តាកែវៈ កម្មករ​ប្រមាណ​ ៩៣ ​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​ បន្ទាប់ពី​រថយន្ត​ដែល​ពួកគាត់​ជិះ​ទៅ​ធ្វើការ​បាន​ក្រឡាប់​ទៅក្នុង​ដីស្រែ​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ​កាលពី​ម៉ោងជាង​ ៦ ព្រឹក​ម្សិលមិញ ខណៈពេល​មេឃ​កំពុង​ភ្លៀង​។ នេះ​បើតាម​មន្ត្រីនគរបាល​មូលដ្ឋាន​។

លោក ហង្ស វ៉ន នាយនគរបាល​ប៉ុស្តិ៍​ឃុំ​កណ្ដឹង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មករ​ដែល​ធ្វើដំណើរ​តាម​រថយន្ត​នោះ​បម្រើការ​នៅ​រោងចក្រ​ដេរ​ស្បែកជើង​របស់​ក្រុមហ៊ុន​ Lin Wen Chih Sunbow Enterprises Co.,- Ltd ដែលមាន​ទីតាំង​ក្នុង​ឃុំ​សៀមរាប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ​កម្មករ​រងគ្រោះ​និង​អ្នកបើកបរ​ឈ្មោះ ទ្រី សេង អាយុ​ ៤២ ​ឆ្នាំ រងរបួស​ស្រាល​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ចម្រុះ​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី និង​គ្លីនិក​មួយចំនួន​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​ព្យាបាល​របួស​។

លោក វ៉ន បាន​បញ្ជាក់ថា​៖ «​ក្នុង​ចំណោម​កម្មករ​រងគ្រោះ​ទាំងនោះ​មាន​ ៧ ​នាក់​រងរបួស​ធ្ងន់​ហើយ​ពួកគេ​ត្រូវបាន​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​​បង្អែក​ស្រុក​បាទី​បញ្ជូន​បន្តទៅ​​កាន់​មន្ទីរពេទ្យ​ខេត្តតាកែវ​»​។

បើតាម​លោក វ៉ន គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលមកពី​ស្ថានភាព​ផ្លូវ​តូចចង្អៀត​ជា​ផ្លូវលំ​ងាយ​រអិល នៅពេល​មាន​ភ្លៀង​ធ្លាក់​។ ​នៅពេលនេះ​សមត្ថកិច្ច​ជំនាញ​បាន​ស្ទូច​អូស​រថយន្ត​នោះ​យកទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​រង់ចាំ​រក​ដំណោះស្រាយ​រវាង​ភាគី​កម្មករ​ និង​ម្ចាស់​រថយន្ត​។

ទោះជា​យ៉ាងណា​មកទល់​ពេល​នេះ​កម្មករ​ភាគច្រើន​ដែល​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី និង​គ្លីនិក​ឯកជន​ដែលជា​ដៃគូ​ជាមួយនឹង​របប​សន្តិសុខ​សង្គម​ (​ប.ស.ស) ​មាន​អាការ​ធូរស្រាល​ជាធម្មតា​ឡើងវិញ​ហើយ​។ ​នេះ​បើតាម​ការអះអាង​របស់​លោក ម៉ឹង វីរីយ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​តាកែវ​។

លោក​ថ្លែងថា ក្រោយ​ទទួល​​បាន​ព័ត៌មាន​នេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​អន្តរាគមន៍​ដឹកជញ្ជូន​កម្មករ​រងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ដែលជា​ដៃគូ​។ ​ក្នុង​នោះ​កម្មករ​ ៨០ ​នាក់​បាន​បញ្ជូន​ទៅ​​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាទី​, ៦ ​នាក់​ទៅកាន់​គ្លីនិក​ឯកជន​ដែលជា​ដៃគូ ប.ស.ស និង ៧ ​នាក់​ទៀត​ដែល​រងរបួស​ធ្ងន់​ទៅ​​កាន់​មន្ទីរពេទ្យ​ខេត្តតាកែវ​។

លោក វីរីយ៉ា បាន​បញ្ជាក់ថា​៖ «​ពេលនេះ​កម្មករ​ ៨៦ ​នាក់​ដែល​រងរបួស​ស្រាល​សើ​ស្បែក​មាន​អាការ​ធូរស្រាល​ជាធម្មតា​ឡើង​​វិញ​ហើយ​ក្រោយ​ទទួលបាន​ការពិនិត្យ​លាង​របួស និង​ព្យាបាល​ដោយ​ចាក់​ថ្នាំ និង​ព្យួរ​សេរ៉ូម​ពី​ក្រុមគ្រូពេទ្យ​ជំនាញ​។

នៅ​ព្រឹក​ថ្ងៃស្អែក​ (​ពុធ​នេះ​) ​ពួកគេ​អាច​ត្រឡប់​ទៅ​ធ្វើ​ការងារ​វិញ​បាន​»​។

បើតាម​លោក វីរីយ៉ា កម្មករ​ ៧ ​នាក់​ដែល​បាន​បញ្ជូន​បន្ត​ទៅ​​កាន់​មន្ទីរពេទ្យ​ខេត្តតាកែវ​នោះ​​នៅ​ពុំទាន់​ដឹង​អំពី​ស្ថានភាព​នៃ​មុខរបួស​ពិតប្រាកដ​នៅឡើយ​ទេ ហើយ​ក្រុមគ្រូពេទ្យ​កំពុង​បន្ត​ពិនិត្យ​តាមដាន និង​ឆ្លុះ​មើល​ដោយ​ម៉ាស៊ីន​កាំរស្មី​អ៊ិច​។

យ៉ាងណាក៏ដោយ​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ លោក នុត ស៊ីណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ដែល​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ និង​សួរសុខទុក្ខ​កម្មករ​រងគ្រោះ​ទាំងនោះ​ដល់​មន្ទីរពេទ្យ​ខេត្ត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ពួកគេ​មាន​អាការ​ធូរស្បើយ​ឡើង​​វិញ​ហើយ លើកលែង​តែ​អ្នក​រងគ្រោះ​ ២ ​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ត្រូវបានធ្វើ​ការវះកាត់​ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​។

លោក​ ស៊ីណាត បញ្ជាក់ថា​៖ «​អ្នកជំងឺ​ ៥ ​នាក់​ដែល​រង​ការប៉ះទង្គិច​លើ​រាងកាយ​តិចតួច​បាន​ធូរស្បើយ​ហើយ ប៉ុន្តែ​អ្នកជំងឺ​ ២ ​នាក់​ទៀត​ដែល​ពិនិត្យឃើញ​មាន​បាក់ឆ្អឹង​ច្រមុះ និង​ប្រេះស្រាំ​ឆ្អឹងកដៃ​នោះ​គឺ​កំពុង​ស្ថិតក្រោម​ការវះកាត់​ពី​គ្រូពេទ្យ​ និង​ត្រូវ​ប្រើ​​ពេល​យូរ​ក្នុង​ការព្យាបាល​»​។

ជុំវិញ​ករណីនេះ បុគ្គលិក​រដ្ឋបាល​រោងចក្រ​កាត់ដេរ​ស្បែក​​ជើង​នៃ​ក្រុមហ៊ុន​ Lin Wen Chih Sunbow Enterprises Co., Ltd ​គឺ​អ្នកស្រី គង់ ចាន់មុន្នីផល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​ករណី​គ្រោះថ្នាក់​ការងារ ព្រោះ​កម្មករ​បានធ្វើ​ដំណើរ​ពី​ផ្ទះ​មក​បំពេញការងារ​ដូច្នេះ​ថ្លៃ​ព្យាបាល​របួស​គឺជា​បន្ទុក របស់ ប.ស.ស ព្រោះ​រោងចក្រ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ ប.ស.ស រួចហើយ​។

អ្នកស្រី មុន្នីផល បាន​បន្តថា​៖ «​នៅពេលនេះ បុគ្គលិក​រោងចក្រ​របស់​យើង​កំពុង​ចុះ​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមមន្ត្រី ប.ស.ស ដើម្បី​ស្រង់​ឈ្មោះ​កម្មករ​ដែល​របួស​។ ចំពោះ​អ្នករងរបួស​ធ្ងន់ រោងចក្រ​នឹង​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​បន្ត​ព្យាបាល​ជំងឺ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​។ ​ចំណែក​អ្នករងរបួស​ស្រាល​គឺ​សូមឱ្យ​ពួកគាត់​មក​ធ្វើការ​វិញ​នៅ​ថ្ងៃ​ពុធ​នេះ​»​។

សូមបញ្ជាក់​ផងដែរ​ថា អភិបាល​ខេត្តតាកែវ​លោក អ៊ូច ភា ក៏បាន​ចុះសួរសុខទុក្ខ និង ផ្ដល់​អំណោយ​មួយចំនួន​ដល់​កម្មករ​រងគ្រោះ​ដល់​មន្ទីរពេទ្យ​ផងដែរ​កាលពី​ម្សិលមិញ​។ ​ជាមួយ​នោះ​លោក​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​រោងចក្រ​អនុញ្ញាត​ច្បាប់ឈប់​សម្រាក​ដល់​ពួកគេ​ ១ ​ថ្ងៃ​សម្រាប់​អ្នករងរបួស​ស្រាល​ និង​ទៅតាម​ភាពជាក់ស្ដែង​ចំពោះ​អ្នករបួស​​ធ្ងន់​ដោយ​មិន​កាត់​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​៕