ភ្នំពេញៈ កម្មករ​កាត់​ដេរ​ និង​មេ​ដឹក​នាំ​សហជីព​​កំពុង​​ចង់​ដឹង​​ថា​តើ​​រោង​ចក្រ​​ណា​ខ្លះ​ស្ថិត​ក្នុង​ចំណោម​រោង​ចក្រ​​ចំនួន​ ៩​ ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រសួង​ការ​ងារ​​ ដើម្បី​ទទួល​បាន​ប្រាក់​សំណង​​ បន្ទាប់​ពី​​ថៅ​កែ​រោង​ចក្រ​ពួក​គេ​រត់​ចោល​។

​ក្រសួង​បាន​ប្រកាស​ដ៏ភ្ញាក់​ផ្អើល​មួយ​កាល​ពី​សប្តាហ៍​មុន​​ថា​ក្រសួង​បាន​កំណត់​ប្រាក់​៤,​៦​លាន​ដុល្លារ​​ដើម្បី​ផ្តល់​ទៅ​កម្មករ​​​នៃ​រោង​ចក្រ​ចំនួន​៩​​ដែល​ម្ចាស់​រោង​ចក្រ​​បាន​​បិទ​ទ្វារ​​និង​​រត់​ចោល។​ ទោះ​យ៉ាង​ណា​ក្តី ​កម្មករ​​បាន​ថ្លែង​ថា ពួក​គេ​ត្រូវ​បាន​ទុក​នៅ​ក្នុង​លក្ខណៈ​​មិន​ច្បាស់​ថា​តើ​រោង​ចក្រ​​ណា​ខ្លះ​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​។ ​

កម្មករ​​នៃ​រោង​ចក្រ​យ៉ាង​ហោច​ណាស់​ ២​​ ​គឺ​រោង​ចក្រ​ Co-Seek Garment Co.Ltd. និង​រោង​ចក្រ​ Center World Garment Ltd. ​ត្រូវ​បាន​ជម្រាប​ថា ​ក្រុម​ហ៊ុន​របស់​ពួក​គេ​​មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុងបញ្ជីនោះទេ​។

​អ្នក​នាង ឃុន ណារី ​​ជា​កម្មការិនី​នៅ​​​រោង​ចក្រ ​Co-Seek ​បាន​ថ្លែង​ថា ​អ្នកនាង​និង​កម្មករ​ដទៃ​ៗ​ទៀត​​ត្រូវ​បាន​ប្រាប់​ដោយ​មន្រ្តី​ក្រសួង​​ កាល​ពី​សប្តាហ៍​មុន​ថា ​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​​ក្រុម​ហ៊ុន​​​ចំនួន​៩​ដែល​ត្រូវ​បាន​ជ្រើស​រើស​នោះ​ទេ​ ​បន្ទាប់​ពី​មន្រ្តី​នោះ​ដំបូង​​អះ​អាង​ថា ​ការ​សង​នោះ​គឺ​ជា​«​ព័ត៌​មាន​មិន​ពិត​»។

​អតី​ត​កម្មករ​ប្រមាណ​ ១០០ ​នាក់​​ នៃ​​រោង​ចក្រ Co-Seek ​កំពុង​​ស្វែង​រក​ប្រាក់​ខែ​និង​ប្រាក់​បំណាច់​ដទៃ​ៗ​ទៀត​នៅ​ឡើយ ​​​បន្ទាប់​ពី​​ម្ចាស់​រោង​ចក្រ​ពួក​គេ​​​បាន​រត់​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦​។

​អ្នក​នាង​ ណារី ​បាន​ថ្លែង​ថា​៖ «​​នីតិវិធី​តុលាការ​​ចំណាយ​ពេល​យូរ​ ហើយ​យើង​មិន​ទាន់​ទទួល​​បាន​ដំណោះ​ស្រាយ​ទេ»។

​ទន្ទឹម​នេះ​​ កម្មករ​​រោង​ចក្រ Chung Fai Knitwear ​បាន​ថ្លែង​​ថា ពួក​គេ​មាន​សុទិដ្ឋិនិយម​​បន្ទាប់​ពី​ទៅ​​ខុទ្ទកាល័យ​​លោក​​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន ​ហើយ​ត្រូវ​បាន​គេ​​សុំ​ឲ្យ​​បំពេញ​​បែប​បទ ​។

​អ្នក​នាង ខន ជីវិន ​អតី​ត​កម្មការិនី​នៅ​រោង​ចក្រ Chung Fai បាន​ថ្លែង​ថា​៖ «​​ខ្ញុំ​មាន​សង្ឃឹម​បន្តិច​ ដោយ​សារ​​ខ្ញុំ​និង​កម្មករ​​ដទៃ​ៗ​ទៀត​​នឹង​ទទួល​បាន​​​ប្រាក់​ខែ​​របស់​យើង​​និង​ប្រាក់​បំណាច់​ដទៃ​ៗ​ទៀត​»។

​អ្នក​នាងបាន​ថ្លែង​ថា មន្រ្តី​​ការ​ងារ​បាន​ប្រាប់​​ក្រុម​​កម្មករ​ថា រោង​ចក្រ​ចំនួន​៥ក្នុង​រាជ​ធានី​ភ្នំ​ពេញ ៣ក្នុង​ខេត្ត​​កំពង់​ស្ពឺ ​និង​មួយ​ក្នុង​ខេត្ត​កណ្តាល​ ​និង​មួយ​ក្នុង​ខេត្ត​កំពត ​ត្រូវ​បា​ន​ជ្រើស​​រើស​។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ងារ ​លោក​ ហេង សួរ មិន​អាច​ទាក់​ទង​សុំ​​អត្ថា​ធិប្បាយ​បាន​កាល​ពី​ម្សិល​មិញ​ ​​ហើយ​​អគ្គ​លេខា​ធិការ​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ លោក ខេន លូ បាន​ថ្លែង​ថា លោក​មិន​ដឹង​ថា​តើ​​រោង​ចក្រ​ណា​​ខ្លះ​ត្រូវ​បាន​ជ្រើស​រើស​​នោះ​ទេ​។

សកម្ម​ជន​សិទ្ធិ​ការ​ងារ​បាន​ស្វាគមន៍​​សេចក្តី​សម្រេច​​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ចេញ​​លុយ​ហោ​ប៉ៅ​​​សម្រាប់​ដំណោះ​ស្រាយ​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​​ថា កម្មករ​​ជា​ច្រើន​​មិន​ត្រូវ​បាន​រួម​បញ្ចូល​។

​​លោក​ ឃុន ថារ៉ូ មន្រ្តី​កម្មវិធី​ជាន់​ខ្ពស់​​របស់​​​មជ្ឈ​មណ្ឌល​សាម​គ្គី ​បាន​ថ្លែង​ថា៖«​​មាន​រោង​ចក្រ​ជា​ច្រើន មិន​មែន​តែ​​៩​រោង​ចក្រ​ទេ​»។លោកថា៖​ «​​តើ​អ្វី​ទៅ​ជា​យុទ្ធ​សាស្រ្ត​រយៈ​ពេល​វែង​ ​ហើយ​ដំណើរ​ការ​នៃ​ការ​បិទ​រោង​ចក្រ​ត្រូវ​​ការ​ការ​​ដោះ​ស្រាយ​​»។

​​លោក ថា​រ៉ូ ​បាន​ថ្លែង​ថា ​ក្រុម​កម្មករ​​រោង​ចក្រ​ Center World Garment Ltd. ​ក៏​បាន​ទៅ​ក្រសួង​ដែរ​កាល​ពី​សប្តាហ៍​មុន ​​ហើយ​ត្រូវ​បាន​ជម្រាប​ថា ​ពួក​គេ​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ជ្រើស​រើស​ទេ​។ ​កម្មករ​​​ប្រមាណ​​​​ ២០០​​ នាក់​​​នៃ​​​រោង​ចក្រ​​នេះ​មិន​ទទួល​បាន​ប្រាក់​បំណាច់​​​ចាប់​តាំង​ពី​រោង​ចក្រ​នេះ​​ត្រូវ​បាន​បិទ​​ក្នុង​ឆ្នាំ​ ២០១៥៕ PS