ភ្នំពេញៈ ក្រសួង​ព័ត៌មាន​នឹង​ជួបប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិនិត្យ​ទៅ​លើ​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​សេចក្ដី​ព្រាង​ចំពោះ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​រដ្ឋ​ចាស់ អាណាឡូក​ឲ្យ​ទៅ​ជា​ឌីជីថល​វិញ ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​ឱ្យបាន​លឿន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​តំបន់​ និង​លើ​ពិភពលោក​។

នៅមុន​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​គឺ​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែ​មករា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ​លើ​សេចក្ដី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​របស់​រដ្ឋ​ឲ្យ​ទៅ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​នេះ​ដើម្បី​ត្រៀម​ដាក់​សេចក្ដី​ព្រាង​ទាំងនេះ​ចូល​ក្នុង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ថ្ងៃទី​ ២៩ ខែ​មករា​នេះ​។

លោក ខៀវ កាញារីទ្ធ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា ក្រសួង​ព័ត៌មាន​បាន​ពន្លឿន​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ពី​អាណាឡូក​ទៅ​ឌីជីថល​ឱ្យ​បាន​រួចរាល់​យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៣ ​តាម​អនុសាសន៍​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​មាន​ការផ្លាស់ប្ដូរ​ពី​អាណាឡូក​ទៅជា​ឌីជីថល​ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ដើម​ខែមករា​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ក្រសួង​ព័ត៌មាន​ត្រៀម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការពន្លឿន​ផែនការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សាយ​តាម​ទូរទស្សន៍​ឱ្យ​ទៅ​ជា​ឌីជីថល​ឱ្យបាន​ទាន់​ពេលវេលា ដើម្បី​ធ្វើ​សមាហរណកម្ម​ទូរទស្សន៍​ឌីជីថល​កម្ពុជា ទៅក្នុង​តំបន់​»​។ លោក​រំឭក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ឌីជីថល​មាន​គុណ​សម្បត្តិ​ជាច្រើន​ទាំង​គុណភាព​សំឡេង​រូបភាព ល្បឿន ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​ជក់ចិត្ត ពិសេស​រលកសញ្ញា​ហ្វ្រេកង់​មិន​រំខាន​ឬ​ឆ្លងទៅ​ប៉ុស្តិ៍​ផ្សេងៗ​ក្នុងប្រទេស​កម្ពុជា​ និង​ក្នុង​តំបន់​។

លោក​ កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា តាម​ទស្សនវិស័យ និង​ផែនការ​ក្នុង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​ពី​អាណាឡូក​ទៅជា​ឌីជីថល ក្រសួង​ព័ត៌មាន​បាន​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​តាំងពី​ឆ្នាំ​ ២០០៤ បន្តបន្ទាប់​មកដល់​បច្ចុប្បន្ន​។ មន្ត្រី​ជំនាញ​គ្រប់ផ្នែក​ពាក់ព័ន្ធ​របស់​ក្រសួង​ព័ត៌មាន​បានធ្វើ​ផែនការ​សម្មភាព​ដោយបាន​លើក​ជា​គម្រោង​ពី​ជំហាន​មួយ​ទៅ​ជំហាន​មួយ​សម្រាប់​អនាគត​នៃ​ការបញ្ចប់​ការផ្សាយ​ប្រព័ន្ធ​អាណាឡូក​នៅ​ឆ្នាំ ២០២៣ និង​ធ្វើការ​បោះជំហាន​ទៅធ្វើ​ការផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​សហគមន៍​តំបន់​ក៏ដូចជា​នៅលើ​ពិភពលោក​។

លោក​ថ្លែងថា​៖ «​កិច្ចប្រជុំ​នាឱកាស​ (​ថ្ងៃ​ពុធ​) ​នេះ​ក៏បាន​សិក្សា​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​អំពី​ផែនការ​សកម្មភាព​នៅក្នុង​ជំហាន​នីមួយៗ​ពី​ឆ្នាំ ២០២០ ​​ទៅ​ដល់​ឆ្នាំ​ ២០២៣ តើ​ត្រូវ​អនុវត្តតាម​ជំហាន​របៀបណា ហើយ​តម្រូវការ​ឥណទាន​ពី​រដ្ឋ​កម្រិត​ណា​ដែល​ជា​ការគិតគូរ​ខ្ពស់​របស់​ក្រសួង​ព័ត៌មាន​នៅក្នុង​ផែនការ​សកម្មភាព​លើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​ពី​អាណាឡូក​ទៅ​ឌីជីថល​នេះ​»​។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ព័ត៌មាន​ និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​ពី​អាណាឡូក​ទៅ​ឌីជីថល​នេះ​មាន​សារៈសំខាន់​ណាស់​នាពេល​បច្ចុប្បន្ន​ដោយ​អាច​ជូនដំណឹង​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​មាន​គុណភាព​ច្បាស់​ល្អ​។

លោក​ថ្លែងថា​៖ «​បើសិនជា​យើង​មិន​ប្ដូរ​ទេ យើង​មាន​បញ្ហា​ចោទ​ត្រង់​ថា អាច​បណ្ដាល​ឲ្យ​ប្រទេស​ជិត​ខាង​យើង​ដែល​គេ​ផ្លាស់ប្ដូរ​ទៅជា​ឌីជីថល​ហើយ យើង​មិន​ទាន់​ប្ដូរ​គឺ​យើង​រំខាន​គេ​។ ឧបករណ៍​ផ្សព្វផ្សាយ​ទាំងអស់​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​អាណាឡូក​នេះ​នឹង​លែង​មាន​ផលិតផល​ក្រុមហ៊ុន​ដែលជា​អ្នក​ផលិត​គឺ​គេ​នាំគ្នា​ផលិត​បែប​ឌីជីថល​សម្រាប់​ទីផ្សារ​ធំៗ​។ អ៊ីចឹង​យើង​អត់​មាន​សម្ភារ គ្រឿងបន្លាស់ ដើម្បី​នឹង​ផ្លាស់ប្ដូរ​នូវ​សម្ភារ​របស់​យើង​»​។

លោក​បន្ដថា​៖ «​បើ​យើង​ធ្វើ​នូវ​ប្រព័ន្ធ​មួយ​ដែល​ហៅថា network ឱ្យ​គ្រប់គ្រង​បាន វា​អាច​ជូន​ព័ត៌មាន​ផ្សេងៗ​នៅក្នុង​ប្រព័ន្ធ​ទូរទស្សន៍​មាន​ល្បឿន​លឿន​។ ប្រសិន​បើ​មាន ១០ កម្មវិធី​ដែល​ត្រូវ​ផ្សាយ យើង​មាន​ប្រព័ន្ធគ្រប់គ្រង​ជូនដំណឹង​តែមួយ​ទៅ​គឺ​វា​នឹង​ផ្សាយ​ចូល​ទៅ​ទាំងអស់​តែម្ដង​មាន​ដូចជា​បញ្ហា​គ្រោះធម្មជាតិ​ផ្សេងៗ​ជាដើម​»៕