
គម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP)។ ហុង មិនា
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការយូណេស្កូ បានសហការគ្នា បង្កើតគម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន Basic Education Equivalency Program (BEEP) ដើម្បីពង្រីកសេវាការអប់រំ មូលដ្ឋានសម្រាប់យុវជនកម្ពុជា និងដោះស្រាយបញ្ហាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា និងបឋមសិក្សា។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា BEEP គឺជាកម្មវិធីអប់រំមូលដ្ឋានសមមូលតាមប្រព័ន្ធអ៊ីនធឺណិត។ កម្មវិធីសិក្សានេះ បានផ្ដល់ឱកាសដល់សិស្សដែលចប់ថ្នាក់ទី ៦ ហើយមិនបន្ដ និងសិស្សដែលបោះបង់ការសិក្សាពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩ ដើម្បីឲ្យគាត់អាចបញ្ចប់ការសិក្សាកម្រិតមូលដ្ឋាន ហើយឲ្យពួកគាត់មានឱកាសរៀនចូលទៅក្នុងប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ Technical Vocational Education and Training (TVET)។
លោកបន្ដថា៖ «កម្មវិធីអប់រំនេះនឹងបើកឱកាសឲ្យសិស្សចូលរៀនដោយឥតគិតថ្លៃ ពិសេសសិស្សដែលបោះបង់ការសិក្សា។ ពួកគាត់អាចមានឱកាស ចូលរៀនតាមរយៈកម្មវិធីអប់រំនេះ ដើម្បីឲ្យពួកគាត់មានសមមូលស្មើនឹងសញ្ញាបត្រថ្នាក់ទី ៩ រួចពួកគាត់អាចមានសិទ្ធិប្រឡងចូលទៅក្នុងកម្មវិធី TVET របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យពួកគាត់អាចចាប់យកជំនាញទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគាត់»។
លោក ឲ្យដឹងថា កម្មវិធីនេះ នឹងជួយឲ្យសិស្សអាចរៀនតាមប្រព័ន្ធ ២ បញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់ គឺមានន័យថា សិស្សអាចរៀនតាមរយៈប្រព័ន្ធអនឡាញនៅផ្ទះខ្លួនឯងក៏បាន ឬអាចរៀននៅពេលណាដែលគាត់ទំនេរក៏បាន ប៉ុន្ដែនៅមុនពេលចូលសិក្សាវគ្គនីមួយៗ សិស្សត្រូវមកជួបគណៈគ្រប់គ្រងកម្មវិធី ក៏ដូចជាគ្រូណែនាំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជាមជ្ឈមណ្ឌលសិក្សាកម្មវិធីអប់រំសមមូលមូលដ្ឋានទី ១ ដែលនឹងបើកដំណើរការនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩។
បើតាមលោក សុវាចា ការបញ្ចប់ការអប់រំកម្រិតមូលដ្ឋាន តាមរយៈកម្មវិធីនេះនឹងជួយយុវជនអាចរកការងារបានប្រសើរជាងមុន ឬក៏ទទួលបានការអប់រំបន្តទៀត ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាពការងារ និងបំណិនជីវិត។ លោកថា កម្មវិធីអប់រំនេះនឹងតម្រូវឲ្យសិស្សត្រូវទៅជួបគ្រូណែនាំ ២ ដងក្នុង ១ ខែ។ តាមរយៈកម្មវិធីនេះនឹងបែងចែកជាវគ្គៗ សម្រាប់ ១ វគ្គ មានរយៈពេលពី ៦ ខែទៅ ៨ ខែរួចសិស្សត្រូវប្រឡងបញ្ចប់។
លោកបញ្ជាក់ថា៖ «ការឲ្យសិស្សមកជួប ២ ដងក្នុង ១ ខែនេះ គឺដើម្បីធ្វើតេស្ដចំណេះដឹងដែលសិស្សបានរៀនតាមរយៈកម្មវិធីនេះ។ ក្នុងពេលសិស្សមកជួបគ្រូណែនាំ ក្រុមហ៊ុនសេវាទូរស័ព្ទស្មាតនឹងចែកជូនស៊ីមកាតស្មាតដែលប្រើប្រាស់អ៊ីនធឺណិតមិនគិតថ្លៃសេវា ក្នុងការចូលទៅស្វែងរកមេរៀន»។
លោក សុវាចា បន្ថែមថា សិស្សដែលបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន និងបន្តរៀនក្នុងប្រព័ន្ធ TVET របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានជំនាញចំនួន ១១ ជំនាញ ដើម្បីឲ្យពួកគេអាចចូលសិក្សាបន្ដនៅក្នុងប្រព័ន្ធកម្មវិធីស្ពានចម្លងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោកឲ្យដឹងថា ជំនាញដែលក្រសួងនឹងបន្ដឲ្យសិស្សសិក្សានោះ មានជំនាញសហគ្រិនភាព ជំនាញភាសាអង់គ្លេស និងជំនាញប្រព័ន្ធព័ត៌មានវិទ្យាជាដើម។ កម្មវិធីអប់រំនេះ មិនមែនជាការបើកជាសាលារៀនទេ ប៉ុន្ដែជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតតាមរយៈបណ្ដាញសេវាស៊ីមកាតស្មាតដែលក្រុមហ៊ុនចែកជូនដល់សិស្ស។ បើតាមលោកសុវាចា ជំហានដំបូង ក្រសួងអប់រំ នឹងបើកដំណើរការកម្មវិធីសិក្សាសមមូលមូលដ្ឋានដំបូងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជំហានបន្ទាប់ក្រសួងនឹងបើកមជ្ឈមណ្ឌលចំនួន ៩ ទៀតឲ្យដំណើរការទូទាំងប្រទេស។
លោក Santosh Khatri នាយកផ្នែកអប់រំនៃយូណេស្កូ ថ្លែងថា យូណេស្កូនឹងធ្វើការជាមួយក្រសួង លើគម្រោងនេះ ដោយបានជួយត្រួតពិនិត្យទៅលើកម្មវិធីសិក្សាសមមូលមូលដ្ឋាននេះ។
លោកថ្លែងថា៖ «យើងបានជួយគាំទ្រដល់ក្រសួងចំពោះការរៀបចំកម្មវិធីសិក្សានេះ ដែលកម្មវិធីសិក្សានេះបានតម្រូវឲ្យសិស្សមានការសិក្សាដល់កម្រិតថ្នាក់ទី ៩ និងបន្ដសិក្សាជំនាញបន្ថែមទៀតនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ មានហេតុផលជាច្រើនចំពោះការចូលរួមគាំទ្រគម្រោងកម្មវិធីអប់រំនេះ ដូចជាចំនួនសិស្សដែលចូលសិក្សាពីកម្រិតបឋមសិក្សាទៅកម្រិតមធ្យមសិក្សានៅមានតិចតួចនៅឡើយ»។
លោកថា៖ «សិស្ស ដែលបានបញ្ចប់ការសិក្សានៅកម្រិតបឋម ពួកគេបានត្រឡប់ទៅបំពេញកាតព្វកិច្ចផ្សេង ដែលជាតម្រូវការហិរញ្ញវត្ថុ។ ពួកគេប្រឹងប្រែងធ្វើការទោះបីពួកគេស្ថិតក្នុងវ័យសិក្សាក៏ដោយ។ តាមរយៈកម្មវិធីអប់រំនេះ យើងបានផ្ដល់ការអប់រំដែលមានភាពបត់បែនដល់ពួកគាត់»។
លោក រស់ សុវាចា ឲ្យដឹងថាទិន្នន័យទូទាំងប្រទេសនៅក្នុងឆ្នាំ ២០១៧-២០១៨ អត្រាសិស្សបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិមាន ១៦,៦ ភាគរយ ស្រីមាន ១៤,២ ភាគរយ។ ចំណែកអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិមាន ១៩,៧ ភាគរយ ស្រីមាន ១៧ ភាគរយ ហើយអត្រាបោះបង់ការសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សា មាន ៤,៧ ភាគរយ ស្រីមាន ៣,៥ ភាគរយ។ ឯទិន្នន័យអត្រាបញ្ចប់ការសិក្សានៅបឋមសិក្សាមាន ៧៩,០៦ ភាគរយ ស្រីមាន ៨២,៦៥ ភាគរយ ហើយចំនួនសិស្សចុះឈ្មោះចូលរៀនកម្រិតអប់រំចំណេះទូទៅមាន ៣ ១៤៣ ២៥២ នាក់ ក្នុងនោះស្រី ១ ៥៥១ ៩៩០ នាក់។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារឲ្យដឹងថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺអនុវត្តទៅតាមកម្មវិធីស្ពានចម្លងបន្តជំនាញដែលបានអនុវត្តកន្លងមក មាន ៦ មុខវិជ្ជាដូចជា ភាសាខ្មែរ គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា យេនឌ័រ និងជំនាញជាមូលដ្ឋាន»៕