មណ្ឌលគិរីៈ ក្រុមការងារ​អន្តរក្រសួង​សរុប​ប្រមាណ​ ៥៥០ ​នាក់ ​នឹង​ចុះទៅ​អនុវត្ដ​ផែនការ​ចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​មណ្ឌលគិរី​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃទី​ ២៨ ​ខែ​កក្កដា​។

សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ស្ដីអំពី​ការផ្សព្វផ្សាយ និង​អនុវត្ត​ផែនការ​ចុះបញ្ជី​ដីធ្លី ការដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​នៅ​ខេត្ត​មណ្ឌលគិរី​។ កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​ខេត្តមណ្ឌលគិរី​នេះ ដឹកនាំ​ដោយ​លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ចូលរួម​ដោយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​រួម​នឹង​ក្រុមការងារ​អន្តរក្រសួង​សរុប​ប្រមាណ​ ៥៥០ ​នាក់​ទៀត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​បញ្ជាក់​ថា​៖ «​ក្រុមការងារ​អន្តរក្រសួង​សរុប​ប្រមាណ ៥៥០ នាក់​ក្នុង​នោះ​ក្រុមការងារ​វាស់វែង​របស់​ក្រសួង​រៀបចំ​ដែនដី​ប្រមាណ ៣០០ ​នាក់​ក្រុម​ការងារ​ក្រសួងកសិកម្ម​ ៥០ ​នាក់ និង​ក្រុម​ការងារ​ក្រសួងបរិស្ថាន​ប្រមាណ ២០០ នាក់​»​។

សេចក្ដី​ប្រកាស​ដដែល​ថា ក្រុម​ការងារ​នឹង​ប្រើប្រាស់ ឧបករណ៍​វាស់វែង​ដីធ្លី T 300 Plus GNSS ដែល​មាន​ភាពជាក់លាក់​ខ្ពស់​ក្នុង​ការវាស់វែង​តាមរយៈ​ការចាប់​យក​ទិន្នន័យ​ពី​ផ្កាយរណប​។ ក្រុម​ការងារ​របស់​ក្រសួង​រៀបចំ​ដែនដី​នឹង​ធ្វើ​ការវាស់វែង និង​ចុះបញ្ជី​ដី​រដ្ឋ​ដែល​នៅ​សេសសល់​តាម​ការចង្អុល​បង្ហាញ​ព្រំដី​របស់​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន​ដែល​ជា​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ក្រុមការងារ​នឹង​វាស់វែង និង​ប្រមូល​ទិន្នន័យ​ដី ដែល​ប្រជាពលរដ្ឋ​កាន់កាប់​ជាក់ស្ដែង​ក្នុង​ទីតាំង​ដី​រដ្ឋ​ចុះបញ្ជី​ដី​ប្រជាពលរដ្ឋ​ដែល​កាន់កាប់ និង​អាស្រ័យផល​យូរ​មកហើយ ដែល​នៅ​សេសសល់​តាម​ភូមិ និង​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ព្រមទាំង​ដោះស្រាយ​វិវាទ​ដីធ្លី និង​គាំទ្រ​ការរៀបចំ​ផែនការ​ប្រើប្រាស់​ដី​ក្នុង​ខេត្ត​នេះ​»​។

លោក សេង ឡូត និង​លោក ឡោ ដាវុធ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​កិច្ចប្រជុំ​ខាងលើ​នេះ​បានទេ​កាលពី​ថ្ងៃទី​ ២៨ ខែ​កក្កដា​ដោយសារ​ទូរស័ព្ទ​របស់​លោក​ទាំង​ ២ ​គ្មាន​អ្នកទទួល​។

ប៉ុន្ដែ​លោក ជាក់ ម៉េងហ៊ាង ​អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​សាលា​ខេត្ដ​មណ្ឌលគិរី​បាន​ថ្លែងថា កិច្ចប្រជុំ​ដែល​បាន​ដឹកនាំ​ដោយ​លោក ជា សុផារ៉ា បាន​ដាក់​ចេញ​នូវ​យន្តការ​មួយ​ចំនួន​ដូចជា​ចុះ​អនុវត្ដ​ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ចុះបញ្ជី​ដី​របស់​រដ្ឋ​កំណត់​ផែនការ​រៀបចំ​ដី​ក្នុង​ខេត្ដ​មណ្ឌលគិរី និង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជាដើម​។

លោក​ថ្លែងថា​៖ «​តាម​ផែនការ​ដែល​បានដាក់​ចេញ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា គឺ​ឱ្យ​អនុវត្ដ​ការងារ​នេះ​ចាប់ពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ទៅ​តែ​ម្ដង និង​ប្រើ​រយៈពេល ១៨ ថ្ងៃ​ដើម្បី​ចុះ​ស្រង់​ទិន្នន័យ និង​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​រស់នៅ​ជាក់លាក់​ឱ្យ​បាន​ចប់​រួចរាល់​តាម​ផែនការ​កំណត់​»​។

លោក ម៉េងហ៊ាង ​បាន​ឱ្យ​ដឹងថា ការងារ​នេះ​ក្រុមការងារ​អន្តរក្រសួង​ថ្នាក់ជាតិ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​នៅ​មូលដ្ឋាន​នឹង​ចុះ​ស្រង់​ទិន្នន័យ កំណត់​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ទើប​យក​លទ្ធផល​ប្រគល់​ទៅ​ក្រុម​ការងារ​ថ្នាក់ជាតិ​ជា​អ្នក​សម្រេច​លើ​ការកំណត់​ចំពោះ​ការបែងចែក​ដីធ្លី ឬ​ដោះស្រាយ​បញ្ហា​យ៉ាងណា​។

ក្រោយ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៨ ខែ​កក្កដា​ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​បង្ហាញ​របាយការណ៍​លើ​ហ្វេសប៊ុក​របស់​ក្រសួង​ថា កិច្ចប្រជុំ​អន្តរក្រសួង​នេះ​បាន​ពិភាក្សា​ស្វែងរក​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ច្បាស់លាស់​ត្រឹមត្រូវ​ពិតប្រាកដ​សមស្រប​តាម​នីតិវិធី​ច្បាប់ និង​នីតិវិធី​រដ្ឋបាល​ក្នុង​ការគ្រប់គ្រង និង​ចុះបញ្ជី​ដី​រដ្ឋ ដី​ឯកជន​របស់​ប្រជាពលរដ្ឋ និង​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​តាម​ការសិក្សា​ស្រាវជ្រាវ​ជា​បន្តបន្ទាប់​របស់​រដ្ឋបាល​ព្រៃឈើ​បង្ហាញ​ថា ការទន្ទ្រាន​កាន់កាប់​ដី​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន​ក្រោម​ហេតុផល​កង្វះ​ដី​បង្កបង្កើនផល និង​ពង្រីក​លំនៅឋាន​ជាដើម​។ កត្តា​ទាំងនេះ បាន​ជះឥទ្ធិពល​ដល់​ដីព្រៃឈើ​របស់​រដ្ឋ ហើយ​បង្កើត​ចលនា​នៃ​ការរំលោភ​ដីព្រៃឈើ​»​។

លោក​ សាខុន បាន​បន្ថែមថា ចលនា​នៃ​ការរំលោភ​ដីព្រៃ​ឈើ​នេះ​កើតឡើង​តាម​រូបភាព​ដូចជា អ្នក​ខ្វះខាត​ដី​ពិតប្រាកដ​បាន​កាប់​រាន​ដីព្រៃ​ឈើ អ្នកកាប់រាន​ដីព្រៃ​ឈើ​ហើយ​លក់​រួច​កាប់​រាន​បន្ត​ទៀត ការបញ្ជាក់​លើ​លិខិត​ទិញ-លក់​ដី​ព្រៃឈើ និង​ការឃុបឃិត​គ្នា​កាប់​រាន និង​ហ៊ុមព័ទ្ធ​ដីព្រៃឈើ​ជាដើម​។

លោក​ អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​អង្គការ​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា វិវាទ​ដីធ្លី​ក្នុង​ខេត្ដ​ភាគច្រើន​បង្កឡើង​ដោយ​ក្រុមហ៊ុន​ធំៗ​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ និង​ក្រុមមន្ត្រី​មាន​អំណាច ដោយ​មាន​ការសហការ​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ទើប​អាច​មាន​ការចេញលិខិត​ស្នាម​ទិញ-លក់​ដីធ្លី​របស់​រដ្ឋ​បាន​។

លោក​បញ្ជាក់ថា​៖ «​ការអនុវត្ដ​ច្បាប់​ត្រូវតែ​អនុវត្ដ​ចំពោះ​បុគ្គល ឬ​អាជ្ញាធរ​ដែល​ឃុបឃិត​គ្នា​នោះ ត្រូវ​តែ​អនុវត្ដ​ច្បាប់​។ កុំឱ្យ​មាន​ការរើសអើង​។ បើសិន​ជា​មាន​ការរើសអើង​បែបនេះ គឺ​បញ្ជាក់ថា​ប្រទេស​យើង​ត្រូវតែ​សង្កត់ធ្ងន់​មកលើ​បញ្ហា​មន្ដ្រី​ខូចខិល​នេះ​»​។

បើ​តាម​លោក ម៉េងលី នៅក្នុង​ខេត្ដ​មណ្ឌលគិរី​ «​យើង​ឃើញ​មាន​ច្រើន​ទាក់ទង​ទៅនឹង​ការចេញ​លិខិតស្នាម​ទិញ-លក់​ដីធ្លី​របស់​រដ្ឋ​នេះ​»៕