ភ្នំពេញៈ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​​ថា ក្រុម​ការងារ​ទាំង​ ៤ ​ក្រុម​នៃ​ «​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលា​ដំបូង​រាជធានី ខេត្ត​» របស់​ក្រសួង​យុត្ដិធម៌​កំពុង​វាយតម្លៃ​លទ្ធផល​នៃ​យុទ្ធនាការ​រយៈពេល​ ១ ​ខែ ហើយ​នឹង​បង្ហាញ​លទ្ធផល​នៅ​សប្ដាហ៍​ក្រោយ​មុនពេល​អនុវត្ត​យុទ្ធនាការ​ជុំ​ទី​ ២ ​បន្តទៀត​។

លោក​បាន​ថ្លែងថា ក្រុម​ការងារ​ទាំង​ ៤ ​ក្រុម​កំពុង​ប្រជុំ​ផ្ទៃក្នុង​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​ខេត្ត​គោលដៅ​សម្រាប់​រយៈពេល​ ១ ​ខែ​ដំបូង និង​រៀបចំ​ផែនការ​ចុះអនុវត្ត​យុទ្ធនាការ​ជុំ​ទី​ ២ ​នៅ​សប្តាហ៍​ក្រោយនេះ​។

លោក​ថ្លែងថា​៖ «​ក្រុមការងារ​នឹង​ចុះ​ធ្វើការ​វាយតម្លៃ​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធនាការ​សម្រាប់​ ១ ​ខែ​ដំបូង​។ ​លទ្ធផល​នឹង​ប្រកាស​​នៅពេល​ក្រោយ​។ ​ក្រុមការងារ​អនុវត្ដ​យុទ្ធនាការ​នឹង​ប្រកាស​លទ្ធផល​នៃ​ការអនុវត្ដ​យុទ្ធនាការ​នេះ​ក្នុង​ពេល​ ១ ​ខែ​ម្ដង​»​។

ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង​រាជធានី ខេត្ដ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌​បានប្រកាស​បើក​យុទ្ធនាការ​នេះ​កាលពី​ថ្ងៃទី​ ១៨ ខែឧសភា កន្លង​​ទៅ ក្រោយពី​រកឃើញ​មាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​នៅ​សេសសល់​មិនទាន់​បាន​ចាត់ការ​សរុប​ជិត​ ៤ ​ម៉ឺន​។

លោក​រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌​ដែល​ទើប​កាន់តំណែង​ថ្មី​រូបនេះ​រំពឹង​ថា តាមរយៈ​យុទ្ធនាការ​នេះ​នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​បាន​ប្រមាណ​ពី​ ៥០ ទៅ​ ៧០ ​ភាគរយ​ក្នុង​រយៈពេល​ ៦ ​ខែ​ខាងមុខ​។

ក្រសួង​យុត្ដិធម៌​បាន​បញ្ជាក់ថា ដើម្បី​ធានា​ដល់​ការអនុវត្ដ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ដ ជាពិសេស​ដើម្បី​ជួយ​ដល់​សាលាដំបូង​ឲ្យ​អនុវត្ដ​យុទ្ធនាការ​បាន​ជោគជ័យ​​ និង​ត្រឹមត្រូវ​ក្រសួង​បានសម្រេច​បង្កើត​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​ហៅ​កាត់​ថា «​គ.យ.ក.ស.»​។

បើតាម​ក្រសួង​យុត្តិធម៌ គណៈកម្មការ​នេះ​មាន​ក្រុមការងារ​ចំនួន​ ៤ ​ក្រុម​ជា​សេនាធិការ​ដឹកនាំ​អនុវត្ដ​យុទ្ធនាការ​នៅតាម​សាលាដំបូង​រាជធានី​ខេត្ដ​ក្នុង​តំបន់​ដែល​ខ្លួន​ទទួល​ខុសត្រូវ​នីមួយៗ​។ ​ក្រុមការងារ​ទាំងនេះ​​ត្រូវ​អនុវត្ដ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ស្របតាម​គោលការណ៍​ណែនាំ និង​វិធានការ​ចាំបាច់​នានា​របស់ គ.យ.ក.ស.។

ចំណែក​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ដ​គឺជា​តួអង្គ​ប្រតិបត្ដិ​យុទ្ធនាការ​ដែល​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​ព្រមទាំង​មាន​ភាពម្ចាស់ការ​ និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ជាពិសេស​ចូលរួម​អនុវត្ដ​យុទ្ធនាការ​ដោយ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​អភិក្រម​ការងារ​ក្នុង​ការអនុវត្ដ​យុទ្ធនាការ​នេះ​៕