ភ្នំពេញៈ ក្រសួងកិច្ចការនារី គ្រោងផ្ដួចផ្ដើមបង្កើតក្រុមការងារមកពីអន្តរក្រសួងឆាប់ៗនេះដើម្បី តាមដាន ផ្សព្វផ្សាយ អប់រំ និងចាត់វិធានការលើអ្នកធ្វើសកម្មភាព ផ្សព្វផ្សាយ និងចែកចាយរូបភាព ឬវីដេអូ អាសអាភាស តាមបណ្ដាញសង្គមប្រព័ន្ធអនឡាញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យអប់រំអ្នកទាំងនោះ ប៉ុន្ដែសង្គមស៊ីវិលថា ជា ការបំបិទសិទ្ធិសេរីភាពលើស្ត្រី។
លោកស្រី ប៉ែន គន្ធា អនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងកិច្ចការនារី ថ្លែងកាលពីថ្ងៃទី ២៥ កុម្ភៈ ថា បន្ទាប់ពីមានអនុសាសន៍ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រុមការងារក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗទៀតបានជជែកគ្នារកវិធីទប់ស្កាត់ អប់រំ ផ្សព្វផ្សាយទៅលើសកម្មភាពរបស់អ្នកលក់ផលិតផលតាមអនឡាញ ដែលបញ្ចេញ និងប្រើប្រាស់រូបភាពអាសអាភាស សិចស៊ី ហួសហេតុ។ ក្រោយពិភាក្សា ក្រសួងកិច្ចការនារីគ្រោងផ្ដួចផ្ដើមបង្កើតក្រុមការងារមួយដែលមានសមាសភាព មកពីអន្តរក្រសួង រួមមាន ក្រសួងកិច្ចការនារី ក្រសួង ព័ត៌មាន ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្រសួងមហាផ្ទៃ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្រុមការងារ រួមគ្នាធ្វើការតាមដានផ្សព្វផ្សាយ អប់រំ ឬណែនាំ និងចាត់វិធានការរាល់សកម្មភាពទាំងឡាយដែលបញ្ចេញ និងប្រើប្រាស់ វីដេអូ រូបភាពអាសអាភាសលើបណ្ដាញសង្គមប្រព័ន្ធអនឡាញនានា។
លោកស្រី បញ្ជាក់ថា៖ «ប៉ុន្ដែមិនមែនជាគណៈកម្មការទេ។ អ៊ីចឹងក្រុមការងារនេះយើងបង្កើតឡើងដើម្បីពិនិត្យទៅលើបញ្ហាទាក់ទងការបង្ហាញភាពសិចស៊ីខ្លាំងពេកតាមអនឡាញ ឬដែលធ្វើឲ្យប្រតិកម្មពីមហាជន ដើម្បីកុំឲ្យប៉ះពាល់សង្គម វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រីខ្មែរ»។
លោកស្រី គន្ធា បន្ថែមថា ជាជំហានដំបូង ក្រសួងកិច្ចការនារីស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំក្រុមស្ត្រីដែលធ្លាប់បង្ហាញភាពសិចស៊ីតាមអនឡាញ ឬ បណ្ដាញសង្គមនានាជាមុនសិន។ ប៉ុន្ដែប្រសិនបើពួកគាត់មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចទេ នឹងអនុវត្តតាមច្បាប់។
លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថ្លែងថា លោកមិនទាន់បានទទួល ដំណឹងជុំវិញគម្រោងបង្កើតក្រុមការងារនេះទេ។ ប៉ុន្ដែក្រុមការងារក្រសួងវប្បធម៌បានប្រជុំគ្នាពីបញ្ហា នេះម្ដងរួចហើយ។
ទោះយ៉ាងណា លោកស្វាគមន៍ចូលរួមជាមួយក្រុមការងារជាអន្តរក្រសួងនេះ។ ទោះបីជាអ្នកលក់ផលិតផល តាមអនឡាញបង្ហាញភាពសិចស៊ី មិនមែនជាអ្នកសិល្បៈក៏ដោយ ប៉ុន្ដែវាក៏ពាក់ព័ន្ធជាមួយវប្បធម៌ដែរ។ ដូច្នេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏មានចំណែកចូលរួមដោះស្រាយជាមួយអាជ្ញាធរផ្សេងៗដែរ។
លោកបញ្ជាក់ថា៖ «ប្រសិនបើក្រុមការងារនេះបង្កើតបានមែន គឺជាការល្អណាស់ ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម រក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរយើង។ ម្យ៉ាងទៀត យើងក៏ចង់រក្សា តម្លៃលើស្ត្រីខ្មែរយើងដែរ។ ការដែលបង្ហាញភាពសិចស៊ីខ្លាំងពេក អាចធ្វើឲ្យមនុស្សប្រុសមួយចំនួនប្រព្រឹត្តអំពើផ្ដេសផ្ដាសមិនល្អ»។
កញ្ញា បុណ្យ រចនា នាយិកាប្រតិបត្តិនៃអង្គការក្លាហាន និងជាអ្នកស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធការរើសអើងលើស្ត្រីថ្លែងថា ការរឹតត្បិតសិទ្ធិសេរីភាពការបញ្ចេញមតិ ក៏ដូចជា ការបង្ហាញពីអារម្មណ៍ផ្នែករាងកាយរបស់អាជ្ញាធរ នឹងមិនជួយឲ្យសង្គមមានសន្ដិភាពពេញលេញ ឬមានការអភិវឌ្ឍប្រកបដោយស្ថិរភាពនោះទេ។ នេះអាចជាការហាមឃាត់ស្ត្រីពីការស្លៀកពាក់តាមជម្រើសចិត្តពួកគាត់។
កញ្ញាបន្តថា ប្រសិនមិនមានការបញ្ជ្រាបទស្សនទានយែនឌ័រនៅក្នុងកម្មវិធីអប់រំតាំងពីបឋមសិក្សាមកទេ វានឹងធ្វើឲ្យមានផ្នត់គំនិតសង្គមមួយដែលគិតថា បុរស មានតម្លៃលើសលប់ទៅលើខ្លួនប្រាណស្ត្រីដដែល។ ការគិតបែបនេះ វាគ្មានអ្វីក្រៅពីចង់ស្ដីបន្ទោស ឲ្យជនរងគ្រោះជាស្ត្រីទេ ខណៈអ្នកប្រព្រឹត្តបទល្មើសនានាភាគច្រើនជាបុរស។
កញ្ញារចនាថ្លែងថា៖ «ខ្ញុំមិនអាចបញ្ជាក់ថា ខ្ញុំចាប់អារម្មណ៍ ឬមិនចាប់អារម្មណ៍ចំពោះក្រុមការងារ ដែលអន្តរក្រសួងគ្រោងបង្កើតនេះទេ។ ប៉ុន្ដែបើក្រុមការងារ នេះបង្កើតឡើងក្នុងន័យរឹតត្បិតសេរីភាពស្ត្រី ខ្ញុំថាមិនចាំបាច់បង្កើតទេ ប៉ុន្ដែការបង្កើតឡើងក្នុងន័យអប់រំ ផ្សព្វផ្សាយ លើកកម្ពស់ស្ដ្រី និងបង្កើនសិទ្ធិសេរីភាពស្ដ្រី ទើបជារឿងចាំបាច់»។
ក្រសួងកិច្ចការនារី នៅថ្ងៃទី ២៥ កុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍មួយឲ្យដឹងថាវិធានការនេះ បាននិងកំពុងទទួលការសាទរពីមហាជន ព្រោះជាវិធានការ ដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និង ចែកចាយរូបភាពអាសអាភាស តាមបណ្ដាញសង្គមក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង។ វិធានការនេះ សំដៅការពារសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ជាពិសេសស្ដ្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទម្លាប់ប្រពៃណី ដ៏ល្អរបស់ជាតិ។ វិធានការនេះសំដៅលើករណីលក់ផលិតផលអនឡាញមួយចំនួនតូច ដែលប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ដែលមានចែងជាធរមាននិងមិនសំដៅរឹតបន្ដឹងសិទ្ធិសេរីភាពរបស់ស្ដ្រីខ្មែរនោះទេ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្ដរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី កាលពីថ្ងៃទី ១៧ កុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការអប់រំដល់អ្នកលក់ផលិតផលតាមអនឡាញ ដែលប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការជាក់លាក់ណាមួយ។
រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនស្ដ្រីលក់អនឡាញម្នាក់ស្លៀកពាក់សិចស៊ី ដែលធ្វើឲ្យមានការរិះគន់តាមបណ្ដាញសង្គមបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ក្រោយធ្វើការអប់រំ និងណែនាំនៅតែមិនអនុវត្តតាម៕
វីដេអូ៖