ស្វាយរៀងៈ ខណៈ​ដែល​អង្គការ​ជាតិ​អន្តរជាតិ សហគមន៍​អន្តរជាតិ​ក៏​ដូចជា​អង្គការ​សហប្រជាជាតិ​បាន​និង​កំពុង​រិះគន់ និង​ចាត់ទុក​ការឃុំ​ខ្លួន​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា​គឺ​លោក កឹម សុខា ថា​ជា​រឿង​នយោបាយ ហើយ​ចាប់​ដោយ​បំពាន​ច្បាប់​ដែល​ទាមទារ​ឲ្យ​ដោះលែង​ជាបន្ទាន់​ក្តី ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​តែ​អះអាង​ថា​លោក​កំពុង​ធ្វើ​ត្រូវ​រាល់​ការអនុវត្ត​ច្បាប់​ក្នុង​ទិសដៅ​បន្ត​ការពារ​សន្តិភាព​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ពី​ម្សិលមិញ​របស់​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ (FIDH) ​ឲ្យ​ដឹង​ថា​អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា ការឃុំ​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺជា​ការបំពាន​ច្បាប់ ហើយ​បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​លោក​ កឹម សុខា ជាបន្ទាន់​ និង​ឥត​លក្ខខណ្ឌ​។ ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ​ស្តីពី​ការឃុំ​ខ្លួន​ដោយ​បំពាន​ (WGAD) ក៏​បាន​អំពាវនាវ​អាជ្ញាធរ​កម្ពុជា​ផ្តល់​នូវ​សំណង​ជំងឺ​ចិត្ត​ដល់​លោក​ កឹម សុខា ចំពោះ​ការឃុំ​ខ្លួន​លោក​ដោយ​បំពាន​ដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​អន្តរជាតិ​។

ការប្រកាស​របស់ WGAD ដែល​បាន​អនុម័ត​កាលពី​ថ្ងៃទី​ ១៩ មេសា ឆ្នាំ​ ២០១៨ ដែល​ជា​ការឆ្លើយតប​ទៅ​នឹង​បណ្តឹង​របស់ FIDH កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៧ បាន​ហៅ​ការ​ចាប់​ខ្លួន និង​ការឃុំ​ខ្លួន​លោក​ កឹម សុខា ជា​ «​រឿង​នយោបាយ​»​។

ស្ថាប័ន​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​សរសេរ​ថា​៖ «​អ្វី​ដែល​កើតឡើង​គឺជា​និន្នាការ​នៃ​ការកើនឡើង​នៃ​ការបង្ក្រាប ការរិះគន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​» ​ដែល​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​។

WGAD ក៏​បាន​បង្ហាញ​ «​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​» ​ចំពោះ​បញ្ហា​សុខភាព​លោក​ កឹម សុខា ដែល​ទទួល​រង​ការឈឺចាប់​ដោយសារ​ជំងឺ​ឆ្អឹង​កៀប​សរសៃ​ និង​ស្មា សម្ពាធ​ឈាម​ឡើង​ខ្ពស់ ព្រម​ទាំង​ការ​កើន​ជាតិ​ស្ករ​ក្នុង​ឈាម​ជាដើម​។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ធានា​ថា​លោក​ កឹម​ សុខា នឹង​ទទួល​បាន​ការព្យាបាល​បញ្ហា​សុខភាព​ត្រឹមត្រូវ​ «​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​» ​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​។

លោក​ កឹម សុខា បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ជិត​ព្រំដែន​ប្រទេស​វៀតណាម បន្ទាប់ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​តាំងពី​ដើម​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ដោយ​ចោទ​ពីបទ​ «​ក្បត់ជាតិ​» ​ប៉ុន្តែ​ត្រូវ​មជ្ឈដ្ឋាន​ជាច្រើន​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​។

ជាង​នេះ​ទៀត​លោកស្រី Debbie Stothard អគ្គលេខាធិការ​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​​ (FIDH) ​បាន​សរសេរ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា​ «​ការឃុំ​ខ្លួន​បណ្ណោះអាសន្ន​រយៈពេល​ ៨ ​ខែ​លើ​លោក​ កឹម សុខា គឺ​មិន​ត្រឹម​តែ​ជា​ការ​បំពាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ភាព​អាម៉ាស់​ និង​ឃោរឃៅ​។ លោក​ កឹម សុខា មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ និង​ត្រូវ​បាន​ដាក់​ទោស​ទាំង​ស្រុង​សម្រាប់​ការប្រយុទ្ធ ឥត​ឈប់ឈរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ គាត់​ត្រូវ​តែ​បាន​ដោះលែង​ជា​បន្ទាន់​ជាមួយ​នឹង​សមាជិក និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ជាប់​ឃុំឃាំង​»​។

ដោយឡែក​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ប្រមាណ ២៨៥០០ នាក់​មកពី​រោងចក្រ សហគ្រាស​ចំនួន​ ២៦ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង​កាលពី​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អះអាង​ថា​ «​ពួកអ្នក​ដែល​ចង់​ផ្តួល​រំលំ គឺ​គេ​ខិតខំ​ធ្វើការ​ញុះញង់​គ្រប់​វិធី​ទាំងអស់​»​។

លោក​បន្ត​ថា​ បើ​មាន​វត្តមាន​របស់​លោក​គឺ​ពិបាក​នឹង​បំផ្លាញ​សន្តិភាព​ណាស់​ទើប​បាន​ជា​ «​ពួក​ប្រឆាំង​ប្រមូល​ផ្តុំ​គ្នា​វាយប្រហារ​លោក​ដោយសារ​លោក​បាន​រារាំង​សកម្មភាព​បំផ្លាញ​ជាតិ​របស់​ពួកគេ ហើយ​លោក​ក៏​មិន​ភ្ញាក់ផ្អើល​ដែរ​នូវ​ការ​ដែល​ពួកគេ​ជេរ​នោះ​។

លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «​តម្លៃ​សន្តិភាព​នៅ​ទី​នេះ​គឺ​វា​ធំធេង​ខ្លាំង​ណាស់ មិនមែន​គ្រាន់តែ​សម្រាប់​អ្នក​ណាម្នា​ក់​ទេ គឺ​សម្រាប់​ទាំងអស់​គ្នា​បាត់​សន្តិភាព​គឺ​បាត់​អ្វីៗ​ទាំងអស់​។ អ្នក​ខ្លះ​និយាយ​សុទ្ធ​តែ​ប្រជាធិបតេយ្យ និង​និយាយ​សុទ្ធតែ​ពី​សិទ្ធិមនុស្ស ក៏​ប៉ុន្តែ​គេ​បាន​សួរ​ទេ​ថា​នៅពេល​ដែល​អ្នកឯង​ទម្លាក់​គ្រាប់បែក​លើ​ក្បាល​ប្រជាជន ខ្ញុំ តើ​អ្នកឯង​មាន​បាន​គិតពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ទេ​? ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​វា​បាន​កើតឡើង​តែ​ក្នុង​ប្រទេស​មាន​សន្តិភាព​ប៉ុណ្ណោះ​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​គ្មាន​អ្នកណា​ជេរ​ពូ​ច្រើន​ជាង​ប៉ុលពត​ទេ​ដោយសារ​ប៉ុលពត​វា​ចាញ់​នៅ​ក្រោម​ដៃ​របស់​ពូ ប៉ុន្តែ​ទី​បំផុត​ ប៉ុល ពត ​ស្លាប់​រក​ដី​កប់​មិន​បាន​ផង ហើយ​ទី​ចុង​បំផុត​មេដឹកនាំ​ប៉ុលពត ក៏​ត្រូវ​បាន​កាត់ទោស​នៅក្នុង​តុលាការ​កូនកាត់​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​។ អ៊ីចឹង​អ្នកឯង​ជេរ​កាន់តែ​ខ្លាំង ខ្ញុំ​យល់​ថា​ខ្ញុំ​ធ្វើ​កាន់​តែ​ត្រូវ ព្រោះ​ខ្ញុំ​មាន​ទ្រឹស្ដី​មួយ​របស់​ខ្ញុំ​ដែរ ពេល​ដែល​សត្រូវ​សរសើរ​គឺ​ខ្ញុំ​ធ្វើ​ខុស​ពេល​ណា​សត្រូវ​ជេរ​កាន់តែ​ខ្លាំង​គឺ​ខ្ញុំ​កំពុង​តែ​ធ្វើ​ត្រូវ​។ នេះ​គឺជា​រឿង​ពិត អ៊ីចឹង​សូម​អ្នក​ឯង​ជេរ​ទៀត​មក ជេរ​ថែម​ទៀត​មក ប៉ុន្តែ​ជេរ​មិន​ស្រួល រាសី​មិន​ដល់ រន្ទះបាញ់​ងាប់​»​។

លោក​ អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក​ស្វាគមន៍ និង​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ និង​ថា លោក​ កឹម សុខា គួរ​ត្រូវ​បាន​ដោះលែង​ជា​បន្ទាន់​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​យើង​ឃើញ​ថា​វា​ជា​ការបំពាន​ច្បាប់​ទាំង​នីតិវិធី​ក្នុង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ព្រោះ​ការឃុំ​ខ្លួន​លោក​ កឹម សុខា ៦ ​ខែ​ក្រោយ​នៅ​តែ​គ្មាន​ភ័ស្តុតាង ដាក់​បន្ទុក​ទេ ហើយ​នៅ​តែ​បន្ត​ឃុំខ្លួន​។ តាមច្បាប់​គាត់​គួរ​តែ​នៅ​ក្រៅ​ឃុំ បើ​ចង់​បន្ត​រក​ភ័ស្តុតាង​អី​បន្ត​រក​ទៀត​ទៅ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​មនុស្ស​គ្មាន​ទោស​មិន​គួរ​នៅក្នុង​មន្ទីរ​ឃុំឃាំង​ទេ​»​។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ដែល​ថា​នៅ​ពេល​មាន​ការ​រិះគន់​លោក​កាន់​តែ​ខ្លាំង​គឺ​លោក​កំពុង​ធ្វើ​ត្រូវ​នោះ លោក ​អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ថា​៖ «​ស្រុក​គេ​ធ្វើ​រូប​លោក​ ដូណាល់ ត្រាំ ស្រាត​កណ្តាល វាល​...​គ្មាន​ពី​ណា​ទៅ​ចាប់​គេ​ដាក់​គុក​ទេ ប៉ុន្តែ​ស្រុក​យើង​ឲ្យ​តែ​អ្នក​ណា​និយាយ​ប៉ះពាល់​អី ទៅ​ចាប់​គ្នា​ដាក់គុក រិះគន់​ចាប់​គ្នា​ដាក់​គុក​។ បើ​គេ​សរសើរ​រហូត​មនុស្ស​លែង​ដឹង​ខុស​ហើយ​...​ចេះ​តែ​នាំ​គ្នា​ហៃអើ ប្រទេស​ជាតិ​នឹង​ធ្លាក់ទឹក​»​។

លោក​ ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​សេចក្ដី​ថ្លែងការណ៍​ទាំងនេះ​អាច​មាន​ចេតនា​នយោបាយ​នៅ​ពី​ក្រោយ​ ដោយសារ​តែ​ការបោះឆ្នោត​ជាតិ​ជិត​ខិត​មក​ដល់​។ អង្គការ​អន្តរជាតិ​នេះ​ហាក់​លម្អៀង​ដោយ​លើក ទឡ្ហីករណ៍​ស្រប​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ច្បាប់​គណបក្ស​ប្រឆាំង​ និង​មិន​ទទួល​យក​ការពន្យល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ខាង​រដ្ឋាភិបាល​ និង​តុលាការ​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​បញ្ជាក់​ថា​វា​ជា​បទល្មើស​ជាក់ស្ដែង គាត់​យក​តែ​ភាគី​តែ​ម្ខាង​មក វា​មិន​មាន​តុល្យភាព​ទាល់​តែ​សោះ​»​។

លោក​បន្ត​ថា​៖ «​ជា​រួម​បើ​និយាយ​ពី​ចេតនា​នយោបាយ អាច​មាន​ចេតនា​នយោបាយ​ដោយសារ​វា​ខិត​ជិត​ការបោះឆ្នោត បើ​និយាយ​ពី​ខ្លឹមសារ​មូលដ្ឋាន​ច្បាប់​គឺ​ថា គាត់​អត់​មាន​បាន​ធ្វើការ​សិក្សា​លម្អិត​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​របស់​កម្ពុជា​ដោយ​គាត់​លើក​ឡើង និង​សូត្រ​តាម ឬ​ក៏​សរសេរ​តាម​ពី​អ្វី​ដែល​ក្រុម​បក្សប្រឆាំង​លើក​ឡើង​តែ​ប៉ុណ្ណោះ​»៕