បាត់ដំបងៈ ​យ៉ាងហោចណាស់​​មាន​មនុស្ស​ ៤ ​នាក់​បាន​ស្លាប់​ ដោយសារ​ក្រឡាប់​រថយន្ត​ធុន​ធំ​ដឹក​អង្ករ​ ១ ​គ្រឿង បណ្ដាល​​មកពី​រអិល​ពេល​ចុះ​ចំណោត កាលពី​ថ្ងៃទី​ ៣០ មីនា នៅក្នុង​ភូមិ​ថ្នល់​បត់ ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

លោក សុង សុភ័ក្ត្រ អភិបាលស្រុក​ភ្នំព្រឹក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​​ពី​ ម្សិលមិញ​ថា តាម​របាយការណ៍​ពី​លោក ហេង បារាំង អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​ ៤ ​នាក់​ សុទ្ធ​ប្រុស​ទាំងអស់ ​ដែល​ទី​១- ​ឈ្មោះ សួន សុជា អាយុ​ ១៧ ​ឆ្នាំ រស់នៅ​ភូមិ​ឃ្លាំងសាំង​ សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​, ​ទី២- ​ឈ្មោះ ឧត្តម អាយុ​ ២៥ ​ឆ្នាំ​រស់នៅ​ខេត្តព្រៃវែង ទី​៣- ​ឈ្មោះ ម៉ៅ អាយុ​ ៣៣ ​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ស្ពឺ និង​ទី​៤ ​ឈ្មោះ​ សីហា អាយុ​ ២៤ ​ឆ្នាំ រស់នៅ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក​ប្រាប់ថា​៖ «​តាម​មន្ត្រី​ជំនាញ​ចរាចរណ៍​ខេត្ត​ដែល​បាន​​ពិនិត្យ​រថយន្ត​នោះ​មិនឃើញ​​មាន​បញ្ហា​បច្ចេកទេស​អ្វី​ទេ តែ​គ្រោះថ្នាក់​នេះ​បណ្តាលមកពី​រថយន្ត​នោះ​ដឹក​ធ្ងន់ ហើយ​ចុះ​ចំណោត​ពីលើ​ភ្នំព្រឹក​។ ដូច្នេះ​ពេល​រថយន្ត​ដឹក​ធ្ងន់ ហើយ​ចុះចំណោត​ផង​នោះ ប្រហែល​មកពី​អ្នក​បើកបរ​ជាន់​ហ្វ្រាំង​អត់​ស៊ី​»​។

បើ​តាម​លោក សុភ័ក្ត្រ ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ឱ្យដឹង​តាមរយៈ​សាក្សី​ថា កាលពី​វេលា​ម៉ោងជាង​ ២ ​រសៀល​ថ្ងៃទី​ ៣០ មីនា គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ 3A-0409 ដែល​​មាន​ដឹក​អង្ករ​ពេញ​ទ្រុង​ពី​ខេត្តតាកែវ​សំដៅទៅ​ស្រុក​ភ្នំព្រឹក​ខេត្តបាត់ដំបង​។

លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បាន​ចុះ​ចំណោត​ពីលើ​ភ្នំព្រឹក​ហើយ​រេ​ចង្កូត​រួច​ក៏​ក្រឡាប់​​ផ្ងារជើង​តែម្តង​។ ​ចំពោះ​មនុស្ស​ ៤ ​នាក់​ដែល​នៅក្នុង​កាប៊ីន​រថយន្ត​អាច​តក់ក្រហល់​ពេក​ក៏​លោត​ចេញ​មិនទាន់ ហើយ​ក្បាល​រថយន្ត​បុកដី​ទើប​បាន​កៀប​ស្លាប់​។

លោក​បាន​បន្តថា ក្រោយ​កើតហេតុ រូបលោក​ និង​លោក​​អធិការនគរបាល​ស្រុក​ភ្នំព្រឹក​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​ និង​បាននាំគ្នា​ជួយ​គាស់​ដែក​កាប៊ីន​រថយន្ត​ទាញយក​សព​ចេញ​ដើម្បី​កំណត់​អត្តសញ្ញាណ​​ជនរងគ្រោះ​ស្វែងរក​គ្រួសារ​។

ដោយឡែក​លោក​ ផាន់ ស្រល់ នាយ​នគរបាល​ប៉ុស្តិ៍​អូររំដួល​បាន​ឱ្យដឹងពី​ម្សិលមិញ​ដែរ​ថា បើតាម​លោក​សួរ​ក្រុមគ្រួសារ​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​នោះបាន​ប្រាប់ថា រថយន្ត​នេះ​បាន​ដឹក​អង្ករ​ចេញពី​ខេត្តតាកែវ​ដើម្បី​យកមក​ដាក់​ស្តង់​នៅ​ផ្សារកាប៊ីន​នៅ​ទីរួមស្រុក​ភ្នំព្រឹក​។

ប៉ុន្តែ​ដោយសារ​អ្នកបើកបរ​មិន​ស្គាល់ផ្លូវ គាត់​ក៏​បើក​តាមផ្លូវ​វាង​។ ​ដូច្នេះ​ដើម្បី​ទៅដល់​ស្រុក​ភ្នំព្រឹក​បាន​ត្រូវ​តែ​បើក​ឆ្លងកាត់​ផ្លូវ​ចំណោត​ហើយ​ដោយសារ​ក្រុម​ជនរងគ្រោះ​មិន​ស្គាល់​ភូមិសាស្ត្រ​ផង​ទើប​ជួប​គ្រោះថ្នាក់​បែបនេះ​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ​ផ្លូវ​ទើប​ធ្វើ​ចាក់​កៅស៊ូ​ រួច​រាង​គ្រាន់​បន្តិច តែបើ​កាលពី​នៅ​ផ្លូវដី​វិញ​គឺ​ចោត​មែនទែន សូម្បី​​តែ​ឡាន​ថៃ​ក៏​បើក​ធ្លាក់​ផ្លូវ​នោះ​​ដែរ​រាល់​តែ​ឆ្នាំ​ហ្នឹង​។ បើ​គេ​ធ្លាប់​ឆ្លងកាត់​ផ្លូវ​នោះគេ​ដឹង​មុន​គឺ គេ​សាង​លេខ​ពីលើ​ចំណោត​ទុក​ឱ្យ​ហើយ​»​។

លោក​បន្តថា នៅពេល​យប់​ក្រោយ​កើតហេតុ​គឺមាន​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំង​ ៤ ​នាក់​នោះ​មកពី​ខេត្ត​កំពង់ស្ពឺ ព្រៃវែង​ ​ភ្នំពេញ និង​ស្រុក​សំឡូត ខេត្តបាត់ដំបង​បាន​ទៅយក​សព​អស់​​ហើយ​។ ប៉ុន្តែ​លោក​មិនទាន់​ឃើញ​ម្ចាស់​រថយន្ត និង​ម្ចាស់​អង្ករ​មក​ដោះស្រាយ​នៅឡើយ​ទេ​រហូត​ដល់​ថ្ងៃទី​ ៣១ មីនា រីឯ​រថយន្ត​ក៏​មិនទាន់​បាន​ស្ទួច​យក​​ទៅណា​ដែរ​៕