ស្ទឹង​ត្រែងៈ ក្រុម​ការ​ងារ​យេន​ឌ័រក្រសួង​មហា​ផ្ទៃ និង​​​​គណៈ​​កម្មា​ធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំ​ង​ការ​ជួញ​ដូរ​មនុស្ស​ នៅថ្ងៃ​ទី ១០​ ខែ​មីនា​នេះ បាន​ចេញ​លិខិត​មួយ​​ផ្ញើ​ជូន​គណៈ​អភិបាល​ខេត្ត​ស្ទឹង​ត្រែង​ ដោយ​សម្តែង​ការ​សោក​ស្តាយ​ជា​ខ្លាំង ដែល​អធិការ​​ស្រុក​សៀម​ប៉ាង បាន​ធ្វើ​ការ​ព្រមាន​លោក​ស្រី អនុសេនីយ៍ទោ​ម្នាក់​ដែល​បំបៅ​កូន​នៅ​ក្នុង​ពេល​បំពេញ​បេសកកម្ម​តាម​ផ្លូវ​។

លោក​ស្រី ជូ ប៊ុន​អេង​ រដ្ឋលេខា​ធិការ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ក្រសួង​មហា​ផ្ទៃ និង​​ក៏​ជាអនុ​​ប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈ​​កម្មា​ធិការ​ជាតិ​ ប្រយុទ្ធ​ប្រឆាំ​ងការ​ជួញ​ដូរ​ មនុស្ស​បាន​លើក​ឡើង​នៅ​ក្នុង​លិខិត​ថា ការប្រើ​ឥរិយាបថ ​ដោយ​កោះ​ហៅ​លោក​ស្រីនគរ​បាល​ម្នាក់​ ដែល​គាត់​បំបៅ​ដោះ​​កូន​នៅ​តុការងារ​តាម​ផ្លូវ​​ ដើម្បី​ទៅ​ព្រមាន​ និង​ឲ្យ​​​ធ្វើ​កិច្ច​សន្យា​​បញ្ឈប់​បំបៅ​ដោះ​កូន​បែប​នេះ ​​ដោយ​មិន​បាន​វែក​ញែក​ ឱ្យ​ច្បាស់​ពី​កំហុស និង​គុណ​សម្បត្តិ​ ពី​សំណាក់​លោក​អធិការ​ស្រុក​សៀម​ប៉ាង គឺ​ជា​រឿង​​សោក​ស្តាយ​យ៉ាង​ខ្លាំង​។

លោក​ស្រី​​ថ្លែង​ថា​៖«ក្នុង​ស្ថាន​ភាព​ជាស្រ្តី​ ដែល​មាន​ភារ​កិច្ច​ទទួល​ខុស​ត្រូវ​ទ្វេដ​ង​លើស​ពីបុរស គឺ​បំពេញ​ការងារ​ស្នូល​ ក្នុង​អង្គភាព​ស្ថាប័​ន​ផង និង​ត្រូវ​ចិញ្ចឹម​បីបាច់​ថែ​ទាំកូន ​តាំង​ពី​ក្នុង​ផ្ទៃ​រហូត​ដល់​កើត....។ នេះ​ជាទង្វើ​ដែលខ្ញុំ​ជាស្រ្តី​ម្នាក់ ​សូម​កោត​សរសើរ​នូវ​ឆន្ទៈ​ដ៏មោះ​​មុត ក្នុង​ការ​បំពេញ​ភារ​កិច្ច​របស់​មន្រ្តី​ជាស្រ្តី ទោះជា​ប្រឈម​នឹង​ការ​លំបាក​យ៉ាង​ណា​ក៏ដោយ​»។

លោក​ស្រី​បាន​គូស​បញ្ជាក់​ថា៖«លោក​អធិការ​ គួ​រ​តែស​ម្តែង​នូវ​ការកោ​តសរ​សើរ​ លើក​ទឹក​ចិត្ត និង​រិះរ​កមធ្យោ​បាយ​ឱ្យមន្រ្តី​ស្រី្តបែប​នេះ​ ទទួល​បាន​នូវ​ការយក​ចិត្ត​ទុក​ដាក់ និង​ឱ្យ​គាត់​មាន​ឱកាស​គ្រប់​គ្រាន់​ថែទាំ​កូន ដូច​ម្តាយ​លោក​ថែ​ទាំលោក​កាល​ពីនៅ​ទារក និង​ភរិយា​លោក​ថែ​ទាំកូន​លោក​ដូច​គ្នា​ដែរ»។

លោក​ស្រី​បន្ថែម​ថា ទង្វើ​របស់​លោក​ស្រី​នគរ​បាល មិន​បាន​សម្តែង​ការ​បញ្ចេញ​ភាព​សិច​ស៊ី ដើម្បី​ថត​បង្ហាញ​​សាធារណ​ជន ​ដើម្បី​ទាក់​ទាញ​ដូច​អ្នក​រ​កស៊ី​លក់​ភាព​សិច​ស៊ី ដែល​លោក​​អធិការ​ត្រូវ​មាន​ចំណាត់​ការ​នោះ​ទេ។

លោក​ស្រី ជូ ប៊ុន​អេង​ បាន​ស្នើ​ឲ្យ​អភិបាលខេត្ត​​​ ​និង​ស្នង​ការ​ខេត្ត​ស្ទឹង​ត្រែង​​ ព្រម​ទាំង​​មន្ត្រី​ក្នុង​ខេត្ត​នេះ ​រិះ​រក​វិធី​លើក​ទឹក​ចិត្ត​ ស្រ្តី​ដែល​ជា​មន្ត្រី​នគរបាល​​បំបៅ​ដោះ​កូន​នេះ និង​ស្ត្រី​ជា​មន្ត្រី​រាជ​ការ​ដទៃ​ទៀត ​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​ ដើម្បីកុំ​ឲ្យ​បាក់​ទឹក​ចិត្ត​​ ជា​ពិសេស​ក្នុង​ទិវា​អន្តរ​ជាតិ​នារី​​ខួប​លើ​កទី​១១០​ ឆ្នាំ​២០២១ ​នេះ​។

លោក​ស្រីអនុសេនីយ៍​ទោ ស៊ី​ថុង សុខា បាន​​ថ្លែង​ប្រាប់​ ភ្នំ​ពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១០​ មីនា​នេះ​​ថា ការ​​ដែល​លោក​ស្រី​បង្ហោះ​រូបភាព​បំបៅដោះ​កូន ​គឺ​ពុំ​មាន​ចេតនា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អង្គភាព និង​កិត្តិ​​យស​របស់​ស្រ្តី​ខ្មែរនោះ​ទេ គឺ​លោក​ស្រីគ្រាន់​ចង់​បង្ហាញ​ពីទឹក​ចិត្ត​​របស់​ម្តាយ​ប៉ុណ្ណោះ​។

លោក​ស្រី​បញ្ជាក់​​ថា៖ «បច្ចុប្បន្ន​​ខ្ញុំ​មានកូន ២ នាក់ កូន​ដែល​ខ្ញុំ​​បំបៅ​ដោះនោះ​ មាន​អាយុ ១​ ខួប ២ ខែ តែ​មិន​ទាន់​ផ្តាច់​ដោះ​ទេ គឺ​ត្រូវ​បំបៅ​ដោះ​រាល់​ថ្ងៃ។ និយាយ​រួម​ ខ្ញុំ​យក​ទៅ​តាម​ធ្វើ​ការ​រាល់​ថ្ងៃ លើក​លែង​តែខ្ញុំ​មក​ប្រជុំ​នៅ​ខេត្ត​ ខ្ញុំផ្ញើនៅ​ជាមួយ​បង​ស្រី​ខ្ញុំ»។

លោក​ស្រី​​លើក​ឡើង​ថា​៖ «ខ្ញុំ​ផុស (លើហេ្វ​ស​ប៊ុក)​ ខ្ញុំ​អត់​មាន​ចេត​នា គោល​បំណង​អី​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​អង្គភាព ​ឬ​ប៉ះពាល់​ដល់​ស្រ្តីខ្មែរ​ទេ ខ្ញុំ​ផុស​គ្រាន់​តែ​ចង់​ឆ្លុះប​ញ្ចាំង​ទឹក​ចិត្ត​ម្តាយ​ជា​មួយ​កូន​ថា​ ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណាក៏ដោយ ​ក៏​ម្តាយ​មិន​ចោល​កូន​​ដែរ​»៕