ភ្នំពេញៈ សាលា​រាជ​ធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​បាន​បិទ​ស្ទិកឃ័រ​និង​បដា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​នានា​ ​នៅ​តាម​ទី​សាធារ​ណៈ ​ដោយ​ដាក់​ឱសាន​វាទ​រយៈ​ពេល​ ១៤ ​ថ្ងៃ​ សម្រាប់​ដក​ស្ទិកគ័រ​របស់​ពួកគេ​ចេញ​រៀង​ខ្លួន។

សេច​ក្ដី​ជូន​ដំណឹង​រប​ស់​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ស្ទិកឃ័រ​ និង​បដា​ផ្សាយ​ពាណិជ្ជ​កម្ម​ត្រូវ​ចាប់​ផ្ដើម​ដក​ចេញ​ពី​ទី​សាធា​រណៈ​ចាប់​ពី​​ថ្ងៃ​ទី ២ ​ខែ​ មេសា។

សេចក្ដី​ជូន​ដំ​ណឹង​នេះ​ឲ្យ​ដឹង​ថា៖ «ការ​បិទ​ស្ទិកឃ័រ​និង​ចង​បដា​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​អនា​ធិប​តេយ្យ​ទាំង​នោះ កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សោភណ​ភាព ​សណ្ដាប់​ធ្នាប់​សាធារណៈ ​អនា​ម័យ ​និង​បរិស្ថាន​ទីក្រុង»។

​សេច​ក្ដី​ជូន​ដំ​ណឹង​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ឬ​ប្រធាន​អង្គភាព ​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ វិទ្យា​ស្ថាន​អប់រំ អង្គ​ការ ​សមាគម​ ​ធនាគារ​ ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​ ​និង​ផ្នែក​ឯក​ជន​ទាំង​អស់​ ដែល​បាន​ធ្វើ​សកម្ម​ភាព​អនា​ធិប​តេយ្យ​ក្នុង​ការបិទ​ស្ទិកឃ័រ និង​ចង​បដា​ផ្សព្វផ្សាយ​ពី​អាជីវ​កម្ម ​សេវា​កម្ម ​ផលិត​ផល​ នៅ​តាម​បង្គោល​ភ្លើង​ ​បង្គោល​ចរា​ចរណ៍ ​ដើម​ឈើ ​របង​អគារ​សាធារ​ណៈ ​របង​ការដ្ឋាន​ ​និង​រមណី​យ​ដ្ឋាន​គឺ​ត្រូវ​ចុះ​ទៅ​ដក​យក​ស្ទិកឃ័រ​និង​បដា​របស់​ពួកគេ​រៀងៗ​ខ្លួន។

​សេច​ក្ដី​ជូន​ដំ​ណឹង​នេះ​បាន​ឲ្យ​ដឹង​ថា៖ ​«បើ​ពុំ​ (​ដក​ទេ) ​អាជ្ញាធរ​សាលា​រាជធា​នី​ភ្នំពេញ​នឹង​ចុះទៅ​​រុះរើ​ដោយ​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូ​ច​ខាត​ឡើយ​ ហើយ​នឹង​យក​របស់​របរ​ទាំង​នោះ​ធ្វើ​ភ័ស្ដុតាង​ប្ដឹង​ទៅ​តុលាការ»។

​សេចក្ដី​ជូន​ដំណឹង​នេះ​ ក៏​បាន​ហាម​ឃាត់​ចំពោះ​សកម្ម​ភាព​ឈរ​ចែក​ចាយ​ខិត្ត​ប័ណ្ណ​នៅ​តាម​​ភ្លើង​ស្ដុប​ដែរ។

លោក ​មេ​ត ​មាស​ភក្ដី ​អ្នកនាំ​​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា ​ការ​ចេញ​សេច​ក្ដី​ណែ​នាំ​​នេះ ​គឺ​ដើម្បី​ឱ្យ​អ្នក​ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ស្ទិកឃ័រ​និង​ចង​បដា​អនា​ធិប​តេយ្យ​តាម​ទី​សាធារ​ណៈ​ ចូល​រួម​ភ្ញាក់​រឭកនឹង​ការ​កែ​តម្រូវ​ដោយ​ខ្លួនឯង​ឡើង​វិញ។

​​លោក​ មាស​ភក្ដី​ ថ្លែង​ថា៖ «​នេះ​គឺ​ជា​វិធាន​ការ​ចុង​ក្រោយ ​នៅ​ពេល​ដែល​ការ​ស្នើ​សុំ​​និង​ការ​ណែ​នាំ​មិន​ត្រូវ​បាន​អនុ​វត្ត​ទេ យើង​នឹង​អាច​ឈាន​ទៅ​ធ្វើ​កិច្ច​ការ​បែប​នេះ។​ ​ចុង​ក្រោយ​ផ្លូវ​តុលាការ​ និង​និយាយ​ឱ្យ​ខ្លី​ផ្លូវ​ច្បាប់​ហ្នឹង​ ​គឺ​ជា​ចំណុច​ចុង​ក្រោ​យ​ ​ព្រោះ​ពួក​យើង​ក៏​អត់​ចង់​ឱ្យ​បង​ប្អូន​របស់​យើង​ត្រូវ​ប្រឈម​នឹង​រឿង​អស់​ហ្នឹង​ដែរ​ ទើប​យើង​ចេញ​វិធាន​ការ​ផ្សេងៗ​ដើម្បី​ឱ្យ​​ពួក​គាត់​ភ្ញាក់រឭក»។

​លោក​​បន្ត​ថា​៖ «យើង​អត់​ចង់​ឃើញ​ទី​ក្រុង​របស់​យើង​ ក្រឡេក​ទៅ​ឃើញ​មាន​បិទ​ស្ទិកឃ័រ​បូម​លូ បិទ​ស្ទិកឃ័រ​បង្រៀន​គួរ​ បិទ​ស្ទិកឃ័រលក់​នេះ​លក់​នោះ ​ពេញ​តាម​ទី​សាធារ​ណៈ ​នៅ​តាម​ផ្លូវ​ តាម​ប​ង្គោ​ល​ភ្លើង​ តាម​ដើម​ឈើ ​និង​​តាម​សាលា​រៀន​រដ្ឋ​និង​វត្ត​អារាម​ផ្សេងៗ​ ខ្ញុំ​យល់​ថា​ វា​ក៏​ទាស់​ភ្នែក​សម្រាប់​បងប្អូន​ប្រជា​ពល​រដ្ឋ​របស់​យើង​ដែរ​ហើយ​ឯ​ណា​ទៅ​គឺជា​សោភណភាព​ទី​ក្រុង​របស់​រួមគ្នា»។

លោក ​ថុ​ន ​ប៊ុន​ធឿន​ គ្រូ​ឱសថ​បុរាណ​មាន​ឈ្មោះ​ថា​ខ្មែរ​មន​ ដែល​បាន​បិទ​ស្ទិកឃ័រ​ផ្សព្វផ្សាយ​អំពី​ការលក់​ថ្នាំ​ព្យាបាល​​រោគ​ ​នៅ​ជាប់​បង្គោល​ភ្លើង​តាម​បណ្ដោយ​ផ្លូវ​សុធារស​បាន​ថ្លែង​​ថា ​លោក​ពុំ​បាន​ដឹង​អំពី​សេច​ក្ដី​ជូន​ដំណឹង​របស់​សាលា​ក្រុង​ប្រាប់​ឱ្យ​ចុះ​ទៅ​ដក​យក​ស្ទិកឃ័រ​នោះ​មក​វិញ​ទេ ​ប៉ុន្តែ​ការ​បិទ​ស្ទិកឃ័រ​នោះ​គឺលោក​បាន​ធ្វើ​ឡើង​ជាង​មួយ​ឆ្នាំ​មុន​ និង​បច្ចុប្បន្ន ​ពុំមាន​ការ​ដើរ​បិទ​ស្ទិកឃ័រ​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​នៅ​ទីតាំង​ផ្សេង​ឡើយ​ ​ព្រោះ​ឥឡូវ​លោក​បាន​ផ្ដោត​លើ​ការ​ផ្សព្វ​ផ្សាយ​លក់​ថ្នាំ​នៅ​តាម​ផេក​ហ្វេសប៊ុក​វិញ។

​​លោកថ្លែង​​ថា៖​ «​ឥឡូវ​​ដឹង​ ហើយ​ថ្ងៃ​ណា​ថ្ងៃ​ខ្ញុំ​ជិះ​កាត់​ហ្នឹង​ខ្ញុំ​នឹង​ទៅ​ដក​ចេញ​ តែ​ដូច​ជា​មាន​​តែ​មួយ​ទីតាំង​ហ្នឹង​ទេ។​ ​សម្រាប់​គេ​មានៗ​ ​គេ​ដើរ​បិទ​គ្រប់​កន្លែង​ ហើយ​សម្រាប់​យើង​អត់​ ​យើង​គោរព​ច្បាប់​ទៅ»។​

​ចំណែក​ម្ចាស់​ស្ទិកឃ័រ​ផ្សព្វផ្សាយ​ពី​ការ​ផ្ដ​ល់​សេ​វា​បូម​លូ​នៅតាម​បណ្ដោយ​ផ្លូវ​សុធារស​ម្នាក់​ទៀត​​ដែល​អះអាង​ថា​មាន​ឈ្មោះ ​មាស​ សេង​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ដែរ​ថា​ គាត់​ក៏​ពុំ​បាន​ដឹង​អំពី​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ដែរ​ ប៉ុន្តែ​អះអាង​យ៉ាង​ខ្លី​ថា ​នឹង​ឱ្យ​បុគ្គលិក​​ចុះ​ទៅ​ប្រមូល​យក​ស្ទិកឃ័រ​ទាំង​នោះ​មក​វិញ។

​​​សេច​ក្ដី​ជូន​ដំណឹង​រប​ស់​សាលា​ក្រុង​បញ្ជាក់​ថា​ ​កន្លង​មក​សាលាក្រុង​​ធ្លាប់​បាន​ធ្វើ​ការ​ណែនាំ​ជាច្រើ​ន​លើក​រួច​មក​ហើយ​ ​ប៉ុន្តែ​ក្រោយៗ​មក​ នៅ​តែ​ឃើញ​មាន​ការ​បិទ​ស្ទិកឃ័រ​ និង​ចង​បដា​នៅ​តាម​ទីសា​ធារណៈ​ដដែល៕​