ភ្នំពេញៈ ក្រោយ​ការប្រកាស​បើក​យុទ្ធនាការ ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលា​ដំបូង ​រាជធានី-ខេត្ត​ កាលពី​ថ្ងៃទី​ ១៨ ​ខែ​ឧសភា​ក្រុមការងារ​ទាំង​ ៤ ​ក្រុម​នៃ​គណៈកម្មការ​អនុវត្ដ​យុទ្ធនាការ​នេះ​បាន​បញ្ចប់​ការចុះ​ផ្សព្វផ្សាយ​ការដាក់​ផែនការ និង​ការពិភាក្សា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា ជាមួយ​សាលាដំបូង​រាជធានី-ខេត្ដ​ដើម្បី​ឈាន​ទៅ​សម្រេច​យុទ្ធនាការ​តាម​ផែនការ​កំណត់​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌ និង​ជា​ប្រធាន​ក្រុមការងារ​ទី​ ៤ នៃ​គណៈកម្មការ​អនុវត្ដ​យុទ្ធនាការ​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ការចុះ​អនុវត្ដ​យុទ្ធនាការ​រយៈពេល​ ១ ​សប្ដាហ៍​នេះ គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ក៏​ដូចជា​បង្ហាញ​នូវ​វិធានការ​ផ្សេងៗ​ដែល​សាលាដំបូង ត្រូវ​អនុវត្ត​យុទ្ធនាការ​នេះ​។ «​ក្នុងនោះ (​យើង​) ​ក៏​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ក្រសួង​អាចធ្វើ​ការសម្របសម្រួល​ដោះស្រាយ​បាន​ក៏ដូចជា​ធ្វើការ​ផ្ដល់​ការគាំទ្រ​ការឧបត្ថម្ភ​ផ្សេងៗ​ទៅ​ដល់​សាលាដំបូង ដើម្បី​អាច​ឲ្យ​សាលាដំបូង​អនុវត្ដ​នូវ​យុទ្ធនាការ​បានសម្រេច​ទៅតាម​ទិសដៅ​ដែល​យើង​ចង់បាន​»​។

លោក​ថ្លែង​ថា បេសកកម្ម​ ១ ​សប្ដាហ៍​នេះ​ក៏បាន​រៀបចំ​ផែនការ​រួម​គ្នា​ជាមួយ​សាលាដំបូង​ផងដែរ​ក្នុង​ការ​អនុវត្ដ​នូវ​យុទ្ធនាការ​នេះ​។ ចំណែក​លទ្ធផល​នៃ​ការអនុវត្ដ​រយៈពេល​ ១ ​សប្ដាហ៍​នេះ​នៅ​មិនទាន់​អាច​វាយតម្លៃ​បាន​នោះទេ​ព្រោះ​ស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការអនុវត្ដ​នៅឡើយ​។

លោក​ថា​៖ «​យើង​នឹងធ្វើ​ការវាយតម្លៃ​លទ្ធផល​ការងារ​នេះ​ជា​ដំណាក់កាលៗ​អាច​ថា ក្នុង​ ១ ​ខែ​ម្ដង​ ១ ​ត្រីមាស​ម្ដង​ ឬ​ក៏​ ១ ​ឆមាស​ម្ដង​»​។

លោក​បន្តថា​៖ «​ដូច្នេះ​ការដែល​ចុះ​រយៈពេល​ ១ ​សប្ដាហ៍​តាម​សាលាដំបូង​នីមួយៗ​គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ពី​វិធានការ​ផ្សេងៗ​ដែល​សាលាដំបូង​ត្រូវ​អនុវត្ដ សិក្សា​ស្វែងយល់ ក៏ដូចជា​ពិភាក្សា​ពី​បញ្ហា​ប្រឈម​នានា​ដែល​សាលា​ដំបូង​ជួបប្រទះ​ និង​រៀបចំ​យន្តការ​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ក្នុង​អំឡុង​នៃ​ការអនុវត្ដ​យុទ្ធនាការ​ព្រមទាំង​រៀបចំ​ផែនការ​ជាមួយ​សាលា​ដំបូង​នីមួយៗ​ដើម្បី​អនុវត្ដ​ឲ្យ​បានសម្រេច​គោលដៅ​»​។

គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី ខេត្ត (​គ.យ.ក.ស​) នៃ​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ២២ ខែឧសភា​បាន​ជូនដំណឹង​ដល់​សាធារណជន​ពី​លេខ​ទំនាក់ទំនង​ចំនួន​ ២ ​ខ្សែ​មកកាន់​លេខាធិការដ្ឋាន គ.យ.ក.ស ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនង​ ឬ​ផ្ដល់ព័ត៌មាន​ពី​សាធារណជន​មកកាន់ គ.យ.ក.ស តាមរយៈ​លេខ ០១៧ ៦០៩ ៩៦០/០៧៨ ៥៦៧ ៨១០​។

ក្រសួង​យុត្តិធម៌​បាន​ប្រកាស​បើក​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានីខេត្ត​កាលពី​ថ្ងៃទី​ ១៨ ខែ​ឧសភា ខណៈ​នៅតាម​តុលាការ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​កំពុង​ចាត់ការ​សរុប​ជិត​ ៤ ​ម៉ឺន​សំណុំរឿង​ក្នុងនោះ​មាន​សំណុំរឿង​គ្រឿងញៀន​ចំនួន ៦ ២៦០ ​ករណី​ដែល​នឹងត្រូវ​ដោះស្រាយ​ក្នុង​យុទ្ធនាការ​នេះ​។

ក្រសួង​យុត្ដិធម៌​រំពឹងថា យុទ្ធនាការ​នេះ​អាច​នឹង​កាត់បន្ថយ​ការកកស្ទះ​សំណុំរឿង​បាន​ប្រមាណ​ពី​ ៥០ ទៅ ៧០ ភាគរយ​ដោយ​ដាក់​ផែនការ​អនុវត្ត​យុទ្ធនាការ​នេះ​រយៈពេល ៦ ​ខែ​៕