ភ្នំពេញ: ក្រសួង​យុត្តិធម៌​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ផ្សព្វផ្សាយ​ពី​គោលការណ៍​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​សំណាក​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ព្រះរាជអាជ្ញា និង​ចៅក្រម​ចំនួន ​៤០ ​រូប​​ ដើម្បី​ឱ្យ​មានការ​យល់ដឹង និង​​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​សត្វ​កម្រ​។

ការផ្សព្វផ្សាយ​នេះ​បាន​ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​កាលពី​ថ្ងៃទី​ ១៩ ខែតុលា ដើម្បី​ផ្សព្វផ្សាយ​អនុសញ្ញា​ស្ដីពី​ «​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះថ្នាក់​» ហៅ​កាត់​ថា​សាយតេស​ (CITES) ​ដែល​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី​ ១៤០ កាលពី​ឆ្នាំ​ ១៩៩៧ ​ក្នុងចំណោម​សមាជិក​ ១៨៤ ​ប្រទេស​លើ​ពិភពលោក ដើម្បី​រួមគ្នា​ប្រយុទ្ធ​នឹង​ការជួញដូរ​ល្មើសច្បាប់​នូវ​សំណាក​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​ដែល​កំពុង​រងគ្រោះថ្នាក់​។

លោក​ គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ តុលា ​ថា ការធ្វើ​សិក្ខាសាលា​នេះ ដើម្បី​ពង្រឹង​ច្បាប់​ស្ដីពី​អនុសញ្ញា​ពាណិជ្ជកម្ម​អន្តរជាតិ​ហៅ​កាត់​ថា​សាយតេស​ (CITES) ខណៈ​កម្ពុជា​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ ដើម្បី​ចូលរួម​ប្រយុទ្ធ​នឹង​បទល្មើស​នេះ​ដែល​ចងក្រង​នៅក្នុង​ឧបសម្ព័ន្ធ​នៃ​អនុសញ្ញា​នេះ​។

លោក​បន្តថា លើសពី​នេះ​​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​ស្វែងយល់​អំពី​ការអនុវត្ត​វិធានការ​ចុះបង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ដែល​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ​ក្នុងនោះ​ត្រូវ​ដឹង​ពី​របៀប​សរសេរ​កំណត់​ហេតុ​បទល្មើស​សត្វព្រៃ និង​ការបំពេញ​ទម្រង់​បែបបទ​នៃ​កំណត់ហេតុ​បទល្មើស​សត្វព្រៃ និង​ព្រៃឈើ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​នៅតែ​ជំរុញ​បន្ថែម​ទៅលើ​ការអនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ​អនុសញ្ញា​ CITES ​បានកំណត់​គឺ​ការពារ​ប្រភេទ​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​ដែល​ច្បាប់​ព្រៃឈើ​បាន​ចែង​ថា​ជា​បទល្មើស ដូច្នេះ​មន្ត្រីនគរបាល​យុត្តិធម៌ ដែល​ទទួល​បាន​នីតិសម្បទា​ក្នុង​រឿងនេះ​ជាមួយ​នឹង​ចៅក្រម ព្រះរាជអាជ្ញា​ត្រូវតែ​សហការ​គ្នា​ឱ្យ​បាន​ស្អិតល្មួត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​សត្វព្រៃ​គ្រប់រូបភាព​ទាំងអស់​»​។

លោក​ សួន ផល្លា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​បាន​ឱ្យ​ដឹង​ពី​ថ្ងៃ​ទី​ ២០ តុលា​ ថា​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​​ត្រូវតែ​ពង្រឹងសមត្ថភាព​ទាក់ទង​ការស្រាវជ្រាវ​ស៊ើបអង្កេត ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម ការធ្វើ​សន្និធិ ការនាំចេញ-នាំចូល​ភ្លុក​ដំរី និង​សំណាក​សត្វព្រៃ​ល្មើសច្បាប់​គ្រប់​រូបភាព​។

លោក​បន្តថា កន្លង​មក​អង្គភាព​គយ​បាន​អនុវត្ត​ច្បាប់​ដោយ​បង្ក្រាប​បទល្មើស​ជួញដូរ​ភ្លុកដំរី​ទម្ងន់ ៩៣៥៣,០១ ​គីឡូក្រាម រីឯ ភ្លុក​ដំរី​ទម្ងន់​ ៣៥៣,០៥ ​គីឡូក្រាម​ដែល​ល្មើសច្បាប់​ព្រៃឈើ​ត្រូវ​បាន​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចាប់​រឹបអូស​។ ​អ្វី​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង គឺ​ភ្លុក​ដំរី​ជា​សំណាក​ត្រូវបាន​គេ​យក​មកពី​ការបរបាញ់​ប្រភេទ​សត្វ​ដំរី ទាំង​ដំរី​អាស៊ី​និង​ដំរី​អាហ្វ្រិក ហើយ​ត្រូវបាន​គេ​ជួញដូរ​ដោយ​លួចលាក់​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​អនុវត្ត​អនុសញ្ញា​ CITES គឺ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាន​បង្កើត​សមត្ថកិច្ច​គ្រប់គ្រង ​(​អាជ្ញាធរ​គ្រប់គ្រង​)​ ​មួយ​ដែលមាន​ទីចាត់ការ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បង្កើត​សមត្ថកិច្ច​វិទ្យាសាស្ត្រ​ (​អាជ្ញាធរ​វិទ្យាសាស្ត្រ​) ​សាយតេស​ចំនួន​ ៣ រួមមាន រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល និង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​។ ដូច្នេះ​មន្ត្រី​ទាំងនេះ​ត្រូវតែ​ស្វែងយល់​ពី​ CITES ​ឱ្យបាន​ច្បាស់លាស់​»​។

តាម​របាយការណ៍​សង្ខេប​ពី​សិក្ខាសាលា​នេះ​បាន​ឱ្យ​ដឹងថា ច្បាប់​ស្តីពី​ព្រៃឈើ​ឆ្នាំ​ ២០០២ ច្បាប់​ស្តីពី​ជលផល​ឆ្នាំ​ ២០០៦ និង​ច្បាប់​ស្តីពី​គយ​ឆ្នាំ​ ២០០៧ ​គឺជា​វិធាន​សម្រាប់​គោរព និង​ប្រព្រឹត្ត​តាម​ឱ្យបាន​ហ្មត់ចត់​។ ​ចំពោះ​មន្ត្រីរាជការ និង​ភ្នាក់ងារ​សាធារណៈ​ដទៃទៀត​ដែល​ច្បាប់​ប្រគល់​អំណាច​ឱ្យ​ពិនិត្យ​បទល្មើស​គឺជា​មន្ត្រី​ជំនាញ​ជួយ​ដល់​ចៅក្រម​អយ្យការ​អម​សាលា​ដំបូង និង​សាលាឧទ្ធរណ៍​លើ​ការធ្វើ​កោសល្យវិច័យ​សំណាក​ប្រភេទ​សត្វព្រៃ និង​រុក្ខជាតិ​ក្នុង​ដំណាក់កាល​នៃ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ ឬ​ការកសាង​សំណុំរឿង​ជូន​តុលាការ​សម្រាប់​ជំនុំ​ជម្រះក្តី​៕