មណ្ឌលគិរីៈ មនុស្ស​​ ២ ​នាក់​បាន​ស្លាប់​ភ្លាមៗ រីឯ​ម្នាក់​ទៀត​ស្លាប់​បន្ទាប់ពី​ដឹក​ដល់​មន្ទីរពេទ្យ​ ខណៈ​ ១១ ​នាក់​ទៀត​រងរបួស​ធ្ងន់​​ស្រាល ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ដឹក​ជន្លង់ម្រេច​ ១ ​គ្រឿង​កាលពី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​ ៥ ​ខែ​កញ្ញា​ម្សិលមិញ​នៅ​ចំណុច​អូរងើយ ក្នុង​ភូមិ​អណ្តូងក្រឡឹង ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចំណែក​អ្នក​បើកបរ​ និង​ព្រូឡាន​ ៣ ​នាក់​បាន​រត់​គេច​ខ្លួន ។

លោក ប៊ូ ប៊ុនឈាត អធិការ​ស្រុក​អូររាំង​បាន​ឱ្យ​ដឹង​ថា​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​បាន​អន្តរាគមន៍​ដោយ​ដឹក​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ប៉ុន្ដែ​លុះ​ដល់​ព្រឹក​ឡើង​ [​ថ្ងៃ​ពុធ​] ជនរងគ្រោះ​ម្នាក់​ទៀត​បាន​ស្លាប់ ដោយសារ​របួស​គាត់​ធ្ងន់​ពេក​។

លោក​ថា​៖ «​ឡាន​នេះ​ដឹក​ជន្លង់ម្រេច តែ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ធ្លាក់​ជ្រោះ ខណៈ​អ្នក​ជិះ​នៅ​លើ​ឡាន​មាន​មនុស្ស​ ១៧ ​នាក់​គឺ​តៃកុង​ម្នាក់ ព្រូឡាន​ ២ ​នាក់ ម្ចាស់​ចម្ការ​ ២ ​នាក់ និង​កម្មករ ​១២ ​នាក់​។ ប៉ុន្ដែ​ក្នុង​ពេល​កើតហេតុ តៃកុង​ឡាន​ និង​ព្រូ​មិន​ប៉ះពាល់​អ្វី​ទេ អ៊ីចឹង​គាត់​ក៏​រត់​គេច​ខ្លួន​បាត់​ទៅ​»​។

បើ​តាម​លោក ប៊ុនឈាន រថយន្ត​ដែល​ក្រឡាប់​នេះ ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ ភ្នំពេញ ២ C-3075 ដឹក​ជន្លង់ម្រេច​ពី​ស្រុក​មេមត់​យក​ទៅ​ស្រុក​ពេជ្រាដា តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ជា​ផ្លូវ​កោង​ និង​មាន​ចំណោត ហើយ​ពេល​អ្នក​បើកបរ​សាង​លេខ​មិន​ចូល​ក៏​ធ្លាក់​​ចញ្ចើម​ផ្លូវ​ទៅ​ផ្នែក​ខាង​ស្ដាំ​ក្រឡាប់​ចូល​ជ្រោះ​តែ​ម្ដង​។

លោក​អធិការ​ស្រុក​បញ្ជាក់​ថា​៖ «​ដំបូង​មាន​មនុស្ស​ស្លាប់​នៅ​នឹង​កន្លែង​តែ​ ២ ​នាក់​ទេ ប៉ុន្ដែ​ ១២ ​នាក់​រងរបួស មាន​ធ្ងន់ និង​ស្រាល​យើង​ក៏​បាន​ដឹក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ពេល​ទៅ​ដល់​ក៏​បាន​ស្លាប់​ម្នាក់​ទៀត​។ ចំណែក​សព​ ២ ​នាក់​យើង​តម្កល់​ទុក​នៅ​កន្លែង​កើតហេតុ​សិន ព្រោះ​ត្រូវ​កប់​ក្រោម​ជន្លង់ម្រេច​រហូត​ដល់​ព្រឹក​ [​ថ្ងៃ​ពុធ​] ​នេះ​ទើប​យើង​រើ​ជន្លង់​ម្រេច​ចេញ​យក​សព​បាន​»​។

លោក ប៊ុនឈាន បាន​ឲ្យ​ដឹង​ថា​សមត្ថកិច្ច​ស្រុក​អូររាំង​​បាន​ឲ្យ​កងកម្លាំង​យក​រថយន្ត​​ដឹក​សព​ទាំង​ ៣ ​នាក់​ទៅ​ស្រុក​កំណើត​ហើយ ខណៈ​សព​ទាំង​នោះ​សុទ្ធ​តែ​នៅក្នុង​ឃុំ​ទ្រៀក ស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ ដូច​គ្នា​។

លោក​បញ្ជាក់​ថា​សព​ទាំង​ ៣ ​នាក់​នោះ​ជា​បុរស​អាយុ​ខ្ទង់​ជាង​ ៤០ ​ឆ្នាំ​រួមមាន​ទី​១ ឈ្មោះ ឌៀន ប្រពន្ធ​មក​ទទួល​យក​រួចហើយ​, ឯ​សព​ម្នាក់​ទៀត លុយ ដន និង​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​តែ​នៅ​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅ​ឡើយ​។ ដោយឡែក​អ្នក​របួស​ ១១ ​នាក់​គឺ​ស្គាល់​អត្តសញ្ញាណ​តែ​ ៤ ​នាក់​ទេ ដោយ ទី​ ១- ​ឈ្មោះ សេង បែន ប្រុស​អាយុ​ ៣០ ​ឆ្នាំ​ជនជាតិ​ខ្មែរ​របួស​ជើង​ទាំង​២,​ទី​ ២- ​ឈ្មោះ ស៑យ ស៊ីជន់ ប្រុស​អាយុ ៤០ ​ឆ្នាំ បាក់ដៃ​ស្ដាំ​, ទី​៣- ឈ្មោះ អា៑ង ចាន់ថែ ប្រុស​អាយុ​ ៣៦ ​ឆ្នាំ​បែកក្បាល និង ទី​ ៤- ​ឈ្មោះ ស៊ុន គឹមសឿន ប្រុស​អាយុ​ ៥២ ​ឆ្នាំ​របួសស្រាល ឯ​អ្នក​ផ្សេង​ទៀត​សមត្ថកិច្ច​កំពុង​រក​អត្តសញ្ញាណ​។ ប៉ុន្តែ​បច្ចុប្បន្ន​អ្នករបួស​ទាំងនោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មណ្ឌលគិរី​៕