ភ្នំពេញៈ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ទាំងអស់​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​ពង្រឹង​វិធានការ​ត្រួតពិនិត្យ​នៅតាម​ច្រកព្រំដែន​ចេញ-ចូល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩​។ ការណែនាំ​នេះ​ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ នៅក្នុង​សហគមន៍​ដោយ​រាលដាល​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​។

លិខិត​ចុះ​ថ្ងៃទី​ ៣១ ខែកក្កដា របស់​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា អភិបាលខេត្ត​ទាំងអស់ ជាពិសេស​អភិបាលខេត្ត​ទាំង ​៩ ដូចជា​ខេត្តកំពត តាកែវ កណ្ដាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង​រតនគិរី​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​បង្ការ​ការនាំ​ចូល​ជំងឺ​តាម​ព្រំដែន និង​ដើម្បី​ការពារ​ការឆ្លង​ជំងឺ​ចូល​ទៅក្នុង​សហគមន៍​។

វិធានការ​ទាំងនោះ​រួមមាន ត្រូវ​បង្កើន​ការត្រួតពិនិត្យ​អ្នកធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន យក​សំណាក​រាល់​អ្នក​កើតមាន​រោគសញ្ញា​សង្ស័យ ចាត់​កម្លាំង​ឱ្យ​ឃ្លាំមើល​ពលរដ្ឋ​អនុវត្ត​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង ហាមឃាត់​ពលរដ្ឋ​ប្រមូលផ្ដុំ​កុះករ ណែនាំ​ពលរដ្ឋ​ឱ្យ​ពាក់​ម៉ាស់​ពេល​ធ្វើ​ដំណើរ ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់​ត្រូវ​អនុវត្ត​វិធានការ​បង្ការ​ជំងឺឆ្លង និង​ត្រូវ​បន្ត​អប់រំ​ពលរដ្ឋ​ជាប្រចាំ​ជាដើម​។

លិខិត​សរសេរ​៖ «​ជាមួយ​គ្នា​នេះ​ក្រសួង​សុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ផ្អាក ឬ​ពន្យារពេល ការធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម ជាពិសេស​ទៅ​តំបន់​ដែល​មាន​ការរាតត្បាត​ជំងឺ​កូវីដ​១៩ បើ​មិនចាំបាច់​»​។

ចំណែក​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ចេញ​លិខិត​ណែនាំ​ទៅកាន់​អភិបាលខេត្ត​នៅតាម​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​វៀតណាម​ដែរ​កាលពី​ថ្ងៃទី​ ៣១ ខែកក្កដា​។ លោក​បាន​ស្នើឱ្យ​អភិបាលខេត្ត​ទាំងនោះ​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ចំពោះ​មធ្យោបាយ និង​អ្នក​ដឹកទំនិញ ចេញ-ចូល​ឆ្លងកាត់​ព្រំដែន​ដែល​ត្រូវ​អនុវត្តតាម​វិធានការ​ចត្តាឡីស័ក​ឱ្យបាន​ហ្មត់ចត់ និង​ត្រូវ​ទប់ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់​រួមទាំង​បន្ត​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​។

ការចេញ​សេចក្ដី​ណែនាំ​ទាំងនេះ​ធ្វើ​ឡើង​ក្រោយពី​ប្រទេស​វៀតណាម​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​សហគមន៍​នៅក្នុង​ទីក្រុង​ដាណាង កាលពី​ថ្ងៃទី​ ២៥ ខែកក្កដា ហើយ​ការឆ្លង​ក្នុង​សហគមន៍​នេះ​បាន​រាលដាល​ទៅដល់​ខេត្ត​ក្រុង​ចំនួន​ ៦ ​ផ្សេង​ទៀត​ក្នុង​នោះ​រួមមាន​នៅ​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ​។

សារព័ត៌មាន​វៀតណាម​បាន​ផ្សាយ​ពីថ្ងៃ​ម្សិលមិញ​ថា ចាប់តាំងពី​ថ្ងៃទី​ ២៥ ​ខែកក្កដា ​មក​ទីក្រុង​ដាណាង​មាន​ករណី​កូវីដ​ ១៩​ កើន​ដល់​ ១០៤ ​ករណី ខណៈ​ខេត្ត​ក្រុង​ចំនួន​ ៦ ​ទៀត​បាន​រាយការណ៍​ចំនួន​ ៤០ ​ករណី​ដែល​ករណី​ទាំងនេះ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះឡើង​នៅ​ទីក្រុង​ដាណាង​។

លោក​ រស់ ផារិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ខេត្ត​របស់​លោក​មាន​ច្រក​ព្រំដែន​ទាំងអស់​ចំនួន ៨ ​កន្លែង​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ប្រទេស​ទាំង​ ២ អាច​ធ្វើ​ដំណើរ​ចេញ-ចូល​បាន និង​គ្មាន​ច្រករបៀង​ទេ​។

លោក​បញ្ជាក់ថា ច្រកទ្វារព្រំដែន​ទាំង​ ៨ ​នោះ​រួមមាន​ច្រកទ្វារ​អន្តរជាតិ​ ២ ​កន្លែង ច្រកទ្វារព្រំដែន​ទ្វេភាគី​ ២ ​កន្លែង​ និង​ច្រកទ្វារ​តំបន់​ព្រំដែន​ ៤ ​កន្លែង​ដែល​ច្រក​ទាំងនេះ សុទ្ធតែ​មាន​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «​គ្មាន​អ្នក​ចេញ-ចូល​ទេ​លើកលែង​តែ​អ្នកចេញ-ចូល​ផ្លូវការ​ដូចជា​អ្នកការទូត និង​និស្សិត​ទៅ​សិក្សា​ (​នៅ​ប្រទេស​វៀតណាម​) ប៉ុន្តែ​បើ​ថា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ស្ទើរតែ​នឹង​អស់​ទៅ​ហើយ​ចាប់តាំងពី​ផ្អាក​ច្រកទ្វារ​ព្រំដែន​តាំងពី​ថ្ងៃទី​ ២០ ខែមីនា​មក ហើយ​ឥឡូវ​នៅសល់​តែ​ទំនិញ​ទេ​ដែល​យើង​នៅ​បន្ត​ដោះដូរ​គ្នា​»​។

កាលពី​ថ្ងៃ​ម្សិលមិញ​កម្ពុជា​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់ ២៤០ ​នាក់ និង​អ្នកជា​សះស្បើយ​ថ្មី មាន​ចំនួន​ ៣២ ​នាក់ ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកជា​សះស្បើយ​សរុប​កើន​ដល់​ ១៩៦ ​នាក់​។ កម្ពុជា​បន្ត​រាយការណ៍​គ្មាន​​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ក្នុង​សហគមន៍ ហើយ​ករណី​ភាគច្រើន​នាំចូល​ពី​ក្រៅប្រទេស​។

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ម្សិលមិញ​ដោយបាន​កែសម្រួល​វិធានការ​ចំពោះ​អ្នកដំណើរ​ជា​ពលរដ្ឋ​ខ្មែរ​កាន់​លិខិត​ឆ្លងដែន​បរទេស និង​កែសម្រួល​ការធ្វើ​ចត្តាឡីស័ក​មន្ត្រីការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ​ដែល​មាន​ទិដ្ឋាការ​ប្រភេទ A និង​ B​។

សេចក្ដី​សម្រេច​នោះ​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លងដែន​បរទេស​ដែល​មាន​ទិដ្ឋាការ Visa K ត្រូវ​លើកលែង​ចំពោះ​ការតម្កល់​ប្រាក់​ ៣ ​ពាន់​ដុល្លារ ប៉ុន្តែ​ត្រូវមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​បញ្ជាក់ថា​គ្មាន​ជំងឺ​កូវីដ​រយៈពេល​ ៧២ ​ម៉ោង​ចាប់ពី​ពេលចេញ​ដំណើរ​។

ចំណែក​ស្ថាន​បេសកកម្ម​បរទេស និង​អង្គការ​អន្តរជាតិ​ដែល​អ្នកការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ​ចូលមក​កម្ពុជា​ត្រូវ​ធានា​អះអាង​ពី​ភាពអវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ របស់​មន្ត្រី​របស់ខ្លួន និង​ត្រូវ​ធានា​ពី​ការធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ ឱ្យបាន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​៕

វីដេអូ៖