មណ្ឌលគិរីៈ ក្រុមការងារ​អន្តរក្រសួង​កំពុង​រៀបចំ​របាយការណ៍​ដាក់​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​សម្រេច បន្ទាប់ពី​បានបញ្ចប់​ការចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​កាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​ខេត្តមណ្ឌលគិរី កាលពី​ចុង​សប្តាហ៍​មុន ខណៈ​សង្គម​ស៊ីវិល​ចង់ឱ្យមាន​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ចំពោះ​មន្ដ្រី​មាន​អំណាច​ដែល​ពាក់ព័ន្ធ​លើ​ករណីនេះ​។

នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន «​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ លើ​ករណី​កាប់​រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​» បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​។

លោក​ ភក្ត្រា ថ្លែងថា​៖ «​ក្រុមការងារ​អន្តរក្រសួង​បានបញ្ចប់​បេសកកម្ម​របស់ខ្លួន​នៅលើ​ទឹកដី​ខេត្តមណ្ឌលគិរី​ហើយ​នៅ​ត្រឹម​ថ្ងៃទី​ ៣១ ខែ​កក្កដា​កន្លងទៅនេះ​។ ក្រុមការងារ​បាន​ធ្វើការ​ស៊ើបអង្កេត ក៏​ដូចជា​ស្រាវជ្រាវ​លើ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន និង​ចុះទៅ​ត្រួតពិនិត្យ​នៅ​តំបន់​មួយ​ចំនួន ដែល​មាន​ការជាប់​ពាក់ព័ន្ធ​»​។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ២២ ខែកក្កដា​បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ «​ការបង្កើត​ក្រុមការងារ​អន្តរក្រសួង ដើម្បី​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​ការកាប់រាន ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​»​។ សេចក្ដី​សម្រេច​បង្កើត​ក្រុមការងារ អន្តរក្រសួង​នេះ​លោក ស ខេង បាន​យោងតាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចុះ​កាលពី​ថ្ងៃទី​ ៨ ​កក្កដា ២០២០​។

តាមរយៈ​សេចក្ដី​សម្រេច​នេះ​លោក ស ខេង បញ្ជាក់ថា ក្រុមការងារ​នេះ​មាន​តួនាទី ភារកិច្ច​ចុះ​សិក្សា​ស្រាវជ្រាវ​លើ​ករណី​នីមួយៗ​នៃ​ការកាប់​រានទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ថិត​ក្នុង​ខេត្តមណ្ឌលគិរី តាម​របាយការណ៍​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ១២ ខែ មិថុនា ឆ្នាំ​ ២០២០ ឱ្យបាន​ជាក់ស្តែង និង​ប្រមូល​ឯកសារ​ និង​ភ័ស្តុតាង​នានា​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី និង​អ្នកពាក់ព័ន្ធ​សកម្មភាព​ទាំងនោះ​។ លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែមថា​៖ «​បន្ទាប់ទៅនេះ យើង​នឹង​រៀបចំ​របាយការណ៍ ដើម្បី​ដាក់ជូនទៅ​ថ្នាក់​ដឹកនាំ​របស់​យើង​ក្នុងការ​សម្រេច​»​។

ទាក់ទង​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ក្នុង​ខេត្ដ​មណ្ឌលគិរី​ពី​សំណាក់​អ្នកមាន​អំណាច​នេះ​លោក សេង សុវណ្ណារ៉ា អតីត​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​បក្ខពួក ៣ នាក់​ទៀត​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ចំនួន ៤ បទល្មើស​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​យក​ដី​រដ្ឋ​ប្រមាណ ១ ០០០ ហិកតា​នៅ​ខេត្តមណ្ឌលគិរី ក្រោយ​បញ្ចប់​ការសាកសួរ ដោយ​តំណាង​អយ្យការ​កាលពី​ថ្ងៃទី ២៧ ​ខែ​មិថុនា ឆ្នាំ ២០២០​។

លោក អ៊ាង ម៉េងលី ​មន្ដ្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា កន្លងមក​គណៈរដ្ឋមន្ដ្រី​បាន​បង្ហាញ​ឈ្មោះ​មន្ដ្រី​ដែល​ពាក់ព័ន្ធ​លើ​ករណី​រំលោភបំពាន​យក​ដី​រដ្ឋ​នេះ​ទៅ​ក្រសួង​មហាផ្ទៃ​រួចហើយ ដូច្នេះ​ក្រុមការងារ​អន្តរក្រសួង និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ត្រូវតែ​មាន​ការអនុវត្ដ​ច្បាប់ ចំពោះ​មន្ដ្រី​ពាក់ព័ន្ធ​ទាំងនោះ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព ចៀសវាង​ការរំលោភបំពាន​ដី​រដ្ឋ​បែបនេះ​បន្ត​កើតឡើង​ទៀត​។

លោក​ថ្លែងថា​៖ «​ការអនុវត្ដ​ច្បាប់​ត្រូវតែ​ធ្វើទៅ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ការពារ​ដី​រដ្ឋ​។ ខ្ញុំ​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អនុវត្ដ​ច្បាប់​បែបនេះ​។ បើ​ការអនុវត្ដ​ច្បាប់​មាន​ការខ្វះ​ចន្លោះ ហើយ​មិន​អនុវត្ដ​ចំពោះ​បុគ្គល ឬ​ក៏​បក្ខពួកនិយម​ដែល​ជា​មន្ដ្រី​ខិលខូច​នោះ វា​ជា​រូបភាព​មួយ​ដែល​អាក្រក់​បំផុត​»​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្តរក្រសួង​ថ្នាក់ជាតិ​ដែល​ចុះទៅ​ស្រាវជ្រាវ ករណី​កាប់​រាន ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​នេះ​ធ្វើឱ្យ​បាន​ស៊ីជម្រៅ​ថែមទៀត ព្រោះ​លោក​សង្កេតឃើញ​ថា ក្នុង​ខេត្ដ​នេះ​ការរំលោភ​យក​ដី​រដ្ឋ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ គឺ​កើតឡើង​ដោយ​អ្នកមានអំណាច​។ លោក​ថ្លែងថា​៖ «​មានតែ​មន្ដ្រី​ជំនាញ​នេះ​ទេ ដែល​ពួកគាត់​អាច​ដឹងថា ដី​នៅ​ចំណុច​ណាខ្លះ​ដែល​រង​ផលប៉ះពាល់​។ ចំណែក​ពលរដ្ឋ គឺ​រំពឹង​លើ​មន្ដ្រី​ជា​អ្នក​អនុវត្ដ​ច្បាប់​»៕