ភ្នំពេញ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល ស្តីអំពីការសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បានបញ្ចប់កិច្ចប្រជុំលើកចុងក្រោយជាមួយក្រុមសង្គមស៊ីវិល ក្រោយពីបានពិភាក្សា និងពិគ្រោះយោបល់លើមាត្រាចំនួន ១៧ ហើយក៏នឹងដាក់សំណើនេះទៅរាជរដ្ឋាភិបាលពិនិត្យសម្រេចបន្ត។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ស្តីអំពីការដោះស្រាយសំណើ និង សំណូមពរ របស់អង្គការសង្គមស៊ីវិល ថ្លែងបែបនេះក្នុងកិច្ចប្រជុំលើទី ៦ និង ជាលើកចុងក្រោយជាមួយតំណាងអង្គការសង្គមស៊ីវិល នាថ្ងៃចន្ទនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោកថ្លែងថា៖ «បន្ទាប់ពីកិច្ចប្រជុំនេះ យើងខ្ញុំនឹងធ្វើរបាយការណ៍ ជូនសម្ដេចក្រឡាហោម [ស ខេង] និង សុំអនុញ្ញាតប្រជុំផ្ទៃក្នុងក្រុមការងារ របស់រាជរដ្ឋាភិបាលបន្តបន្ទាប់ទៀត»។
លោក ប៊ុន ហុន បន្ដថា តាមនីតិវិធី បន្ទាប់ពីកិច្ចប្រជុំនេះទៅ ការសម្រេចរបស់រាជរដ្ឋាភិបាល ចំពោះការបង្កើតក្រុមការងារក្នុងការពិនិត្យ កែសម្រួលការធ្វើវិសោធនកម្មច្បាប់នេះយ៉ាងណាទៀតនោះ គឺជា សមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។
លោកថ្លែងថា ការចូលរួមរបស់អង្គការសង្គមស៊ីវិល អាចមានការចូលរួមក្នុងដំណាក់កាលផ្សេងៗទៀត។ ក្នុងនោះ នឹងអាចមានវេទិកាពិគ្រោះយោបល់នៅក្នុងភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និង អង្គការ សង្គមស៊ីវិល ដែលនឹងបន្តធ្វើនៅពេលខាងមុខ។
លោកថ្លែងថា៖ «តាមពិត យើងត្រូវបន្តធ្វើនៅក្នុងខែក្រោយនេះទេ។ ការចូលរួមនៅក្នុងមតិយោបល់លើការធ្វើវិសោធនកម្មច្បាប់នេះ អង្គការ សង្គមស៊ីវិល អាចចូលរួមតាមរយៈសិក្ខាសាលាផ្សេងៗទៀត ដែលយើងអាចនឹងរៀបចំ។ អង្គការសង្គមស៊ីវិលក៏អាចចូលរួមតាមរយៈតំណាងរាស្រ្ដនៅពេលសេចក្ដីព្រាងច្បាប់នេះទៅដល់រដ្ឋសភាដែរ បើសិនជាមានការចង់កែប្រែនៅក្នុងមាត្រាណាមួយទៀតនោះ»។
ក្រុមការងាររបស់រាជរដ្ឋាភិបាល និង តំណាងអង្គការសង្គមស៊ីវិលទាំង ៥០០ ក្រោយបញ្ចប់កិច្ចប្រជុំលើកចុងក្រោយថ្ងៃនេះ បានចេញសេចក្ដីប្រកាសរួមគ្នាមួយ ដោយបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំជាមួយគ្នាចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០។
សេចក្ដីប្រកាសរួមបង្ហាញថា លទ្ធផលនៃកិច្ចប្រជុំខាងលើនេះបានពិភាក្សា និងពិគ្រោះយោបាល់លើមាត្រាចំនួន ១៧ រួមមាន មាត្រា ១ មាត្រា ៣ មាត្រា ៤ មាត្រា ៧ មាត្រា ៨ មាត្រា ៩ មាត្រា ១០ មាត្រា ១១ មាត្រា ២០ មាត្រា២៤ មាត្រា ២៥ មាត្រា ២៦ មាត្រា ២៧ មាត្រា ៣០ មាត្រា ៣១ មាត្រា ៣២ និងមាត្រា ៣៥។
សេចក្ដីប្រកាសរួមនេះបញ្ជាក់ថា៖« ក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថា នឹងរៀបចំនូវកិច្ចប្រជុំពិគ្រោះយោបល់បន្ដទៀត ជាមួយតំណាង អង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងភាពជាដៃគូ រវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល ដើម្បីពង្រឹងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការ COMFREL ជាតំណាងអង្គការសង្គមស៊ីវិលម្នាក់ដែលបានចូលរួមកិច្ចប្រជុំ ពីម្សិលមិញដែរ ឱ្យដឹងថា ឆ្លងកាត់ការប្រជុំជាមួយក្រុមការងាររបស់រដ្ឋាភិបាល១លើកកន្លងមកនេះ អង្គការសង្គមស៊ីវិលបានជជែកពិភក្សាគ្នាលើសំណើ និងកង្វល់នានាជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាល។ ប៉ុន្ដែរហូតដល់បច្ចុប្បន្នលទ្ធផលនៃការធ្វើវិសោធនកម្មច្បាប់នេះ គឺនៅមិនទាន់អាចដឹងបានទេ ថា បានដំណើការដល់ណានោះ ព្រោះនីតិវិធីនៅមានច្រើនដំណាក់កាលបន្តទៀត។
លោកថ្លែងថា៖«កាលពីកិច្ចប្រជុំដំបូង អង្គការសង្គមស៊ីវិលយើងបានដាក់សំណើធ្វើវិសោធនកម្មច្បាប់នេះចំនួន១៧មាត្រា។ ប៉ុន្ដែរហូតដល់កិច្ចប្រជុំចុងក្រោយនេះ យើងបានសរុបបញ្ចូលគ្នាវិញនៅសល់ចំនួន១៤មាត្រា ដែលយើងបានស្នើឱ្យធ្វើវិសោធនកម្ម»។
លោកបន្ថែមថា ក្នុងចំណោមមាត្រាទាំង ១៤ នេះ មានបញ្ហាចំពោះនីតិវិធីនៃការចុះបញ្ជីអង្គការសង្គមស៊ីវិល នីតិវិធីក្នុងការផ្ញើរបាយការណ៍ ការបង់ពន្ធ រួមទាំងចំណុចទោសទណ្ឌផ្សេងៗទៀត។ លោកបន្តថា៖«សង្គមស៊ីវិលយើងមើលឃើញថា មាត្រាត្រង់ចំណុចទោសទណ្ឌនេះ ច្បាប់ និងនីតិវិធីខ្លះ មិនសមស្របទៅនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ចំណុចទាំងនេះហើយដែលយើងធ្វើការស្នើសុំឱ្យមានការធ្វើវិសោធនកម្មឡើងវិញ»។
លោកស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក ដែលចូលរួមកិច្ចប្រជុំពីម្សិលមិញដែរនោះលើកឡើងថា តាមរយៈកិច្ចប្រជុំនាពេលកន្លមកជាមួយក្រុមការងាររបស់រាជរដ្ឋាភិបាលនេះ គឺជាការបើកឱកាសមួយដល់អង្គការសង្គមស៊ីវិលទាំងការដាក់សំណើ និងការបំភ្លឺបន្ថែមលើការធ្វើវិសោធនកម្មច្បាប់នេះ។
លោកថ្លែងថា៖«ការជជែកគ្នានាពេលកន្លងមកយើងទទួលបានផ្លែផ្កាច្រើន។ ប៉ុន្ដែអ្វីដែលសង្គមស៊ីវិលយើងមិនសប្បាយចិត្ដនោះចំពោះការប្រើប្រាស់ពេលវេលាមានការអូសបន្លាយយូរខុសពីការធ្វើវិសោធនកម្មច្បាប់ផ្សេងៗទៀត។ ដូច្នេះយើងក៏ចង់ឱ្យមានការគិតគូរអំពីការធ្វើវិសោធនកម្មច្បាប់នេះក្នុងដំណាក់កាលនីមួយៗឱ្យមានការពិនិត្យឱ្យបានលឿន ដើម្បីធ្វើយ៉ាងណាឱ្យបានសម្រេចទៅលើការស្នើសុំរបស់អង្គការសង្គមស៊ីវិលដែលបានដាក់ជូនទៅនោះ»៕