ភ្នំពេញៈ ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានបញ្ចប់ការសិក្សាស្រាវជ្រាវលើច្បាប់ជាតិ អន្តរជាតិ និងការធ្វើសម្ភាសន៍ផ្ទាល់ជាមួយភាគីពាក់ព័ន្ធនៅតាមអតីតមណ្ឌលផ្តល់សេវាកម្មយុត្តិធម៌ក្នុងរាជធានី-ខេត្តចំនួន ៧ ដើម្បីរៀបចំគោលនយោបាយទុកជាក្របខ័ណ្ឌច្បាប់សម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសនេះឡើងដោយបានតែងតាំងលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ជាប្រធានក្រុមការងារនេះ។
ការបង្កើតគោលនយោបាយដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនេះ គឺជាការអនុវត្តនូវកម្មវិធីកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដោយបង្ខិតសេវាយុត្តិធម៌ឱ្យទៅជិតប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ដ បង្កើតនូវភាពសុខដុមរមនាដល់ពលរដ្ឋនៅតាមសហគមន៍។
លោក ជិន ម៉ាលីន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១២ ខែមករាថា ការសិក្សាស្រាវជ្រាវ ការធ្វើសម្ភាសន៍ ការសិក្សាលើបទដ្ឋានគតិយុត្ដជាតិ អន្តរជាតិ និងសិក្សាលើការអនុវត្ដល្អជាអន្តរជាតិ គឺក្រុមការងារបានធ្វើចប់សព្វគ្រប់អស់ហើយ។
លោកថ្លែងថា៖ «ឥឡូវយើងកំពុងធ្វើការបូកសរុបហើយរៀបចំឯកសារទស្សនទានមួយ។ នៅពេលរៀបចំឯកសារទស្សនទាននេះចប់ យើងនឹងដាក់ធ្វើការពិភាក្សាពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងពេលឆាប់ៗនេះ»។ ដំណើរការយន្តការនៃការរៀបចំតាក់តែង ក្របខ័ណ្ឌច្បាប់ ពាក់ព័ន្ធការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ក្រុមការងារបច្ចេកទេសបានចុះសិក្សាស្រាវជ្រាវ និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកផ្ដល់សេវា និងទទួលសេវា និងមន្ដ្រីដែលពាក់ព័ន្ធចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។
លោក ម៉ាលីន បញ្ជាក់ថា៖ «ក្រោយពេលយើងសិក្សាស្រាវជ្រាវលើមូលដ្ឋានទាំងអស់នេះហើយ យើងនឹងរៀបចំជាឯកសារជំនួយស្មារតីមួយពាក់ព័ន្ធទៅនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថាតើកម្ពុជាគួររៀបចំរបៀបម៉េចដោយផ្អែកទៅលើការសិក្សាស្រាវជ្រាវ និងបទសម្ភាសដែលយើងទទួលបានទាំងនេះ»។
បើតាមរបាយការណ៍បូកសរុបលទ្ធផលក្រុមការងារបានចុះសិក្សាស្រាវជ្រាវទៅលើអតីតមណ្ឌល សេវាកម្មយុត្តិធម៌ចំនួន ២៣ ក្រុង ស្រុក ខណ្ឌ ដែលស្ថិតនៅរាជធានី ខេត្ត ចំនួន ៧ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងរាជធានីភ្នំពេញ។
លោក អំ សំអាត នាយករងអង្គការលីកាដូលើកឡើងថា កន្លងមកមានការិយាល័យមណ្ឌលយុត្តិធម៌ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយចំនួន នៅតាមបណ្តាស្រុក ខណ្ឌ និងក្រុង ប៉ុន្តែយន្តការនេះដូចជាមិនទាន់ឆ្លើយតបក្នុងការជួយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅឡើយទេ។
លោកបានថ្លែងថា៖ «កន្លងមកប្រជាពលរដ្ឋក៏ដូចជាអ្នកមានឥទ្ធិពលមួយចំនួនតែងតែប្រើប្រាស់តុលាការ ដើម្បីស្វែងរកដំណោះស្រាយទោះបីករណីវិវាទខ្លះអាចមានលទ្ធភាពច្រើនក្នុងការដោះស្រាយបញ្ចប់ដោយការដោះស្រាយក្រៅប្រព័ន្ធតុលាការ ឬវិវាទមិនគួរកើតឡើងក៏ដោយ»។ លោកបន្តថា បញ្ហាទាំងអស់នេះបានចូលរួមចំណែកបង្កឱ្យមានការកកស្ទះសំណុំរឿងនៅតុលាការ និងធ្វើឱ្យមានការបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ផងដែរ។
លោក សំអាត បញ្ជាក់ថា៖ «ខ្ញុំយល់ថា បើក្រសួងយុត្តិធម៌បង្កើតគោលនយោបាយឱ្យបានច្បាស់លាស់ និងប្រមូលធាតុផ្សំពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យគោលនយោបាយនេះល្អ និងអនុវត្តមានប្រសិទ្ធភាពនោះគឺជាការល្អ»។
បើតាមលោក សំអាត ក្រោយពីមានគោលនយោបាយនេះហើយ ក្រសួងគួរបណ្តុះបណ្តាលមន្ត្រីអនុវត្តឱ្យបានយល់ដឹង និងអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋទើបការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាចជួយកាត់បន្ថយការប្តឹងផ្តល់ទៅតុលាការបានច្រើន៕