ភ្នំពេញៈ ក្រសួង​ព័ត៌មាន​កាលពី​ម្សិលមិញ​បានចាប់ផ្ដើម​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ «​របប​សារព័ត៌មាន​» ដើម្បី​ឈានដល់​ការកែលម្អ និង​បញ្ចូល​របៀបរបប​ការងារ​ថ្មី​ឲ្យ​សមស្រប​តាម​បទដ្ឋាន​ច្បាប់​នាពេល​បច្ចុប្បន្ន​។

លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ ពី​ម្សិលមិញ​ថា​កាល​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ២៧ ក្រសួង​ព័ត៌មាន​បាន​ចាប់ផ្ដើម​ប្រជុំ​ក្រុមការងារ​គណៈកម្មការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ដំបូង​ដែល​ដឹកនាំ​ដោយ​លោក អ៊ុក ប្រាថ្នា រដ្ឋមន្ដ្រី​ស្ដីទី​ក្រសួង​ព័ត៌មាន ដើម្បី​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​នៃ​ច្បាប់​នេះ​។

លោក សុវណ្ណ ​បាន​ថ្លែងថា​៖ «​យើង​ពិភាក្សា​គ្នា​ក្នុង​សមាជិក​ក្រុម​ការងារ​ទាំងអស់​ក្នុង​ដំណាក់កាល​ដំបូង​ដោយ​បាន​ពិនិត្យមើល​លើ​ទិដ្ឋភាព​ច្បាប់​ទាំងមូល ព្រោះ​ច្បាប់​របប​សារព័ត៌មាន​យើង​មាន​អាយុកាល ២៤ ​ឆ្នាំ​ហើយ ដោយ​បង្កើត​តាំងពី​ឆ្នាំ​ ១៩៩៥ មក​។ ដូច្នេះ​អត្ថន័យ​នៃ​ច្បាប់​នេះ វា​ខុសពី​ការអនុវត្ដ​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​ខ្លះ​។ យើង​កំពុង​ពិនិត្យមើល​លើ​ច្បាប់​នេះ ដោយ​ចាប់ផ្ដើម​ការងារ​ចាប់​ពី​ថ្ងៃ​អង្គារ​នេះ​តទៅ​តែម្ដង​»​។

លោក សុវណ្ណ បាន​លើកឡើង​ថា​កន្លងមក​ក្រសួង​បាន​សិក្សា​ខ្លះៗ​ហើយ​លើ​អត្ថន័យ​នៃ​ច្បាប់​ខាង​លើ​នេះ​ជា​ផ្នែកៗ​។ ប៉ុន្ដែ​ចាប់ពី​កិច្ចប្រជុំ​ម្សិលមិញ​នេះ​ទៅ​នឹង​បន្ដ​សិក្សា និង​ប្រមូល​គំនិត​ទាំងអស់​បញ្ចូល​គ្នា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើងវិញ​។

លោក​ថ្លែង​ថា​៖ «​យើង​មិនទាន់​ឈាន​ដល់​ការកែ​សម្រួល​លើ​ន័យ ឬ​សេចក្ដី​នៃ​ច្បាប់​នេះ​ទេ​។ យើង​កំពុង​ប្រមូល​មតិ​ពី​ក្រុមការងារ​ទាំងអស់ និង​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ពិនិត្យ​មើល​ថា គួរ​យក​មាត្រា​ណាខ្លះ​នៃ​ច្បាប់​នេះ​មក​កែសម្រួល​បន្តទៀត​»​។

លោក សុវណ្ណ បាន​ឲ្យ​ដឹងថា កន្លង​មក​ដោយយោង​លើ​ច្បាប់​របប​សារព័ត៌មាន​ចាស់​នេះ​ចំពោះ​ការស្នើសុំ​បង្កើត​ស្ថាប័ន​សារព័ត៌មាន​គឺ​មិនទាន់​បានកំណត់​បានល្អ​ដូចជា​កម្រិត​នៃ​ការសិក្សា អាយុ ឬ​សមត្ថភាព​របស់​ចាងហ្វាង​ស្ថាប័ន​នោះ​នៅ​ឡើយ​ទេ ព្រោះ​ច្បាប់​ចាស់​នេះ​មាន​ភាព​បើក​ទូលាយ​ខ្លាំងពេក​។

លោក ឆាយ សុផល នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​ក៏​ចង់​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន​នេះដែរ ដើម្បី​ឲ្យ​សមស្រប​ទៅ​និន្នាការ​បច្ចុប្បន្ន​។

លោក​ថ្លែង​ថា​៖ «​ច្បាប់​ស្ដីពី​របប​​អ្នកសារព័ត៌មាន​នេះ យើង​មើល​ឃើញ​មាត្រា​មួយ​ចំនួន​នៅ​មាន​ភាពខ្វះចន្លោះ​នៅ​ឡើយ​។ ខ្ញុំ​គិតថា ក្រសួង​ក៏​យល់ឃើញ​បែបនេះ​ដែរ​ទើប​បង្កើត​គណៈកម្មការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​នេះ​ឡើងវិញ ដើម្បី​កែប្រែ​ធ្វើ​យ៉ាង​ម៉េច​សម្រួល​ដល់​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​»​។

លោក ឆាយ សុផល បាន​បញ្ជាក់​ថា​ច្បាប់​របប​សារព័ត៌មាន​ចាស់​ដែល​មាន​ចំនួន ៥ ​ជំពូក និង​ ២២ ​មាត្រា​នេះ អត្ថន័យ​បាន​ផ្ដោត​តែ​ទៅលើ​ការបោះពុម្ព​ផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ដែល​ចំណុច​នេះ​នៅ​មាន​ភាព​តូចចង្អៀត ខណៈ​បច្ចុប្បន្ន​និន្នាការ​សារព័ត៌មាន​ឌីជីថល អនឡាញ កំពុង​កើតឡើង​ច្រើន​។

លោក​បន្ដថា​៖ «​នៅក្នុង​ច្បាប់​នេះ​ទាំងមូល ខ្ញុំ​ពិនិត្យ​មើល​ទៅ​ឃើញ​ភាគច្រើន​ក៏​បាន​ដាក់​កម្រិត​ដល់​អ្នក​សារព័ត៌មាន និង​មិន​បាន​កំណត់​ទោសទណ្ឌ​ដល់​មន្ដ្រី​រដ្ឋាភិបាល​ដែល​ផ្ដល់​ព័ត៌មាន​ទេ​»៕