កោះកុងៈ មន្ទីរឧស្សាកម្ម រ៉ែនិងថាមពលខេត្តកោះកុង បានជំរុញឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតរិះរកមធ្យោបាយជាបន្ទាន់ដើម្បីដោះស្រាយនូវវិបត្តិកង្វះទឹកស្អាតប្រើប្រាស់ ដែលកំពុងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងខេត្តនេះ។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋនិងម្ចាស់សហគ្រាសមួយចំនួនបានរអ៊ូរទាំប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ការផ្គត់ផ្គង់ទឹកស្អាតមានភាពរអាក់រអួលជាខ្លាំងនៅក្នុងប៉ុន្មាន សប្ដាហ៍នេះ ហើយនៅក្នុងតំបន់ខ្លះបានដាច់ទឹកបីថ្ងៃមកហើយផងដែរ។
លោក ប៉ិច ស៊ីយុនប្រធានមនី្ទរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តកោះកុង បានឲ្យដឹងថា នាប៉ុន្មានសប្ដាហ៍កន្លងមកនេះការផ្គត់ផ្គង់ទឹកស្អាតមានភាពរអាក់រអួលនៅក្នុងតំបន់ខ្លះ និងបានធ្វើឲ្យប្រជាពលរដ្ឋ និងតាមរោងចក្រ សហគ្រាស និងសិប្បកម្មមួយចំនួនមានក្ដីកង្វល់នៅក្នុងជីវភាពរស់នៅពិសេសដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួន។
លោកថ្លែងថា៖«ថ្វីបើពេលនេះ យើងមិនទាន់ជួបវិបត្តិទឹកស្អាតធ្ងន់ធ្ងរក្ដី ប៉ុន្តែក្នុងខេត្តពិតជាមានបញ្ហាកង្វះប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការរបស់អតិថិជន ខណៈកំណើនអ្នកប្រើប្រាស់ និងឧស្សាហកម្ម សិប្បកម្ម នៅក្នុងខេត្តកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ»។
លោកបន្ថែមថា៖ «យើងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតនៅថ្ងៃសុក្រដើម្បីបង្កើតគណៈកម្មការដោះស្រាយបញ្ហានេះ»។
បញ្ហាកង្វះទឹកស្អាតបានធ្វើឲ្យប្រជាពលរដ្ឋបង្កើនការចំណាយទៅលើការទិញទឹកដែលនាំចូលពីតំបន់ផ្សេងជុំវិញខេត្តនេះ។
អ្នកស្រី ប៉ុក ផល្លី ពលរដ្ឋនៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានត្អូញថា នៅតំបន់គាត់រស់នៅបានដាច់ទឹកបីថ្ងៃហើយ បន្ទាប់ពីមានភាពរអាក់រអួលជាងកន្លះខែកន្លងមកនេះ។
អ្នកស្រីបន្តថា៖«ការដាច់ទឹកប៉ុន្មានថ្ងៃនេះគាត់ត្រូវចំណាយប្រាក់ទិញទឹកពីអ្នកដឹកទឹកលក់ច្រើនមកប្រើប្រាស់។ អ្នកស្រីថា៖«ខ្ញុំទិញទឹកពីរធុង ចំណុះបីគុបតម្លៃ២០ដុល្លារ ដែលជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានកាលពីមុន»។
ម្ចាស់ផ្ទះសំណាក់លោក អ៊ុយ សឿន ឲ្យដឹងថា កង្វះទឹកស្អាតបានប៉ះពាល់ដល់ទឹកចិត្តអតិថិជន ដែលមកស្នាក់កន្លែងគាត់។
លោកថា៖«ពួកគេមិនសប្បាយចិត្តទេ ហើយពួកគេគិតថាសេវាផ្ទះសំណាក់យើងមិនល្អ គេថាយើងរឹតត្បិតការប្រើប្រាស់ទឹក ដែលនេះវាអាចប៉ះពាល់ដល់មុខរបររបស់យើងទៅអនាគត»។
ទោះជាបែបណាក្ដី លោក លឹម សុឃាង នាយកក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តកោះកុង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា បញ្ហាប្រឈមនេះ គឺមកពីកត្តាបីទី១-ការជួសជុលប្រព័ន្ធទុយោដែលខូច ទី២-ភាពរាំងស្ងួតអូសបន្លាយ ទី៣-កំណើនប្រជាពលរដ្ឋ និងវិស័យឧស្សាហកម្មគ្រប់ប្រភេទ។
លោកថ្លែងថា៖«តាមកិច្ចសន្យាក្រុមហ៊ុនត្រូវផ្គត់ផ្គង់ទឹកស្អាតក្នុង១ឆ្នាំៗ ចំនួន៣សែនម៉ែត្រគុប ប៉ុន្តែបច្ចុប្បន្ន ក្រុមហ៊ុនបានផ្គត់ផ្គង់ទឹករហូតជិត៩សែនម៉ែត្រគុប ទៅហើយក្នុង១ឆ្នាំ»។ លោកបន្តថា៖«ប៉ុន្តែក្រុមហ៊ុនបានព្យាយាមពង្រីកអាងស្តុកទឹកស្អាតសម្រាប់បង្កើនការផ្គត់ផ្គង់ដល់អតិថិជនឲ្យបានគ្រប់គ្រាន់ ប៉ុន្តែមួយរយៈនេះយើងកំពុងជួសជុលប្រព័ន្ធទុយោទឹកដែលខូច។ យើងសង្ឃឹមថា អាចក្នុងពីរសប្តាហ៍ទៀត នឹងដំណើរការល្អប្រសើរវិញ»៕