្រព័ន្ធ​នេះ​នឹង​អាច​ជួយ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ក្រសួង​សុខាភិបាល​ដែល​ជា​សេនាធិការ​ជួរមុខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ បាន​ដោយ​មាន​ប្រសិទ្ធភាព​»​។

លោក​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ និង​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន Cellcard, Smart Axiata, Metfone និង Telecom Cambodia ដែល​បាន​យល់ព្រម និង​អនុញ្ញាត​ឱ្យ​មាន​ការប្រើប្រាស់​សេវា​ ១១៥ របស់​ក្រសួង​សុខាភិបាល​ដោយ​មិន​គិតថ្លៃ​។ ក្នុងនោះ​ប្រតិបត្តិករ​ទូរគមនាគមន៍​ផ្សេងទៀត​ក៏​បាន​សហការ​សម្របសម្រួល​ដើម្បី​រៀបចំ​ប្រព័ន្ធ​នេះ​ឡើង​។ កិច្ចសហការ​នេះ​បាន​បង្ក​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការកត់ត្រា​ទិន្នន័យ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​ចង្កោម​ជន​ដែលមាន​ហានិភ័យ​នៃ​ការផ្ទុក​ជំងឺ​កូវីដ​១៩​។

លោក​ ជាង សុភ័ក្រ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​ថ្លែង​ថា ប្រព័ន្ធគ្រប់គ្រង​សារ​ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង​ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ក្នុង​ក្របខ័ណ្ឌ​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ស្រប​តាម​ច្បាប់​ទូរគមនាគមន៍ និង​អនុក្រឹត្យ​ស្តីពី​ការកំណត់​យន្តការ​អនុវត្ត​កម្មវិធី​កាតព្វកិច្ច​សេវា​សកល​វិស័យ​ទូរគមនាគមន៍​។

លោក​ថា​ ក្រោម​ការដឹកនាំ​របស់​លោក​ កាន ច័ន្ទមេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ ទូរគមនាគមន៍ សហការ​ជាមួយ​ក្រុម​ការងារ​ក្រសួង​សុខាភិបាល ក្រុម​ការងារ​ក្រសួង​ទាំង ២ និង​ប្រតិបត្តិករ​ទូរគមនាគមន៍​បាន​ប្រជុំពិភាក្សា​ជា​បន្តបន្ទាប់​។ ការពិភាក្សា​នេះ​ក្នុង​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធគ្រប់គ្រង​សារ និង​ទីតាំង​សម្រាប់​ទទួល​ព័ត៌មាន និង ទិន្នន័យ​នៃ​ប្រជាពលរដ្ឋ​អំពី​ជំងឺ​កូវីដ​ ១៩ ​ឱ្យ​មាន​ភាពងាយស្រួល និង​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ថា​៖ «​ជា​លទ្ធផល​ក្រុម​ការងារ​បាន​អភិវឌ្ឍ​ប្រព័ន្ធ​នេះ​បាន​រួចរាល់​ជា​ស្ថាពរ ព្រម​ទាំង​បាន​ធ្វើ​តេស្ត​សាកល្បង​ប្រើប្រាស់​អស់​ជាច្រើន​ខែ និង​​ពិនិត្យឃើញ​ថា ប្រព័ន្ធ​នេះ​មាន​ភាពងាយស្រួល​ប្រើ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កំណត់​អត្តសញ្ញាណ​ក្រុម​ជន​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវីដ​១៩»​។

លោកស្រី ឱ វណ្ណឌីន ថា ប្រព័ន្ធ​នេះ​ត្រូវបាន​អភិវឌ្ឍ​ឡើង​ស្រប​តាម​ស្ថានភាព​បច្ចុប្បន្ន និង​តម្រូវការ​របស់​ក្រសួង​សុខាភិបាល​ក្នុង​ការប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​។

លោកស្រី​ថ្លែងថា​៖ «​បច្ចុប្បន្ន​នេះ​ស្ថានភាព​នៃ​ជំងឺ​កូវីដ​១៩ គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​។ ប្រជាពលរដ្ឋ​យើង​មួយចំនួន​ហាក់បី​ដូចជា​ភ្លេច​ក្នុង​ការការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​នេះ​។ ប៉ុន្ដែ​ក៏មាន​ពលរដ្ឋ​មួយចំនួន​បាន​ការពារ​ខ្លួន​បាន​ល្អ​ដែរ​។ ពលរដ្ឋ​ដែល​ភ្លេចខ្លួន​មិនបាន​ការពារ ព្រោះ​ពួកគាត់​យល់​ថា ករណី​ដែល​កើតឡើង​នៅ​កម្ពុជា​សុទ្ធសឹង​តែ​ជា​ករណី​ដែល​នាំចូល​។ ប៉ុន្ដែ​បើ​យើង​គិត​បែប​នេះ​វា​នឹង​បង្ក​ជា​ហានិភ័យ​ខ្ពស់​»​។

លោកស្រី​បន្ត​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​។ កុំ​មាន​ការធ្វេសប្រហែស ដោយ​គិតថា​កម្ពុជា​មាន​តែ​ករណី​នាំចូល​។ ការគិត​បែប​នេះ នាំឱ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការឆ្លង​ជំងឺ​នេះ​៕