
សារនៅលើកញ្ចប់បារីអំពីផលប៉ះពាល់នៃការជក់បារី។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ចាប់ពីខែកក្កដានេះទៅក្រុមការងារចម្រុះ ដែលបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះអនុវត្តវិធានការចំពោះម្ចាស់សហគ្រាស ផលិតបារី មិនបិទតែមប្រិ៍អាករ (តែមប្រិ៍ព្រមានសុខភាព) ហើយនឹងធ្វើការឃាត់ទុកនិងគ្រប់គ្រងបារីទាំងនោះ ដោយតម្រូវឲ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់។
សេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចុះកាលពីចុងខែ មិថុនា ឆ្នាំ ២០១៩ បញ្ជាក់ថា ចាប់ផ្ដើមពីដើមខែ កក្កដា ឆ្នាំ ២០១៩ នេះទៅក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងចុះពិនិត្យតាមឃ្លាំងស្តុកបារី សហគ្រាសនាំចូលបារី ដេប៉ូចែកចាយ ស្តង់លក់បារី និងទីផ្សារហាងលក់ទំនិញធំៗ ផ្សារទំនើបនានា ក្នុងរាជធានី និងតាមបណ្ដាខេត្តទាំងអស់ ដើម្បីលុបបំបាត់ឱ្យបានទាំងស្រុងនូវប្រភេទបារីណាដែលមិនស្របច្បាប់។
ក្រសួងសេដ្ឋកិច្ចបានចេញសារាចរណែនាំជាបន្ដបន្ទាប់តាំងពីឆ្នាំ ២០១៦ ចំពោះការដាក់ឲ្យអនុវត្ដ ការប្រើប្រាស់តែមប្រិ៍អាករប្រភេទថ្មីនេះ។
ក្រសួងបញ្ជាក់ថា៖ «ការចុះពិនិត្យតាមបណ្ដាសហគ្រាសបារី ក្នុងស្រុក ដេប៉ូចែកចាយ ស្តង់លក់ខាងលើនេះក្នុងគោលបំណងពង្រឹងការគ្រប់គ្រងសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី អ្នកលក់បារី និងអ្នកចែកចាយបារី ត្រូវអនុវត្តឲ្យត្រឹមត្រូវតាមច្បាប់កំណត់នៃការបិទតែមប្រិ៍អាករប្រភេទថ្មី»។
បើតាមសេចក្ដីជូនដំណឹងដដែល បច្ចុប្បន្នក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្កេតឃើញសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី អ្នកលក់ និងអ្នកចែកចាយបារី ក្នុងស្រុកមួយចំនួនធំ បានអនុវត្ដត្រឹមត្រូវតាមច្បាប់កំណត់ ប៉ុន្ដែនៅមានសហគ្រាសមួយចំនួនតូច មិនទាន់បានយល់ច្បាស់ពីការអនុវត្ដកាតព្វកិច្ចខាងលើនៅឡើយ។
កាលពីថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះ រវាងអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញបណ្ដាសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី ដើម្បីប្រជុំផ្សព្វផ្សាយ ស្ដីពីវិធានការចុះត្រួតពិនិត្យកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារីម្ដងទៀតហើយសហគ្រាសទាំងអស់បានឯកភាពគ្នាលើវិធានការខាងលើនេះផងដែរ។
តាមសេចក្ដីជូនដំណឹងដដែល ក្រសួងសេដ្ឋកិច្ចបានជូនដំណឹងដល់សហគ្រាសផលិតបារីក្នុងស្រុក អ្នកនាំចូលបារី អ្នកលក់ និងអ្នកចែកចាយបារីក្នុងស្រុកទាំងអស់ ត្រូវអនុវត្ដការបិទតែមប្រិ៍អាករដូចមានចែងក្នុងប្រកាសលេខ ១៤៨០ របស់ក្រសួងសេដ្ឋកិច្ចឲ្យបានត្រឹមត្រូវ សំដៅលុបបំបាត់ឲ្យបានទាំងស្រុងនូវប្រភេទបារីមិនស្របច្បាប់ ហើយក្រុមការងារចម្រុះរបស់ក្រសួង នឹងចុះពិនិត្យ ឃ្លាំងស្ដុកទុកបារីនៅតាមបណ្ដាសហគ្រាសផលិតបារីក្នុងសហគ្រាសនាំចូលបារី ដេប៉ូចែកចាយស្ដង់លក់បារីនៅតាមផ្សារ ហាងលក់ទំនិញធំៗ ផ្សារទំនើបនានាក្នុងរាជធានីនិងតាមបណ្ដាខេត្ដចាប់ពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៩ តទៅ។
ក្នុងពេលកំពុងចុះត្រួតពិនិត្យប្រសិនបើឃើញមានបារីដែលដាក់នៅក្នុងឃ្លាំងស្ដុក ឬកំពុងតាំងលក់ បិទតែមប្រិ៍អាករប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករឬបិទតែមប្រិ៍អាករក្លែងក្លាយ ដូចមានចែងក្នុងប្រការ ១៦ ប្រការ ១៧ នៃប្រកាសលេខ ១៤៨០ នោះ ក្រុមការងារចម្រុះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងធ្វើការឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ ហើយតម្រូវឲ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់។
លោក គឹម សុភៈ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការបង្កើតក្រុមការងារចម្រុះអនុវត្តវិធានការលើសហគ្រាសផលិតបារីមិនបិទតែមប្រិ៍អាករ គឺជាការចុះពង្រឹងការអនុវត្ដនីតិវិធីច្បាប់ដល់សហគ្រាស និងអ្នកនាំចូលបារីឲ្យគោរពច្បាប់ឲ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖ «ការចុះពិនិត្យនេះ គឺដើម្បីពង្រឹងថា តើគ្រប់សហគ្រាសបារីទាំងអស់ បានបិទតែមប្រិ៍អាករ ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងដែរទេ? មានផលិតផលណាខ្លះ ដែលមិនបានបិទតែមប្រិ៍អាករ គឺយើងចង់ពង្រឹងបែបនេះ»។
គួរបញ្ជាក់ថា អនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ ១៤៩ ចុះកាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៥ កន្លងមកបានកំណត់ឲ្យឧស្សាហករថ្នាំជក់ និងអ្នកនាំចូលចែកចាយផលិតផលថ្នាំជក់គ្រប់ប្រភេទ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបោះពុម្ពសារ ព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរ នៅកញ្ចប់ផលិតផលថ្នាំជក់/បារី ដោយគោរពតាមលក្ខខណ្ឌ ដូចជា៖
១- សារព្រមានសុខភាពជារូបភាព ៥០ ភាគរយ និងជាអក្សរ ៥ ភាគរយ សរុបសារទាំងមូលគឺ ៥៥ ភាគរយ នៃកញ្ចប់បារី។ ២- សារជាអក្សរត្រូវតែជាភាសាខ្មែរ។ ៣- សារព្រមានសុខភាពត្រូវតែបោះពុម្ពនៅផ្នែកខាងលើ នៃកញ្ចប់បារីទាំងខាងមុខ និងខាងក្រោយ។ ៤- សារព្រមានសុខភាពត្រូវមានភាពងាយមើល ច្បាស់លាស់មិនហើរពណ៌ មិនរលុប មិនត្រួតគ្នា។ ក្រៅពីនេះអ្នកចែកចាយ និងលក់បារីនៅកម្ពុជា អាចលក់បានតែបារី ឬផលិតផលថ្នាំជក់ ដែលមានបោះពុម្ពសារ ព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរ ដែលត្រឹមត្រូវតាមលក្ខខណ្ឌ ខាងលើតែប៉ុណ្ណោះ។
អនុក្រឹត្យដដែលបញ្ជាក់ថា គ្រប់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូលផលិតផលថ្នាំជក់ ត្រូវបោះពុម្ពសារ ព្រមានសុខភាព ជាភាសាខ្មែរ និងរូបភាព បើមិនដូច្នោះទេ បុគ្គលល្មើសនឹងត្រូវពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល។
ចំណែកអ្នកចែកចាយ និងលក់ដុំផលិតផលថ្នាំជក់ ដែលលក់ផលិតផលថ្នាំជក់គ្មានសារព្រមានសុខភាព ត្រឹមត្រូវតាមការកំណត់នឹងត្រូវពិន័យជាប្រាក់ ២ ០០០ ០០០ រៀល។ ចំពោះអ្នកលក់រាយវិញ នឹងត្រូវពិន័យជាប្រាក់ ១០ ០០០ រៀលក្នុងករណីល្មើស។ រាល់បុគ្គលល្មើសដែលមិនរាងចាលនឹងត្រូវពិន័យគុណនឹង ២។
ភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំការអធិប្បាយជុំវិញចំណាត់ការរបស់ក្រសួងសេដ្ឋកិច្ចនេះ ពីក្រុមហ៊ុន L.Y.P Group''s ដែលជាក្រុមហ៊ុនចែកចាយផ្ដាច់មុខបារីប្រភេទ Hero King បានទេ កាលពីម្សិលមិញដោយទូរស័ព្ទរបស់ក្រុមហ៊ុនគ្នានអ្នកទទួល៕