ក្រចេះ: ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចុះពិនិត្យ និងផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារទីទួលបុរាណដ្ឋានចំនួន ១២៦ កន្លែងទៀតដែលបានរកឃើញក្នុងខេត្តក្រចេះ ដើម្បីដាក់បញ្ចូលក្នុងកិច្ចគាំពារ និងអភិរក្ស។
លោក វឿន វុទ្ធី ប្រធាននាយកដ្ឋាន បុរាណវិទ្យា និងបុរេប្រវត្តិប្រាប់ភ្នំពេញ-ប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា ការចុះពិនិត្យ និងផ្ទៀងផ្ទាត់កំណត់ដែនរក្សាការពារទីទួលបុរាណដ្ឋានចំនួន ១២៦ កន្លែងនោះបានចាប់ផ្ដើមធ្វើឡើងតាំងពីថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២០ ដែលមកទល់ពេលនេះក្រុមការងាររបស់លោកធ្វើបានសម្រេចជោគជ័យនូវដំណាក់កាលទី ១ ហើយគឺការរៀបចំផែនទីកំណត់ទំហំនៃដែនរក្សាការពារទីតាំងទួលបុរាណដ្ឋានទាំងនោះ។
លោក វុទ្ធី បញ្ជាក់ថា៖ «នៅពេលនេះយើងកំពុងបន្តកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរៀបចំដាក់បញ្ចូលទិនន្ន័យនៃតំបន់ទីទួលបុរាណដ្ឋានទាំងនោះ ដើម្បីចេញជាប្លង់រឹង ងាយស្រួលក្នុងការគ្រប់គ្រង និងអភិរក្ស»។
លោកបន្តថា៖ «ក្រោយពេលរៀបចំដាក់បញ្ចូលទិនន្ន័យ និងចេញជាប្លង់រឹងហើយនោះ យើងនឹងផ្ទេរការគ្រប់គ្រង និងរក្សាការពារនូវទីទួល និងស្ថានីយបុរាណដ្ឋានទាំងនោះមកអាជ្ញាធរខេត្តក្រចេះជាអ្នកជួយការពារ និងអភិរក្ស ក្រោមកិច្ចសហប្រតិបត្តិការពីមន្ទីរជំនាញ»។
លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ភ្នំពេញប៉ុស្តិ៍ថា កិច្ចការនេះមិនមែនធ្វើឡើងតែនៅក្នុងខេត្តក្រចេះមួយនោះទេ តែត្រូវធ្វើឡើងនៅគ្រប់រាជធានីខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «តំបន់ទីទួលបុរាណដ្ឋានមាននៅស្ទើរគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា ហើយកន្លងមកយើងបានធ្វើកិច្ចការនេះនៅតាមបណ្ដាខេត្តមួយចំនួនដែលមានប្រាសាទ និងស្ថានីយបុរាណសំខាន់ៗដែលមានវិសាលភាពល្បីល្បាញជាសកល»។
លោកឲ្យដឹងផងដែរថា ក្រោយពីទីទួលបុរាណដ្ឋានទាំងនោះត្រូវបានផ្ទៀងផ្ទាត់ដាក់បញ្ចូលទិនន្ន័យ និងចេញជាប្លង់កម្មសិទ្ធិកំណត់ទំហំដែនរក្សាការពាររួចហើយនោះប្រជាជនដែលរស់នៅជុំវិញតំបន់នោះនឹងត្រូវបានហាមឃាត់ការសង់សំណង់រឹង កប់សាកសពនៅលើតំបន់បុរាណ និង រុករាន ឬជីកកកាយរកវត្ថុបុរាណ។
គួរបញ្ជាក់ផងដែរថា តំបន់ប្រាសាទ និងទីទួលបុរាណមួយចំនួនត្រូវបានក្រុមជនខិលខូចមួយចំនួន រុករាន និងជីកកកាយយកវត្ថុបុរាណទៅលក់ឲ្យក្រុមឈ្មួញទុច្ចរិត ដោយខុសច្បាប់។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមឆ្មាំការពារប្រាសាទខ្នារនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារក្រោមកិច្ចសហការ ពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះល្បាតស្រាវជ្រាវ និង បង្ក្រាបចាប់បានជនសង្ស័យចំនួន ៥ នាក់រួមទាំងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការបន្តទៅតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពជីកកកាយយកវត្ថុបុរាណនៅក្នុងតំបន់ទីទួលប្រាសាទខ្នារនោះ៕