ភ្នំពេញៈ ​ក្រុម​ការងារ​តាមដាន​អំពី​ការដោះ​ស្រាយ​មតិ​យោបល់​ ឬ​សំណូមពរ​ពលរដ្ឋ​តាម​ហ្វេសប៊ុក​លោក ​ស ខេង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ បន្ត​ទទួល​បាន​សំណើ​ចំនួន​ ៥៤ ​ករណី​ទៀត សម្រាប់​ខែ​មេសា​ឆ្នាំនេះ ក្នុង​នោះបាន​​ដោះស្រាយបញ្ចប់ ២០​ករណី ​ហើយ​បូក​រួម​​ទាំង​សំណើ​ដែល​នៅ​សល់​កាល​ពី​ឆ្នាំ​មុន គឺ​មាន​ចំនួន​សរុប​​ ​៤៣៨ ករណី​ហើយ​ពេល​នេះ កំពុង​បន្ត​ដោះ​ស្រាយ ​ដែល​ភាគ​ច្រើន​ជា​ករណី​វិវាទ​ដីធ្លី​នៅ​មូល​ដ្ឋាន​។ នេះ​បើ​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ។​

លោក ជា សុគន្ធា​ប្រធាន​ក្រុមការងារ​ដោះស្រាយ​មតិ​យោបល់​ ឬ​សំណូមពរ​ពលរដ្ឋ​តាម​ហ្វេសប៊ុក​លោក​ស ខេង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ នៅថ្ងៃទី​១៨ ខែ​ឧសភានេះ​ថា ទោះ​បី​ស្ថានភាព​នៃការ​រីក​រាល​ដាល​ជំងឺកូវីដ​១៩​ នៅ​បន្ត​រីក​រាល​ដាល​ខ្លាំង​ក្នុង​ប្រទេស​​ ប៉ុន្ដែ​ក្រុម​ការងារ​នៅ​បន្ត​ទទួលដោះស្រាយ​ មតិយោបល់​ឬ​សំណូមពរ​ពលរដ្ឋ ដែល​បាន​ផ្ញើ​មក​ដដែល ប៉ុន្ដែ​ករណី​ភាគ​ច្រើន​ បន្ត​ដោះស្រាយ​តាម​អន​ឡាញ​។

លោក​បាន​ថ្លែង​ថា៖«ចាប់តាំង​ពី​បង្កើត​ក្រុម​ការងារ​ដោះ​ស្រាយ​មតិយោបល់ ​ឬ​សំណូមពរ​ពលរដ្ឋ​តាម​ហ្វេសប៊ុកសម្ដេច​​ក្រឡា​ហោម​សខេង​ កា​ល​ពីខែ​កក្កដា​ឆ្នាំ ២០២០ រហូត​មក ក្រុម​ការងារ​បាន​ដោះ​ស្រាយ​មតិ​យោបល់ និង​​សំណូម​ពរ​ពលរដ្ឋ​ជា​ប្រចាំ​​ មិនដែល​អាក់ខានឡើយ។ ប៉ុន្ដែ​យើង​មាន​​សំណុំ​រឿង​មួយ​ចំនួន ​ជា​សំណុំ​រឿង​វិវាទ​ដីធ្លី​នៅមូលដ្ឋាន​ គឺ​យើង​បាន​​ស្នើ​សុំ​គោលការណ៍​ពីថ្នាក់​ដឹក​នាំ​ ផ្ទេរទៅឱ្យ​មន្រ្ដី​មូលដ្ឋាន​ជាអ្នក​ដោះ​ស្រាយ​»។

លោក​ជា​សុគន្ធា បាន​ឱ្យ​ដឹងថា សម្រាប់​ខែ​មេសា​ ឆ្នាំ​២០២១នេះ ក្រុម​កាងារ​បាន​ទទួ​ល​សំណុំ​រឿង​សរុប​ចំនួន ៥៤ ករណី ក្នុង​នោះ​បាន​ដោះ​ស្រាយ​រួច​រាល់​ចំនួន ២០​ករណី។

ប៉ុន្ដែ​នៅសល់​មតិយោ​បល់​ និង​​សំណូមពរ​ពលរដ្ឋ​ចំនួន ៤៣៨ ករណី ទៀត​ដែល​ក្រុម​ការងារ​កំពុង​ដោះ​ស្រាយ ដែល​សំណុំ​រឿង​សេសសល់​នេះ គឺសរុប​តាំងពី​ចាប់​ផ្ដើម​បង្កើត​ក្រុម​ការងារ​រហូត​មក​។

​លោក ស ខេង កាល​ពី​ថ្ងៃទី​១៧ ខែ​ឧសភានេះ បាន​បង្ហាញ​របាយ​ការណ៍​បូក​សរុប​ស្ដីពី​ការ​ទទួល​មតិ យោ​បល់ និង​សំណូម​ពរ របស់​ប្រជា​ពលរដ្ឋ​លើ​ហ្វេស​ប៊ុក​របស់​​លោក​ ដែល​លោក​បាន​លើក​ឡើង​ពីការ​ ​ខំប្រឹង​ប្រែង និង​កិច្ច​សហការ​គ្នា​ល្អ​រវាង​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​អង្គភាព​ចំណុះក្រ​សួង​មហា​ផ្ទៃ ស្ថាប័ន​ពាក់​ព័ន្ធ​នៅថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ជាមួយ​ក្រុម​ការងារ​គេហទំព័រហ្វេស​ប៊ុក​របស់​លោក​ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជូន​ប្រជា​ពល​រដ្ឋ​ ទោះជាការ​បំពេញ​ភា​រកិច្ច​មានការ​លំបាក​ក្នុង​អំឡុង​ពេល​នៃការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​ក៏​ដោយ​។

លោក​បាន​ថ្លែង​ថា​៖«សូម​ថ្លែង​អំណរ​គុណ​ បង​ប្អូន​ជន​រួម​ជាតិ​ដែល​បាន​លើក​មតិយោ​បល់ និង​សំណូម​ពរ​ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្ញុំ​ដើម្បី​រួម​គ្នាដោះ​ស្រាយ​បញ្ហា និង​អភិវឌ្ឍន៍​សង្គម​ជាតិ ហើយ​ក៏សូម​ការ​យល់​យោគ​អធ្យា​ស្រ័យ​ចំពោះ​ករណី​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​បាន​ដោះស្រាយ អាស្រ័យ​លើក​រណីខ្លះ ទាម​ទារ​ពេល​វេលា និង​ធ្វើ​ទៅ​តាម​នីតិវិ​ធី​»។

លោក អំ សំអាត នាយក​រង​អង្គការ​​​សិទ្ធិ​មនុស្ស លីកាដូ​លើក​ឡើង​ថា ការ​បង្កើត​ឱ្យ​មាន​ការទទួល​បណ្តឹង​និង​សំណូម​ពរ​របស់​ពលរដ្ឋ​តាម​បណ្តាញ​សង្គម​ផ្ទាល់ ​របស់​​លោក ស ខេង គឺជា​ការជួយ​សម្រួល​​ដោយ​មិន​ចាំបាច់​ឱ្យ​ពលរដ្ឋ​ចំណាយ​ពេល​ធ្វើ​ដំណើរ និង​ថវិកា​ច្រើន ហើយ​ពលរដ្ឋ​ក៏​អាច​លើក​ពី​បញ្ហា​អសកម្ម​​ និង​ការព្រងើយ​កន្តើយ​ពី​មន្ត្រី​មូលដ្ឋាន​ខ្លះ​ផង​ដែរ​។

លោក​​បញ្ជាក់​ថា​៖«​តាម​លទ្ធផល​នេះ​ឃើញ​​ថា ក្រុម​ការងារ​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​និង​កំពុង​ដោះ​ស្រាយ​និង​ឆ្លើយ​តប​បណ្តឹង​និ​ង​សំណូម​ពរ​ របស់​ពលរដ្ឋ​បាន​មួយ​ចំនួន​។ ប៉ុន្តែ​បញ្ហា​ជាច្រើន​ ក៏​មិនទាន់​អាច​ដោះស្រាយនិង​ឆ្លើយ​តប​បាន​ដែរ​ ទាក់​ទង​ករណី​ធំៗ​ ដូចជា​ករណី​ទំនាស់​ដីធ្លី​ តាម​បណ្តា​ខេត្ត​និង​រាជធានី​»​៕