ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តួច​ផ្ដើមគំនិត​ឧបត្ថម្ភ​ថវិកា​គាំទ្រ​អ្នកនិពន្ធ អ្នកសិក្សា​ស្រាវជ្រាវ ចំពោះ​ការរៀបរៀង និពន្ធ និង​កែលម្អ​សៀវភៅ​នៅ​កម្រិត​ឧត្តមសិក្សា​តាមរយៈ​មូលនិធិ «​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ ក្រសួង​អប់រំ​ថ្លែង​ថា ការផ្ដល់​មូលនិធិ​នេះ គឺជា​ជំហាន​ថ្មី​មួយទៀត​ដែលជា​ការឆ្លើយតប​ចំពោះ​បំណងប្រាថ្នា​របស់​និស្សិត​កម្ពុជា​ក្នុង​ការទទួល​បាន​ធនធាន​សិក្សា​ជា​ខេមរភាសា​ឱ្យបាន​គ្រប់គ្រាន់ មាន​គុណភាព និង​ប្រកប​ដោយ​សមធម៌​។

លោក​ថ្លែងថា​៖ «​ការផ្ដល់​មូលនិធិ​នេះ គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​វប្បធម៌​នៃ​ការស្រាវជ្រាវ បំផុស​គំនិត​ច្នៃប្រឌិត​ និង​ជំរុញ​ការធ្វើ​នវានុវត្តន៍ ដើម្បី​ជា​ប្រយោជន៍​ដល់​វិស័យ​អប់រំ​ដែល​ឆ្លើយតប​ទៅ​នឹង​ទីផ្សារពលកម្ម​ និង​សកលភាវូបនីយកម្ម​»​។ លោក​បន្តថា គោលបំណង​នៃ​ការរៀបរៀង​និពន្ធ និង​កែលម្អ សៀវភៅ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​គឺ​ដើម្បី​បង្កើន​បរិមាណ​លើកកម្ពស់​គុណភាព និង​ពង្រីក​សមធម៌​នៃ​ធនធាន​សិក្សា​ជា​ខេមរភាសា​ជូន​ដល់​និស្សិត​ដែល​កំពុង​បន្ត​ការសិក្សា និង​ត្រៀមខ្លួន​ធ្វើការ​ស្រាវជ្រាវ​នៅ​កម្រិត​ឧត្តមសិក្សា​។

បើតាម​លោក​ សុវាចា ការរៀបរៀង​និពន្ធ​ និង​កែលម្អ​សៀវភៅ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​មាន​គោលដៅ​ឆ្លើយតប​ជាបន្ទាន់​ចំពោះ​ការខ្វះខាត​ធនធាន​សិក្សា ដែលជា​តម្រូវ​ការសិក្សា​របស់​និស្សិត​នៅ​កម្រិត​ឧត្តមសិក្សា​។ លោក​បន្ថែមថា គំនិត​ផ្គួចផ្ដើម​នេះ​ក៏មាន​បំណង​លើកកម្ពស់​ទំនើប​ភាវូបនីយកម្ម និង​ឧត្តមានុវត្តន៍​នៃ​ការរៀន​ និង​បង្រៀន​ និង​ការស្រាវជ្រាវ​ទៅលើ​មុខវិជ្ជា​កម្មវិធីសិក្សា​ ឬ​មុខជំនាញ​ជាក់លាក់​។ បង្កើន​ភាព​ស៊ីជម្រៅ​ក្នុង​ការកសាង​វិជ្ជាជីវៈ និង​បទពិសោធ​សម្រាប់​ឋានៈ​សាស្ត្រាចារ្យ​ និង​អ្នកស្រាវជ្រាវ​។ តាមរយៈ​មូលនិធិ​នេះ​ក៏បាន​រួមចំណែក​ដល់​ការកសាង​ភាព​ជា​សហគមន៍​វិជ្ជាជីវៈ​ការចែករំលែក​បទពិសោធ និង​វប្បធម៌​នៃ​ការរៀបរៀង​និពន្ធ និង​កែលម្អ​សៀវភៅ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​ផងដែរ​។

បើតាម​លោក សុវាចា ប្រភេទ​សៀវភៅ​សិក្សា​នៅ​កម្រិត​ឧត្តមសិក្សា​ដែល​មូលនិធិ​នឹង​ផ្តល់​ការគាំទ្រ​លើ​ការរៀបរៀង និពន្ធ ឬ​កែលម្អ​មាន​ទម្រង់ ៤ ​ប្រភេទ​ដូច​ជាទី​ ១ ​សៀវភៅ​អំណាន​ទូទៅ ទី​ ២ សៀវភៅ​សិក្សា​ស្រាវជ្រាវ​សម្រាប់​កម្មវិធីសិក្សា​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា ទី​ ៣ សៀវភៅ​សិក្សា​ស្រាវជ្រាវ​សម្រាប់​កម្មវិធីសិក្សា​រួមគ្នា​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ និង​ទី​ ៤ ​ការស្រាវជ្រាវ​ធនធាន​សិក្សា​សម្រាប់​ការបង្កើត​សាកលវិទ្យាល័យ​និម្មិត (Virtual University)​។

លោក​ ប៉ិច បូឡែន ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ថ្លែងថា គំនិត​ផ្គួចផ្ដើម​នេះ​គឺជា​គំនិត​ល្អ​ដែល​បើកឱកាស​ដល់​សិស្ស និស្សិត​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ការតែង​និពន្ធ​នៅ​កម្រិត​ឧត្ដមសិក្សា​។ លោក​ថ្លែងថា​៖ «​គំនិត​ផ្គួចផ្ដើម​របស់​ក្រសួង​នេះ​ក៏បាន​ជួយ​លើកតម្កើង​គំនិត​នវានុវត្ដន៍ ច្នៃប្រឌិត សហគ្រិនភាព និង​ការចូលរួម​របស់​សិស្ស​និស្សិត​។ ការធ្វើ​បែបនេះ​ក្រសួង​អប់រំ​ក៏បាន​ប្រភព​គំនិត​ពី​ខាងក្រៅ​បន្ថែម​សម្រាប់​វិស័យ​អប់រំ​កម្ពុជា​ផងដែរ​»៕