
ព្រះសីហនុៈ ប្រជាពលរដ្ឋនៅទូទាំងក្រុងព្រះសីហនុ កំពុងប្រឈមទៅនឹងកង្វះខាតទឹកស្អាត(ទឹកសាប) ប្រើប្រាស់ បន្ទាប់ពីទំនប់អាងបឹងព្រែកទប់ បានរីងស្ងួតប្រេះក្រហែង ដោយសារតែភាពរាំងស្ងួតគ្មានភ្លៀងអស់ជាច្រើនខែកន្លងមកនេះ។
លោក ព្រាប ឌឿន ប្រជាពលរដ្ឋក្នុងសង្កាត់មិត្តភាព ក្រុងព្រះសីហនុ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា អង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុបានកាត់ផ្ដាច់បណ្ដាញផ្គត់ផ្គង់ ទឹកស្អាតនៅតំបន់លោករស់នៅ រយៈពេលពីរថ្ងៃមកហើយ។
លោកថ្លែង ថា ៖ «ចាប់តាំងពីមានភាពរអាក់រអួលលើផ្នែកបណ្ដាញផ្គត់ផ្គង់ទឹកស្អាត ក្នុងមួយសប្ដាហ៍កន្លងមកនេះ ក្រុមគ្រួសារខ្ញុំ បានចំណាយថវិកាមួយថ្ងៃចំនួនមួយម៉ឺនរៀលដើម្បីបន្ថែមទៅលើការទិញ ទឹកសាបយកមកប្រើប្រាស់»។
ពលរដ្ឋម្នាក់ទៀតដែលរស់នៅទីក្រុងជាប់ មាត់សមុទ្រមួយនេះ ដែរ លោក ខៀវ សារ៉េត អាយុ ៥៦ឆ្នាំ បាននិយាយប្រាប់ថា ចាប់តាំងពីមានការផ្គត់ផ្គង់ទឹកមានភាពរអាក់រអួលមក បានធ្វើឲ្យអាជីវកម្ម ផ្ទះសំណាក់របស់គាត់ជួបប្រទះនូវបញ្ហា។
លោក ថ្លែងថា៖ «ភ្ញៀវមួយចំនួនបានលុបចោលការកក់បន្ទប់ ហើយភ្ញៀវដែលមកស្នាក់នៅបានរអ៊ូរទាំជាខ្លាំង ថាយើងបានត្បិតត្បៀតទឹកមិនឲ្យពួកគេប្រើប្រាស់ឲ្យបានគ្រប់ គ្រាន់»។
ជាមួយគ្នានេះដែរ បុគ្គលិកសណ្ឋាគារហូលីដេ ផាលេសម្នាក់ ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា កង្វះទឹកស្អាតប្រើប្រាស់ក្នុងមួយរយៈនេះ បានធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព និងសេវាកម្មសណ្ឋាគាររបស់ពួកគេនៅតំបន់ទេសចរណ៍មាត់សមុទ្រ នេះ។
បុគ្គលិករូបនោះ បានបន្តថា៖«អតិថិជនមួយចំនួន ពិសេសភ្ញៀវជាជនបរទេស ពួកគេបានកក់បន្ទប់ស្នាក់នៅរយៈពេល៥ថ្ងៃ ឬមួយសប្ដាហ៍ ប៉ុន្តែនៅពេលជួបនឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ យ៉ាងដូច្នេះ ពួកគេក៏ឈប់ស្នាក់នៅមុនកាលកំណត់»។
លោកបញ្ជាក់បន្ថែមថា ទឹកសាបដែលសណ្ឋាគារបានទិញពីអ្នកផ្គត់ផ្គង់តាមរថយន្តនោះ ក្រុមភ្ញៀវជាជនបរទេសគេមិនងូតឬប្រើទេ ដោយពួកគេថា ទឹកនោះមិនស្អាត។
ប៉ុន្តែទោះជាបែបណាក្ដី លោក ប្រាក់ ប្រាកដ ប្រធានអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីម្សិលមិញថា លោកកំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុនអានកូ (ANCO) ដើម្បីស្នើឲ្យក្រុមហ៊ុននេះ ជួយផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជននិងប្រជាពលរដ្ឋក្នុងទីក្រុងនេះ បន្ទាប់ពីអាង បឹង ទំនប់ទឹកនានា បានរីងស្ងួតអស់។
លោក បានបន្ថែមថា៖«យើងបានស្នើសុំឲ្យក្រុមហ៊ុនអានកូ ជួយផ្គត់ផ្គង់ទឹកមកឲ្យអតិថិជនរបស់យើង បន្ថែមក្នុងមួយម៉ោង ៣០០ម៉ែត្រគុប»។
លោកប្រធានអង្គភាពបន្តឲ្យដឹងថា តាមធម្មតាអង្គភាពរដ្ឋាករទឹកខេត្តព្រះសីហនុចំណាយទឹក ១២.០០០ម៉ែត្រគុប សម្រាប់ផ្គត់ផ្គង់ដល់អតិថិជនមានលំនៅឋានក្នុងក្រុងព្រះសីហនុ ដែលចំនួននេះមិនទាន់បូកសរុបនឹងអតិថិជនសហគ្រាស រោងចក្រ និងផ្ទះសំណាក់សណ្ឋាគារនានា បន្ថែមផងទេ។
លោក ប្រាក់ ប្រាកដ បានបន្តទៀតថា៖«នេះជាបទពិសោធមួយ ដែលយើងមិនធ្លាប់ជួបប្រទះកាលពីមុន។ យើងរំពឹងថា នៅមួយខែក្រោយទៀតនេះ យើងនឹងដំណើរការផ្គត់ផ្គង់បានល្អប្រសើរឡើងវិញ»៕