ភ្នំពេញៈ ក្រុម​ការងារ​យេនឌ័រ ក្រសួងមហាផ្ទៃ​បាន​សម្តែង​ការសោកស្តាយ​ជាខ្លាំង ដែល​អធិការនគរបាល​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង​បានធ្វើ​ការព្រមាន​លោកស្រី​អនុសេនីយ៍ទោ​ម្នាក់ ករណី​បំបៅ​ដោះ​កូន​នៅក្នុង​ពេល​បំពេញបេសកកម្ម​តាមផ្លូវ បន្ទាប់ពី​សាធារណជន​ជាច្រើន​បាន​ធ្វើការ​រិះគន់​យ៉ាងខ្លាំង​ពី​បញ្ហា​នេះ​នៅ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

ប្រតិកម្ម​ទាំងនេះ​បាន​កើតឡើង​បន្ទាប់ពី​លោកស្រី​អនុសេនីយ៍ទោ​ ស៊ីថុង សុខា ​បាន​បង្ហោះ​រូបភាព​បំបៅ​ដោះ​កូន​កាលពី​ថ្ងៃទី​ ២ ខែ​មីនា ឆ្នាំ​ ២០២១ ​ដោយ​សរសេរថា​៖ «​ព្រោះតែ​ពាក្យ​ថា​ម្តាយ មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ទេ ដើម្បី​កូន​ភ្លេច​អស់ហើយ​ភាពអៀនខ្មាស (​នេះហើយ​ជីវិត​ពិត​)»​។

បន្ទាប់មក​នៅ​ថ្ងៃទី​ ៦ ខែ​មីនា គេ​ឃើញ​លោកស្រី​នគរបាល​រូបនេះ​បាន​បង្ហោះ​សារ​ថ្មី​មួយទៀត ដោយ​ពោល​ពាក្យ​ថា «​នាង​ខ្ញុំ​អនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ 71655 សូម​ចេញមុខ​សុំទោស​ជា​សាធារណៈ​ក្នុង Facebook ចំពោះ​ការផូស្ត​រូបភាព​បំបៅដោះ​កូន​នៅ​កន្លែង​ធ្វើការ និង​ស្លៀក​ឈុត​ឯកសណ្ឋាន​កាលពី​ថ្ងៃ​ទី 02/03/2021 កន្លងមកនេះ​»។ ​

លុះ​នៅ​ថ្ងៃទី​ ៩ ​មីនា លោកស្រី សុខា ត្រូវបាន​អញ្ជើញ​ឱ្យទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង ដើម្បី​បង្ហាញខ្លួន និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ដោយ​ក្នុង​កិច្ចសន្យា​នោះ មាន​ខ្លឹមសារ​ថា​៖ «​នាង​ខ្ញុំ អនុសេនីយ៍ទោ ស៊ីថុង សុខា សូម​ធ្វើ​កិច្ចសន្យា​ដូចខាងក្រោម នាង​ខ្ញុំ​គ្មាន​បំណង​ផូស្ត Facebook ដែល​មិន​សមរម្យ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អង្គភាព​នគរបាល ព្រមទាំង​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ទេ​។ ប្រសិនបើ​នាង​ខ្ញុំ មិន​គោរព​ពាក្យសន្យា​ខាងលើ នាង​ខ្ញុំ​សូម​ទទួល​ខុសត្រូវ​ចំពោះ​មុខច្បាប់​ជា​ធរមាន​»​។

ក្រុមការងារ​យេនឌ័រ ក្រសួង​មហាផ្ទៃ និង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​ថ្ងៃទី​ ១០ ខែ​មីនា បានចេញ​លិខិត​មួយ​ផ្ញើជូន​គណៈអភិបាលខេត្ត​ស្ទឹងត្រែង ដោយ​សម្តែង​ការសោកស្តាយ​ជាខ្លាំង​ពី​បញ្ហា​នេះ​។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ ក្រសួង​មហាផ្ទៃ និង​ក៏​ជា​អនុប្រធាន​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​បាន​លើកឡើង​នៅក្នុង​លិខិត​ថា ការប្រើ​ឥរិយាបថ ដោយ​កោះហៅ​លោកស្រី​នគរបាល​ដែល​គាត់​បំបៅ​ដោះ​កូន​នៅ​តុ​ការងារ​តាមផ្លូវ ដើម្បី​ទៅ​ព្រមាន និង​ឱ្យធ្វើ​កិច្ចសន្យា​បញ្ឈប់​បំបៅ​ដោះ​កូន​បែបនេះ ដោយ​មិនបាន​វែកញែក​ឱ្យ​ច្បាស់​ពី​កំហុស និង​គុណសម្បត្តិ​ពី​សំណាក់​លោក​អធិការ​ស្រុក​សៀមប៉ាង​គឺជា​រឿង​សោកស្តាយ​យ៉ាងខ្លាំង​។ «​ក្នុង​ស្ថានភាព​ជា​ស្ត្រី​ដែល​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​ទ្វេដង​លើសពី​បុរស គឺ​បំពេញ​ការងារ​ស្នូល​ក្នុង​អង្គភាព​ស្ថាប័ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែទាំ​កូន តាំងពី​ក្នុង​ផ្ទៃ​រហូតដល់​កើត​....​។ នេះ​ជា​ទង្វើ​ដែល​ខ្ញុំ​ជា​ស្ត្រី​ម្នាក់ សូម​កោតសរសើរ​នូវ​ឆន្ទៈ​ដ៏មោះមុត​ក្នុង​ការបំពេញ​ភារកិច្ច​របស់​មន្ត្រី​ជា​ស្ត្រី ទោះជា​ប្រឈម​នឹង​ការលំបាក​យ៉ាងណា​ក៏ដោយ​»​។

លោកស្រី​គូសបញ្ជាក់​ថា​៖ «​លោក​អធិការ គួរតែ​សម្តែង​នូវ​ការកោតសរសើរ លើកទឹកចិត្ត និង​រិះរក​មធ្យោបាយ​ឱ្យ​មន្ត្រី​ស្រី្ត​បែបនេះ​ទទួល​បាន​នូវ​ការយកចិត្ត​ទុកដាក់ និង​ឱ្យ​គាត់​មាន​ឱកាស​គ្រប់គ្រាន់​ថែទាំ​កូន​ដូច​ម្តាយ​លោក​ថែទាំ​លោក​កាលពី​នៅ​ទារក និង​ភរិយា​លោក​ថែទាំ​កូនលោក​ដូចគ្នា​ដែរ​»​។ លោកស្រី ជូ ប៊ុនអេង បាន​ស្នើឱ្យ​អភិបាលខេត្ត និង​ស្នងការ​ខេត្តស្ទឹងត្រែង​រិះរក​វិធី​លើក​ទឹកចិត្ត​ស្ត្រី​ដែលជា​មន្ត្រីនគរបាល​បំបៅ​ដោះ​កូន​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជការ​ដទៃទៀត តាម​ដែល​អាចធ្វើ​ទៅ​បាន ដើម្បី​កុំឱ្យ​បាក់​ទឹកចិត្ត ជាពិសេស​ក្នុង​ទិវា​អន្តរជាតិ​នារី​ខួប​លើក​ទី​ ១១០ ឆ្នាំ​ ២០២១ ​នេះ​។

ជាច្រើន​ថ្ងៃ​មកហើយ មហាជន​ជាច្រើន​បាន​ផ្ទុះ​ការរិះគន់​ទៅលើ​ចំណាត់ការ​នៃ​ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ថា​៖ «​មិន​ត្រឹមតែ​មិន​លើកសរសើរ វា​ទៅ​ជា​មានទោស​»​។ «​តាម​ខ្ញុំ​យល់​នេះ​ជា​វីរភាព​របស់​អ្នកម្តាយ ហើយ​ប្រហែល​ក៏​គ្មាន​ច្បាប់​ណា​ដាក់ទោស​ទៅលើ​ម្តាយចិញ្ចឹម​កូន​ទេ​» ។ «​គ្រាន់តែ​បំបៅ​ដោះ​កូន​សោះ ក៏​ខុសដែរ​?»​។ «​បំបៅ​ដោះ​កូន​ក្នុង​ម៉ោង​ធ្វើការ មិន​ខុស​ទេ​?»​។

លោកស្រី ស៊ីថុង សុខា ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ការដែល​លោកស្រី​បង្ហោះ​រូបភាព​បំបៅ​ដោះ​កូន គឺ​ពុំមាន​ចេតនា​ធ្វើឱ្យប៉ះពាល់​ដល់​អង្គភាព និង​កិត្តិយស​របស់​ស្ត្រី​ខ្មែរ​នោះទេ​គឺ​លោកស្រី​គ្រាន់​ចង់​បង្ហាញ​ពី​ទឹកចិត្ត​របស់​ម្តាយ​ប៉ុណ្ណោះ​។ «​បច្ចុប្បន្ន​ខ្ញុំ​មានកូន ២ ​នាក់ កូន​ដែល​ខ្ញុំ​បំបៅ​ដោះ​នោះ​ជា​កូនប្រុស​មាន​អាយុ ១ ​ខួប ២ ​ខែ តែ​មិនទាន់​ផ្តាច់ដោះ​ទេ​គឺ​ត្រូវ​បំបៅ​ដោះ​រាល់ថ្ងៃ​។ និយាយ​រួម​ខ្ញុំ​យកទៅ​តាម​ធ្វើការ​រាល់ថ្ងៃ​លើកលែង​តែ​ខ្ញុំ​មក​ប្រជុំ​នៅ​ខេត្ត ខ្ញុំ​ផ្ញើ​នៅ​ជាមួយ​បងស្រី​ខ្ញុំ​»​។ «​ខ្ញុំ​ផូស្ត ខ្ញុំ​អត់​មាន​ចេតនា​អី​ធ្វើឱ្យប៉ះពាល់​ដល់​អង្គភាព ឬ​ប៉ះពាល់​ដល់​ស្ត្រី​ខ្មែរ​ទេ ខ្ញុំ​ផូស្ត​គ្រាន់តែ​ចង់​ឆ្លុះបញ្ចាំង​ទឹកចិត្ត​ម្តាយ​ជាមួយ​កូន​ថា ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ ក៏​ម្តាយ​មិន​ចោល​កូន​ដែរ​»​។

កាលពី​ម្សិលមិញ​ក្រសួង​កិច្ចការនារី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ជំរុញ​ឲ្យ​អង្គភាព ឬ​ស្ថាប័ន​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល​ និង​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់​ស្ត្រី​បំបៅ​ដោះ​កូន និង​បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​លោកស្រី ស៊ីថុង សុខា ដែល​បានបង្ហាញ​អំពី​ការទទួល​ខុសត្រូវ​ខ្ពស់​ទាំង​ក្នុងការ​បំពេញភារកិច្ច​ជូន​ស្ថាប័ន និង​តួនាទី​ជា​ម្តាយ​ដ៏ល្អ​ក្នុង​ការចិញ្ចឹម​បីបាប់​ និង​ផ្តល់​ភាពកក់ក្តៅ​ដល​កូន​។ «​ករណីនេះ​គឺជា​ទង្វើ​ល្អ​ និង​បង្ហាញ​នូវ​ឆន្ទះ​ខ្ពស់​ក្នុង​ការចូលរួម​ការងារ​សង្គម​ផង​ និង​ផ្តល់​អាហារូបត្ថម្ភ​ជា​ចាំបាច់​សម្រាប់​កូន​ផង​»​។

ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​ពី​បញ្ហា​នេះ​ពី​អធិការ​ស្រុក​សៀមប៉ាង​បានទេ ខណៈ​អភិបាល​ខេត្តស្ទឹងត្រែង​លោក ម៉ុម សារឿន បាន​ថ្លែងថា លោក​ជាប់រវល់​ប្រជុំ​។

ប៉ុន្តែ​ក្រោយពី​មាន​ការរិះគន់​ស្នងការដ្ឋានគរបាល​ខេត្តស្ទឹងត្រែង​បាន​បង្ហោះសារ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ពី​ម្សិលមិញ​ថា​៖ «​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥០ ​ម៉ឺន​រៀល ផ្លែឈើ និង​ភេសជ្ជៈ​មួយចំនួន​ដល់​លោកស្រី អធិការរង​ទទួល​ការងារ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សៀមប៉ាង​ដែល​បាន​យក​កូន​ទៅ​បំបៅ​នៅ​តុ​ដែល​កំពុង​ចុះ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​»​។

នាយិកា​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា លោកស្រី រស់ សុភាព ថ្លែងថា លោកស្រី​សោកស្តាយ​ថា ការដែល​អធិការ​ស្រុក​សៀម​ប៉ាង​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​មិនបាន​យល់​អំពី​គោលការណ៍​នៃ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ «​មិន​មែន​ជា​កំហុស​របស់​ស្ត្រី​ទេ ព្រោះ​វា​ចាំបាច់​។ សម្រាប់​ខ្ញុំ​លើកទឹកចិត្ត​ដល់​ស្ត្រី​ និង​កោតសរសើរ​ដែល​គាត់​យក​តួនាទី ឬ​ពេលវេលា​របស់គាត់ ដើម្បី​បំបៅ​ដោះ​កូន ព្រោះនេះ​ជា​អាយុជីវិត​ក្មេង​សិទ្ធិ​ក្នុង​ការទទួល​បាន​របប​អាហារ វា​ចាំបាច់ បើ​និយាយ​ពី​សិទ្ធិ​កុមារ សិទ្ធិមនុស្ស​»៕

វីដេអូ៖